Header Ads

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រជុំបូកសរុបលទ្ធផល បេសកកម្មរបស់ធនាគាពិភពលោក នៃការអនុវត្តគម្រោង​គ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ចំណាយថវិកាសរុប ៦០ លានដុល្លារ អាមេរិក រយៈពេល ៥ឆ្នាំ (២០១៨-២០២២)

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


លោកស្រី ZuzanaStaton–Gddes ប្រធានក្រុមបេសកកម្មរបស់ធនាគារពិភពលោក បានបញ្ជាក់ កាល​ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៨ ថា ក្នុងឳកាសប្រជុំបូកសរុបលទ្ធផល​បេសកកម្មរបស់ធនាគា​ពិភព​លោក ក្នុងការត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងគ្រោះមហន្តរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍​នៅ​ទី​ស្ដី​ការ​ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈបែបបទ និងលិខិតស្នាមគតិយុត្ត និងចរន្តនៃថវិកា គម្រោង​នេះ​នឹងបានកំពុងដំណើរការបានល្អតាមផែនការ ដែលបានគ្រោងទុក ហើយលោកស្រី​មានសុទិដ្ឋិនិយម​ថា គម្រោងនេះនឹងចាប់ផ្ដើមដំណើរការសាងសង់ផ្លូវ នៅក្នុងខេត្តគោលដៅទាំង ៦ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ ២០១៩។ លោកស្រី បានសម្ដែងនូវការរីករាយ និងវាយតម្លៃខ្ពស់ ​ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាង​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោកព្រមទាំងភាគីពក់ព័ន្ធ​ដ៏ទៃទៀត ។ ​

លោក អ៊ុក រ៉ាប៊ុន ​ ជារដ្ឋមន្ត្រីនៃក្រសួងអភិវឌ្ឍន៍ បានមានប្រសាសន៍ថា គម្រោងគ្រោះមហន្តរាយ​នៅ​កម្ពុជា និងអាស៊ីអាគ្នេយ៍​ គឺជាគម្រោងមួយ ​មានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយដងទន្លេមេគង្គ ដែលងាយរងគ្រោះដោយទឹកជំនន់ និងភាពរាំងស្ងួត ដោយផ្ដោតទៅលើ​ការកសាង និងស្ដារហេដ្ឋាសម្ព័ន្ធផ្លូវ ថ្នល់ ស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល។​

លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ធនាគារពិពភលោក និងមន្រ្ដីអនុវត្តគម្រោងទាំងថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត ដែលបានខិតខំបំពេញភារកិច្ច រហូតបានដំណើរការបានល្អប្រសើរ ។
សូមបញ្ជាក់ថា គម្រោង “គ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍” អនុវត្តដោយក្រសួង​អភិវឌ្ឍន៍​​ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយប្រើប្រាស់ហិរញ្ញប្បទាន សហប្រតិបត្តិការសរុប ៦០ លានដុល្លារ អាមេរិក រយៈពេល ៥ឆ្នាំ (២០១៨-២០២២) សម្រាប់ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់​ប្រភេទ (DBST) និងផ្លូវអំពីបេតុង ដែលជាផ្លូវធន់​ និងការបម្រែបម្រួលអាកាសធាតុ​រួមមាន៖ ផ្លូវក្រាលកៅ​ស៊ូពីរជាន់ប្រភេទ (DBST) និងផ្លូវអំពីបេតុងដែលធន់និងការបម្រែបម្រួលអាកាសធាតុចំនួន ២៥ខ្សែ ប្រវែងសរុប ២៧៩គីឡូម៉ែត្រ និង៧៨ ម៉ែត្រ ​នៅក្នុងខេត្តគោលដៅចំនួន ៦ ដែលងាយរងគ្រោះ​ដោយ​​សារ​​ទឹកជំនន់  ខេត្តសៀមរាបមានចំនួន ៦ខ្សែ ប្រវែងសរុប ៦០គីឡូមែត្រ, ខេត្តកណ្តាល ៧ខ្សែ ប្រវែងសរុប ៥១គីឡូម៉ែត្រ ២០ម៉ែត្រ ខេត្តត្បូងឃ្មុំ ៤ខ្សែ ប្រវែងសរុប ២៨គីឡូម៉ែត្រ ៨ ម៉ែត្រ ខេត្តកំពង់ចាម ៣ខ្សែ ប្រវែងសរុប ៦៥គីឡូម៉ែត្រ​ ៧៧ម៉ែត្រ ខេត្តក្រចេះ ៣ខ្សែ ប្រវែងសរុប ៤៥គីឡូម៉ែត្រ និងខេត្តស្ទឹងត្រែង មានចំនួន ២ខ្សែ ប្រវែងសរុប ២៩ គីឡូម៉ែត្រ៕

No comments

Powered by Blogger.