Header Ads

ជីវិត និងភាពជោគជ័យ របស់យុវជនឈ្មោះ វឹង សុគង់ បានចូលរៀននៅ មជ្ឈមណ្ឌលបណ្តុះបណ្តាល​ជំនាញ​​មូលដ្ឋាន ខេត្តស្វាយរៀង

ខេត្តស្វាយរៀងៈ

ដោយ៖ ហុង ចំណាប់


យុវជនឈ្មោះ វឹង សុគង់ មានអាយុ ២២ឆ្នាំ នៅលីវ សព្វថ្ងៃរស់នៅភូមិគគី ឃុំគគី ស្រុករមាសហែក ខេត្តស្វាយ​រៀង ហើយបច្ចុប្បន្ន ប្អូនប្រុសរស់នៅក្នុងបន្ទុកគ្រួសារ ដែលមានមុខរបរជាកសិករ។ នៅមុនឆ្នាំ២០១៥ ប្អូនប្រុស​កំពុង​សិក្សាថ្នាក់ទី៩ ដោយសារជីវភាពគ្រួសាររបស់ប្អូន មានការលំបាកយ៉ាងខ្លាំង ពេលនោះគាត់សម្រេចចិត្ត បោះបង់ការសិក្សាចោល។​

ថ្ងៃមួយប្អូនបានបើកលេង Facebook បានឃើញមជ្ឈមណ្ឌលជំនាញមូលដ្ឋាន ខេត្តស្វារៀង មានបង្ហោះពត៌​មាន​ជ្រើសរើស សិក្ខាកាមចូលរៀនវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ៧ជំនាញ ដោយឥតបង់ប្រាក់ មានរយៈ​ពេល៤ខែ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាន ខេត្តស្វាយរៀង ដែលមុខជំនាញទាំងនោះ រួមមាន​ដូចជា ១. ជំនាញជួសជុលម៉ូតូគ្រប់ប្រភេទ ២. ម៉ាញ៉េ និងទូរទស្សន៍ ៣. ម៉ាស៊ីនកសិកម្មគ្រប់ប្រភេទ ៤. កាត់ដេរ​​សំលៀក​បំពាក់បុរសនារី ៥. អ៊ុតសក់ និងកែសម្ផស្ស ៦. ផលិតគ្រឿងសង្ហារឹម ពីឬស្សី និង៧. សិក្សា​ភាសាអង់គ្លេស។

ក្រោយពីបានទទួលដំណឹងនេះភ្លាម ឪពុកប្អូនប្រុសបានសម្រេចចិត្តនាំកូនមកចុះឈ្មោះ នៅមជ្ឈមណ្ឌល ខេត្ត ស្វាយ​រៀង ដោយជ្រើសរើសយកជំនាញជួសជុលម៉ូតូ និងចាប់ផ្តើមចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ រហូត​ដល់​​ចប់រយៈពេល៤ខែ។ បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះហើយ រូបប្អូនទទួលបាននូវចំណេះដឹង និង បទពិសោធន៍ច្រើន ប្អូនសម្រេចចិត្តបើកធ្វើអាជីវកម្មនៅផ្ទះរបស់ប្អូន ដោយខ្លួនឯង ប្រើទុនទិញសម្ភារៈអស់ ១០០០ដុល្លារ ហើយរកប្រាក់ចំនូលក្នុងមួយថ្ងៃ ២០០០០រៀល ទៅ ៤០០០០រៀល។

ការបណ្តុះបណ្តាល នៅក្នុងមជ្ឈមណ្ឌលជំនាញមូលដ្ឋាន ខេត្តស្វាយរៀង បានជួយបង្កើតមុខរបរមួយ សម្រាប់​ឲ្យយុវជន និងយុវតី ដែលពុំមានលទ្ធភាពបន្តការសិក្សា។ ជាក់ស្តែងប្អូន វឹង សុគង់ បានប្រកបដោយក្តីសង្ឃឹម និងមានការផ្លាស់ប្តូរស្ថានភាព ក្នុងជីវភាពគ្រួសាររបស់ប្អូន ឲ្យ​កាន់តែប្រសើរឡើង។

ប្អូន និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍​ជនបទ ​ថ្នាក់ដឹកនាំមន្ទីរ នាយកមជ្ឈមណ្ឌល​ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានធ្វើឲ្យគ្រួសារ របស់ ប្អូន​មានជីវភាពធូរធារ៕

No comments

Powered by Blogger.