Header Ads

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន​បទ អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវខូចខាត ដោយទឹកជំនន់ នៅស្រុកថាឡាបរីវ៉ាត់ និងរាជ​រដ្ឋា​​ភិបាលអាណត្តិទី៦នេះ មានការកំណែទម្រង់ជាច្រើនវិស័យ

ខេត្តស្ទឹងត្រែងៈ

ដោយ៖ ឌឹម គឹមហាក់


 រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្ដេច ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធ​សាស្រ្ដ​ចតុ​កោណដំណាក់កាលទី៤ ដែលជាអាណត្តិត្រូវធ្វើការកំណែទម្រង់ជាច្រើនវិស័យ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់​ប្រជា​ពល​​រដ្ឋ កាន់តែល្អប្រសើរឡើង និងរស់នៅក្នុងភាពសុខុដុមក្នុងក្រុមគ្រួសារ។

នាពេលថ្មីនេះ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ   បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ ដែលរងការខូចខាតដោយសារទឹក​ជំនន់ ចំនួន ២ខ្សែ​​​ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក ព្រំ ចន្ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ដោយសារតែទឹកជំនន់ទន្លេមេគង្គជន់ខ្លាំង​ទើបបណ្ដាឲ្យហេដ្ឋារចនាសម្ព័ន្ធ  ផ្លូវ ស្ពាន ប្រព័ន្ធលូដោះទឹក នៅក្នុងស្រុក ថាឡាបរិវ៉ាត់  ដែលគ្រប់គ្រងដោយក្រសួង​អភិវឌ្ឍន៍​​ជនបទ បានទទួលរងការខូចខាតជាច្រើនខ្សែ។ ជាក់ស្ដែងផ្លូវក្រាលក្រួសអាចម៍ផ្កាយចំនួន ២ខ្សែ ដែលបាន​សាងសង់​ដោយក្រសួងអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំកន្លងទៅ ត្រូវបានទឹកហូរកាត់ផ្ដាច់ និងលិចមិនអាចធ្វើចរាចរណ៍បាន ក្នុងនោះមានផ្លូវប្រវែង ៨គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៩ ចាប់ពីសាលាស្រុកថាឡាបរិវ៉ាត់ ទៅដល់ភូមិអូរត្រែល ឃុំ​ថាឡាបរិវ៉ាត់ និងផ្លូវមួយខ្សែទៀត ជាប្រភេទផ្លូវក្រាលក្រួសអាចម៍ផ្កាយប្រវែង ៣៧គីឡូម៉ែត្រ និង៦០០ម៉ែត្រ តភ្ជាប់ពីផ្លូវ​ជាតិលេខ៩ ត្រង់ចំណុចភូមិស្រែឬស្សី ឃុំស្រែឬស្សី ទៅដល់ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ក៏ខូចស្ទើរតែទាំងស្រុង ដោយសារជំនន់ទឹកភ្លៀងនេះដែរ។


លោក អ៊ុក រ៉ាប៊ុន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន​បទ បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយទឹកជំនន់ទន្លេមេគង្គបន្តឡើងជាបន្តបន្ទាប់ បង្កឲ្យមានទឹកជំនន់លិចដំណាំស្រូវ និងដំណាំផ្សេងៗក្នុងភូមិ ឃុំ សង្កាត់​ស្រុក មួយចំនួននៃខេត្តជាប់ទន្លេមេគង្គ និងទន្លេសាប បានបណ្ដាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន រួមមានផ្លូវ ស្ពាន និងសំណង់ផ្សេងៗទៀត ដែលជាបន្ទុករបស់រាជរដ្ឋាភិបាល។ ដូច្នេះក្រសួងអភិវឌ្ឍន៍ជនបទ​ នឹងចាត់បញ្ជូនក្រុម​ការ​ងារ​​បច្ចេកទេស ចុះធ្វើការសិក្សាស្រង់ទិន្នន័យពីទំហំនៃការខូចខាត និងដើម្បីងាយស្រួលដល់ការលើកគម្រោងជួសជុល និងកែលម្អឡើងវិញផងដែរ៕
 

No comments

Powered by Blogger.