Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ពាន ២កន្លែង រងការខូចខាតធ្ងន់ធ្ងរ ដោយសារទឹកជំនន់ នៅស្រុកទឹកឈូក


ខេត្តកំពតៈ

ដោយ៖ សេង ស៊ីដារ៉ូ


ជំនន់ទឹកភ្លៀង​នាពេលថ្មីៗនេះ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ មួយចំនួននៅតាមបណ្ដាស្រុក ក្នុងខេត្តកំពត រងការខូចខាត    ធ្ងន់ធ្ងរ។​

ដោយសារតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុង​រយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវ ស្ពានមួយចំនួន​ទទួល​​រងការខូចខាតយ៉ាងខ្លាំង។ ដូច្នេះហើយទើប រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  រួមដំណើរដោយ លោកសួស គង់ រដ្ឋ​លេខា​ធិការក្រសួង អភិវឌ្ឍន៍​ជនបទ និងលោក ជាវ តាយ អភិបាលនៃគណៈអភិបាល​ខេត្តកំពត ព្រមទាំងមន្រ្ដីបច្ចេកទេស បានអញ្ជើញ ចុះទៅពិនិត្យស្ថានភាព ស្ពានចំនួន ២ កន្លែង នៅស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។

លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានឲ្យដឹងថា ដោយសារតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃនេះ​ ទើបធ្វើឲ្យមានជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ដែលបណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ ស្ពានមួយ​ចំនួន​ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទឹកតាមដងស្ទឹងកែវ ឡើងគម្ហុកតែម្ដង បានធ្វើឲ្យបាក់ស្ពានចំនួន ២កន្លែង មានស្ពាន ស្ទឹងកែវប្រវែង ៧០ម៉ែត្រ ធ្វើអំពីឈើត្រូវបាក់ដាច់ផ្នែកកណ្ដាលស្ទឹង មិនអាចឆ្លងកាត់បានទេ និងស្ពានធ្វើអំពីឈើមួយ​កន្លែង​​ទៀត គឺស្ពានអន្លង់ម៉ាក់ប្រាំង មានប្រវែង ៦០ម៉ែត្រ ក៏ត្រូវបាក់ផ្នែកកណ្ដាល បច្ចុប្បន្នប្រជាពលរដ្ឋក្នុងភូមិ បាន​សហការគ្នាជួសជុលឡើងវិញ ដើម្បីប្រើប្រាស់ជាបណ្ដោះអាសន្នសិន ដោយ លោក ជាវ តាយ អភិបាលនៃគណៈអភិបាល​ខេត្តតំពត ជួយឧបត្ថម្ភចំនួន ៣០០ ដុល្លារ។ 

លោក អ៊ុក រ៉ាប៊ុន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងការសោកស្ដារចំពោះគ្រោះមហន្ដរាយនេះ និងបានជម្រាប​ជូន​អាជ្ញាធរមូលដ្ឋានថា ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចាត់បញ្ជូនក្រុមការងារបច្ចេកទេស ចុះមកធ្វើការសិក្សា ដើម្បីសុំគោលការ​ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើការសាងសង់ស្ពាននេះឡើងវិញ ដោយសង់អំពីបេតុងតែម្ដង នៅពេលទឹកតាមដងស្ទឹងនេះ ចាប់ផ្ដើមស្រក។

ចំណែកស្ថានភាពអាកាសធាតុ នៅខេត្តកំពតវិញ កំពុងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បង្កឲ្យមានទឹកជំនន់លិចភូមិ ឃុំ សង្កាត់ មួយចំនួន ក្នុងនោះបានបណ្ដាលឲ្យខូចខាត នូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន រួមមានផ្លូវ ស្ពាន និងសំណង់​សិល្បកា ដោយឡែកផ្លូវដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ប្រមាណ ៥១ខ្សែ នៅក្នុងក្រុងកំពត ស្រុកទឹកឈូ  ស្រុកកំពង់ត្រាច  ស្រុកដងទង់ ស្រុកជលគីរី និងស្រុកឈូក ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ៕



No comments

Powered by Blogger.