Header Ads

កំប្លោក មានសារៈប្រយោជន៍ច្រើនយ៉ាង និងអាចរកចំណូលបានជាប្រចាំ

ភ្នំពេញៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ


 នៅក្នុង​ទីផ្សារ កំប្លោក កំពុងមានតំរូវការជាចាំបាច់ និងអាចរកចំណូលបានជារៀងរាល់ថ្ងៃ ​ព្រោះដោយ​សារកំប្លោក​​ ត្រូវបានគេយកមកកែច្នៃធ្វើជាវត្ថុធាតុដើមផ្សេងៗ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

 កំប្លោកត្រូវបានគេកាត់យកមកពីក្នុងបឹង ឬទន្លេ បន្ទាប់មកគេយកវាហាលថ្ងៃឲស្ងួត ទើបវាក្លាយទៅ​ជា​ចំណងខ្សែ យ៉ាងស្វិតបំផុត។ អតិថិជនតែងតែនាំគ្នាទិញខ្សែកំប្លោកនេះ យកទៅចងរបស់របរ​ ជា​ពិសេស គេយកវាចង​សាច់ក្រក់លក់ ព្រោះខ្សែកំប្លោក ជាចំណងដែលកើតចេញពីធម្មជាតិ បើទោះ​បីគេយកសាច់ក្រក់នោះ ទៅអាំង ជៀន ក៏វាមិនប៉ះពាល់ដល់សុខភាពដែរ  ហើយក៏មានរស់ជាតិឈ្ងុយ​ឆ្ងាញ់ ដោយខុសពីខ្សែលីឡុង មានជាតិគីមី ពេលយកទៅអាំង ជៀន ឆេះឈ្ងៀម មិនអាចយកមក​ទទួល​ទានឆ្ងាញ់បានឡើយ។


អ្នកស្រី សម្បត្តិ ដែលប្រកបមុខរបរធ្វើចំណងពីកំប្លោកនេះ ជិតម្ភៃឆ្នាំមកហើយ រស់នៅក្នុងខេត្តស្វាយ​រៀង តែមកប្រកបមុខរបរជាអ្នកកាត់កំប្លោកធ្វើខ្សែចំណងលក់ នៅក្នុងបឹងជើងឯកជារៀងរាល់ឆ្នាំ។

អ្នកស្រី បានលើកឡើងថា ចំណងកំប្លោកនេះត្រូវហាថ្ងៃឲ្យស្ងួត ចាប់ពីមួយអាទិត្យ ទៅដប់ថ្ងៃ ទើប មាន​ឈ្មួញមក​ទទួលទិញ ក្នុងមួយបាច់ធំ​បានថ្លៃ ២០០០០រៀល ទៅ ២៥០០០រៀល ហើយក្នុងមួយ​ខែ​ៗ អាចរកចំណូលបានពី ៥០ម៉ឺនរៀលផងដែរ។

ចំណែកប្អូនប្រុស ឃួយ ដែលប្រកបមុខរបរនេះដូចគ្នា ទើបតែបានពីរឆ្នាំ បាននិយាយថា កំប្លោកពេល​ដែលកាត់យកមកត្រូវហាថ្ងៃតិចបំផុត៤ថ្ងៃ ទើបដឹកទៅលក់នៅម្តុំឯវត្តស្លែង ដែលជាទីតាំងធំ ដែល​ទិញខ្សែចំណងកំប្លោកនេះ។ មុខរបរនេះ  រកទាំងពីជីតា និងជីដូន របស់គាត់មកម៉្លេះ ហើយអាចរក ចំណូល​​បានក្នុងមួយខែ ចំនួន៣០០ដុល្លារ ជាមុខរបរមួយដែ​ល​គ្រាន់បើជាងធ្វើកម្មករសំណង ដែល​មាន​សេរីភាពបរិបូរណ៍ ទៅតាមចំណង់ចំណូលចិត្តយើងចង់ធ្វើ។ កំប្លោក បានផ្តល់សារៈប្រយោជន៍​យ៉ាង​​ច្រើន ដូចជាស្លឹកសម្រាប់វេចខ្ចប់ ដើមសម្រាប់ធ្វើចំណង​ ឬគ្រឿងសង្ហារឹមផ្សេងៗ និងផ្កា គឺជាអន្លក់ឆ្ងាញ់បំផុត៕

No comments

Powered by Blogger.