Header Ads

ប្រវត្តិត្រពាំងបឹងតេ ផ្សារភ្ជាប់អបិយជំនឿ ដែលទាក់ទងទៅនឹងនាងតី និងសេដ្ឋីពីរនាក់ប្តីប្រពន្ធ មាន​ចិត្តកំណាញ់

ខេត្តកំពង់ស្ពឺៈ

ដោយ៖ សេង ស៊ីដារ៉ូ


នៅក្នុងទេសកម្ពុជាយើង មានកន្លែងខ្លះទាក់ទងទៅនឹង​ប្រវត្តិ​សាស្ត្រ​ និង ខ្លះទៀតផ្តោតទៅលើអបិយជំនឿច្រើន ដូចជាត្រពាំងបឹងតេ ដែលមានទីតាំងនៅក្នុងឃុំសង្កែ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានរឿងព្រេងនិទានធរណី​ស្រូបយកទាំងភូមិដ្ឋាន និងទ្រព្យសម្បត្តិគ្រួសាររបស់សេដ្ឋី ដ៏ស្តុកស្តម្ភមួយកប់ទៅក្នុងដី​ហើយកន្លែងដែលធរណី ស្រូបនោះ បានក្លាយទៅជាបឹងធម្មជាតិ និងមានការនិទានតៗគ្នា រហូតមកដល់បច្ចុប្បន្ន។

នៅក្នុងឯកសារប្រជុំរឿងព្រេងបានបង្ហាញថា ត្រពាំងបឹងតេនេះ មានលក្ខណៈប្លែក​ ដែលធ្វើឲ្យគេ​ចាប់អារម្មណ៍​គ្រប់ៗ​​គ្នា។ ទំហំត្រពាំងនេះ មិនជាធំប៉ុន្មានទេ គឺមាត់រង្វះ១០០ម៉ែត្រតែប៉ុណ្ណោះ។ មាត់ត្រពាំងជុំវិញមានកក់​ដុះ​ខ្នាន់​ខ្នាប់ ពុំដែលមានសត្វធាតុណាមួយចូលទៅស៊ីរុករានឡើយ ឯដីកន្លែងដុះកក់នោះ មានសភាពទន់ជ្រាយ ល្មម​​ដើរបានមិនផុងជើងទេ តែទៅដល់កណ្តាលត្រពាំងបែរ​ ជាមានត្រឹបមួយដុំដុះស្មៅខ្លះ កក់ខ្លះ ហើយដីនោះ​ជាភក់មមោកស្មោះ។ បើគេចង់ឆ្លងត្រឹបនេះ ទាល់តែយកឈើវែងៗ ដាក់គងរួចដើរសួពីលើឈើនោះ ទើបដើរ​បាន។

រឿងព្រេងនេះមានសេចក្តីដំណាលថា៖

កាលពីបុរាណយូរយារណាស់មកហើយ មានសេដ្ឋីម្នាក់មានទ្រព្យយ៉ាងស្តុកស្តម្ភ មានភូមិកររស់នៅត្រង់ ត្រពាំង​បឹង​តេនេះ។ សេដ្ឋីទាំងពីរនាក់ប្តីប្រពន្ធពិតមែនតែសម្បូរទ្រប្យសម្បត្តិ ប៉ុន្តែមានចិត្តកំណាញ់ពន់ពេក ភោគសម្ប ត្តិ ចូលមកទាំងអម្បាលម៉ានមិនងាយចំណាយឲ្យរបេះទៅវិញទេ ហើយក៏មិនចេះយោគយល់ដល់អ្នកក្រខ្សត់ដែរ ។ សេដ្ឋីនោះមានកូនពីរនាក់ កូនប្រុសបង និងកូនស្រីជាប្អូន ដែលឪពុកម្តាយស្រឡាញ់ពេញចិត្តណាស់ ពេល ទៅណាមកណាម្តងៗ មានរទេះពិសេស ដែលបិទមាសដាំពេជ្រដាំត្បូងភ្លឺឆ្អិនឆ្អៅ ជាយានយ៉ាងប្រណិតនាំ ឲ្យ​អ្នក​​ស្រុកទូទៅនឹកស្ងើចសរសើរ ដល់ភោគសម្បត្តិសេដ្ឋីនោះជាពន់ពេក ហើយមានមនុស្សជាបរិវារ ៥០០នាក់ ព្រមទាំងគោរទេះសេះដំរី ៥០០ មួយមុខៗ។

នៅខាងក្រោយផ្ទះសេដ្ឋី ដែលមានស្រះមួយមានទឹកថ្លាឈ្វេង សម្រាប់ជាទីលំហែកាយនៃគ្រួសារសេដ្ឋីនេះ ក្នុង ស្រះនោះសេដ្ឋីបានចិញ្ចឹមក្រពើមួយយ៉ាងធំ។ ប្របនឹងមាត់ស្រះ ដីទួលមួយជាខ្ទមអ្នកតារក្សាក្រពើ រក្សាភូមិករ ទាំង​មូល។ គ្រួសារសេដ្ឋីក្តី គ្រួសារអ្នកជិតខាងក្តីរមែងមកបែបន់អ្នកតានោះ ឲ្យបានសម្រេចសមប្រាថ្នារៀងៗខ្លួន ។​ ថ្ងៃមួយសេដ្ឋកីពិគ្រោះនឹងភរិយា “ម៉ែវា ! កូនប្រុសស្រីយើងធំល្មមមានគូស្រករហើយ ប៉ុន្តែខ្ញុំគិតទៅឃើញថា បើយើងទៅស្តីដណ្តឹងកូនអ្នកដទៃមកផ្សំផ្គុំ ឲ្យកូនប្រុសយើង ឬទុកកូនស្រីជាគូអ្នកដទៃទៅ​ ឃើញថា​ យើងពិត ជា​ខាតបង់ចែករំលែកទ្រព្យសម្បត្តិជាមិនខាន។ ហេតុនេះ ដើម្បីកុំឲ្យពិបាក យើងគួរតែរៀបផ្សំផ្គុំកូនប្រុសស្រី​យើង ទាំងពីរជាប្តីប្រពន្ធតែម្តងទៅ ដើម្បីនៅថែរក្សាសម្បត្តិយើងទៅថ្ងៃក្រោយ”។ ប្រពន្ធបានស្តាប់ប្តីហើយ សម នឹងចិត្តកំណាញ់របស់គាត់ផង ក៏ព្រមព្រៀងតាមប្តី​ ហើយក៏ចាត់ចែងធ្វើរោងក្រសាល អញ្ជើញភ្ញៀវជិតឆ្ងាយ ចូល រួបក្នុងពិធីអាពាហ៍ពិពាហ៍កូនប្រុសកូនស្រីនេះ។ ថ្ងៃរៀបការក៏កាន់តែជិតមកដល់ ប្រពន្ធសេដ្ឋីនឹកស្តាយប្រាក់ កាក់ ដែលនឹងចំណាយទិញម្ហូបអាហារក្នុងពេលរៀបចំមង្គលការកូន ទើបគាត់នឹកឃើញគំនិតមួយ និយាយពិ គ្រោះនឹងប្តីថា “នែបង! ក្នុងពេលរៀបការកូនយើងនេះ ខ្ញុំស្តាយប្រាក់ទិញម្ហូបម្ហាណាស់ បើយើងកាប់គោក្របី ឃើញថា នឹងខាតបង់សត្វដែលជួយធ្វើការឲ្យយើង។

ដូច្នេះខ្ញុំយល់ថា បើយើងសម្លាប់ក្រពើ ដែលយើងចិញ្ចឹមនៅក្នុងស្រះក្រោយផ្ទះ យកសាច់វាមកធ្វើម្ហូបនោះ មិន​ខាត​បង់ឡើយ ព្រោះសព្វថ្ងៃក្រពើមិនបានជួយរកស៊ីអ្វីយើងទេ”។ សេដ្ឋី ឮពាក្យប្រពន្ធ ពេញចិត្តណាស់ ទើបម្នី ម្នាចាត់ឲ្យអ្នកបម្រើសម្លាប់ក្រពើយកសាច់ធ្វើម្ហូបតាមគំនិតប្រពន្ធគិត។

និយាយពីស្រីបម្រើម្នាក់ឈ្មោះ នាងតី ដែលជាអ្នកឲ្យអាហារដល់ ក្រពើរាល់ៗថ្ងៃនោះ។ យប់មួយនាងសុបិ្តឃើញ អ្នកតារក្សាក្រពើមកប្រាប់ថា “នែ៎តី! ឯងកុំស៊ីការកូនសេដ្ឋីឲ្យសោះណា៎! ព្រោះការនេះគេកាប់ក្រពើយកសាច់ លៀង​​ភ្ញៀវហើយ។ តី ឯងចាំមើលចុះ បើអ្នកណាមកទទួលទានការនេះ នឹងឃើញទាន់ហន់ភ្លាមៗ ជាមិនខាន” ។ លុះនាងតី ភ្ញាក់ឡើងសញ្ជឹងគិតតែម្នាក់ឯង។ ថ្ងៃរៀបការមកដល់ មានភ្ញៀវជិតខាងមកអ៊ូអរគគ្រឹកគគ្រេង នាង​តី គេចវេះចេញពីផ្ទះបាត់ទៅ។

ពេលកំពុងស៊ីផឹកអឹកអធិក ជួបជុំគ្នានោះ ស្រាប់តែព្រះធរណីស្រុតទាំងផែនចំត្រង់ផ្ទះសេដ្ឋី ដែលកំពុងការកូន លិចបាត់ទាំងអស់។ នាងតី កាលបើឃើញហេតុការណ៍ដូច្នេះ នាងព្រួយចិត្តរលឹកអាល័យដល់ចៅហ្វាយក្មេងៗ ទាងពីនាក់ ដែលធ្លាប់មានចិត្តសន្តោសមេត្តា ដល់នាងកាលពីមុនរៀងមក។ ស្វាងពីសោកហើយ នាងតី  នឹក ដល់គុណអ្នកតា ដែលបានមកប្រាប់នាង ឲ្យចៀសផុតពីគ្រោះថ្នាក់នេះ។

ម្លោះហើយនាងតី ក៏ទៅកោរសក់ថ្វាយអ្នកតា ជាការតបស្នងសងគុណវិញ។ មុននឹងកោរនាង ចុះទៅក្នុងស្រះ ដែលជាលំនៅរបស់ក្រពើ ប្របនឹងខ្ទមអ្នកតា ហើយកក់សក់ឲ្យជោគ។ ហេតុនេះហើយ ​បានជាស្រះនោះសព្វថ្ងៃ អ្នកស្រុកហៅថា “ត្រពាំងកក់” គឺជាត្រពាំងដែលនាងតីកក់សក់។ រួចនាងឡើងទៅលើទួលកោសក់ទៀត ទីនោះ គេឲ្យឈ្មោះថា “ទួលកោរសក់នាងតី” ដែលហៅក្លាយថា “ទួលកោរនាងតីៗ” រហូតដ៏សព្វថ្ងៃនេះ។

ដោយនឹក​អាល័យ​ម្ចាស់ប្រុសស្រីពុំមានភ្លេច នាងតី ក៏ទៅតាំងលំនៅក្បែរកន្លែងព្រះធរណី ស្រូបផ្ទះសេដ្ឋី ដែល ស្រុតទៅជាត្រពាំងធំមួយ គឺជាត្រពាំងដែលហៅថា “ត្រពាំងបឹងតេ” សព្វថ្ងៃនេះ។

មិនយូរប៉ុន្មានមានបុរសម្នាក់ មកទាក់ទងដណ្តឹងនាងតី ធ្វើជាប្រពន្ធ បានរស់នៅជាមួយគ្នា យ៉ាងសុខសាន្ត​ប្រកបរបរដំណាំដាំដុះផ្សេងៗ។ ដល់ពេលនាងតី​ មានផ្ទះពោះបាន ៦ខែ បុរសនោះ ក៏នឹកឃើញនឿយណាយ ក្នុង​លោកកីយ ក៏រត់ចោលប្រពន្ធ ទៅបួសជាអ្នកសច្ចំនៅឯភ្នំខ្ជោល។ ចំណែកនាងតី នៅតែម្នាក់ឯងរហូត ដល់​គ្រប់​ខែ ហើយក៏សម្រាលបានកូនប្រុសម្នាក់ឈ្មោះថា បុត្តកុមារ។

កាលបើចម្រើនវ័យបាន ១៣ឆ្នាំ បុត្តកុមារ ចេះតែសួររកឪពុក។ លុះសួរញឹកញាប់ពេកម្តាយ ក៏ប្រាប់តាមត្រង់ថា “ឪពុកកូនទៅបួសចម្រើនមេត្តាភាវនា នៅ​ឯភ្នំខ្ជោលបាត់ទៅហើយ បើកូនចង់ទៅរក កូនត្រូវដើររកក្នុងប្រោះនោះទៅ កាលបើឃើញហើយ កូនត្រូវរំលឹកពី រឿងដើមរបស់ម្តាយ នៅពេលដែលជួបនឹងឪពុកកូន កាលដំបូងនោះប្រាប់ឲ្យហូរហែទើបគាត់ស្គាល់”​។ នាង និយាយរឿងដើមរបស់ខ្លួនប្រាប់កូនសព្វគ្រប់ហើយ ទើបកូនលាម្តាយចេញទៅ។ បុត្តកុមារ ស្វែងរកឪពុកអស់ រយៈពេលយ៉ាងយូរក្នុងព្រៃ ទើបបានប្រទះឃើញតាបសមួយអង្គគត់ ភាវនានៅក្រោមដើមឈើ លើផែនថ្មមួយ យ៉ាងធំ។ បុត្តកុមាថ្វាយបង្គម ហើយក៏រ៉ាយរ៉ាប់សព្វគ្រប់ឲ្យតាបសស្តាប់។ តាបសពុំទាន់ជឿជាកូនទេ ក៏តាំង អធិដ្ឋានថា “បើសិនជាកូននេះ ជាកូនខ្ញុំមែន សូមឲ្យខ្ញុំទះកុមារនេះមួយដៃទៅ សុំឲ្យកុមារអណ្តែតមកលើស្មាខ្ញុំ” ថាហើយ តាបសយកដៃស្តាំទះកុមារមួយដៃ ស្រាប់តែកុមារអណ្តែតមកនៅលើស្មារឆ្វេង ដូចសេចក្តីប្រាថ្នា ទើប​តាបសជឿថា ជាកូនខ្លួនពិតតាំងពីនោះមកតាបស បានបង្រៀនវិជ្ជាសិល្ប៍សាស្ត្រ ដល់កូនជារៀងរាល់ថ្ងៃ។

ច្រើនឆ្នាំក្រោយមក កូនក៏សុំលាឪពុកទៅរកម្តាយវិញ ឪពុកគ្មានអ្វីជាប្រសើទុកជាកេរ្តិ៍ឡើយ មានតែគ្រាប់ត្រសក់ បីគ្រាប់ ហុចទៅឲ្យកូនហើយផ្តាំថា “គ្រាប់ត្រសក់បីគ្រាប់នេះ នឹងផ្តល់កិត្តិយសយ៉ាងប្រសើរ ឲ្យកូននៅពេល ខាង​មុខជាប្រាកដ ដល់កូនដាំទៅហើយ បានផ្លែដំបូងកូនបេះផ្លែនោះ យកទៅថ្វាយស្តេចកុំខាន ឯទីកន្លែងដាំត្រូវដាំ នៅមាត់ត្រពាំង ដែលជាលំនៅស្ថានរបស់ម្តាយឯង ហើយសន្មតហៅកន្លែងនោះថា បឹងតីៗ” តាមឈ្មោះ​ម្តាយ
ឯង​រហូតតទៅ។ កុមារថ្វាយបង្គំបីដងលាឪពុក ធ្វើដំណើរចេញទៅរកម្តាយ ហើយប្រាប់ម្តាយ ឲ្យសន្មតនាម ត្រពាំង​ក្បែរផ្ទះនោះថា បឹងតី តមបណ្តាំឪពុក តែសព្វថ្ងៃក្លាយទៅជាបឹងតេ ទៅវិញ។

រឿងរ៉ាវដើមនៃបឹងតេ មានប៉ុណ្ណឹងឯង គឺកើតមានពីពាក្យបណ្តាំតាបសឥសីសន្មតតាមឈ្មោះ នាងតី ដែលជាអ្នក​ស្ថិត​នៅត្រង់មាត់ត្រពាំង គឺជាកន្លែងដែលព្រះធរណីស្រូបយកពួកសេដ្ឋី ទ្រឹស្តិស្មូរខុសប្រពៃណីនេះឯង៕

No comments

Powered by Blogger.