Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសតែងតាំងនាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ


នាយក នាយករង ប្រធាន និងអនុប្រធានការិយាល័យ និងមន្រ្ដីរាជការ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូ​រ៉េ ស្ថិតនៅក្នុងភូមិផ្គង់ សង្កាត់ច្បារម៉ន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានប្រារព្វពិធីប្រកាសឲ្យចូលកាន់ដំណែង កា​ល​​ពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨  ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុក រ៉ាប៊ុន​ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ​។

លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ បានសាងសង់នៅដើមឆ្នាំ២០១៦ និងបានសម្ពោធដាក់ឲ្យដំណើរកាលពីខែ សីហា ឆ្នាំ២០១៧ ដោយប្រើប្រាស់ថវិកាជំនួយឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់​ងារ​សហប្រតិបត្តិការអន្ដរជាតិកូរ៉េ ( KOICA )។ មជ្ឈមណ្ឌលនេះ មានបុគ្គលិកកំពុងបម្រើការ ២៩នាក់ ក្នុងនោះ​មកពីទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ១៣នាក់ និងមន្រ្ដីកិច្ចសន្យា ១៦នាក់។ លោក បានបន្តថា ឆ្នាំ២០១៧ មជ្ឈមណ្ឌលបើកវគ្គបណ្ដុះបណ្ដាលបាន ២២វគ្គ លើមុខវិជ្ជាចលនាភូមិថ្មី និងអភិវឌ្ឍន៍ជនបទ សហគមន៍សន្សំ​ប្រាក់ បច្ចេកទេសចិញ្ចឹមមាន់ ចិញ្ចឹមគោ ត្រី ដាំបន្លែ ត្រសក់ ផលិតកម្មដំណាំស្រូវ បណ្ដុះផ្សិតចំបើង បង្កាត់រុក្ខ​ជាតិ ដាំឳឡឹក កែច្នៃម្ហូបអាហារ និងផលិតសាប៊ូលាងចានជាដើម ។

លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអានប្រកាសស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ និងប្រកាសលេខ ១៩១ /១៧ ក.អ.ជ .ប្រកចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចតែងតាំងលោក ហ៊ុន ប៊ុនរ៉ា ជា​នា​យក​មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ  លោក សូត្រ វទ្ធី លោក ស៊ីន វុទ្ធា ជានាយករង និងប្រធាន អនុ​ប្រ​ធា​ន​​ការិយាល័យ ព្រមទាំងមន្រ្ដីការិយាល័យចំនួន ១០ រូបផ្សេងទៀត។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ជនបទ ​ដោយ​ប្រើ​ប្រាស់វិធីសាស្រ្ដចលនាភូមិថ្មីនេះ គឺជានិមិត្តរូបនៃចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ក្នុងជំនួយ​ឥតតំណងចំនួន ៨លានដុល្លារ ដល់កម្ពុជាតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ KOICA ដើម្បីដំណើរ​ការគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្ដចលនាភូមិថ្មីនៅកម្ពុជា។ លោក រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ និងអ្នកជំនាញការកូរ៉េ ព្រមទាំងបានថ្លែងអំណរគុណ​ដល់ រដ្ឋាភិបាលកូរ៉េ ដែលតែងតែ​ផ្ដល់​ហិរញ្ញប្បទាន និងជំនួយឥតសំណងដល់ប្រជាជនកម្ពុជា ជាក់ស្ដែងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ដែលកំពុងដំណើរការវគ្គបណ្ដុះបណ្ដាលមុខជំនាញ ជូនដល់មន្រ្ដីរាជការ ប្រជាពលរដ្ឋ ដើម្បីរួមចំណែកកាត់បន្ថយ ភាពក្រីក្រស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទីបី របស់រាជរដ្ឋាភិបាល។ ដើម្បី​ឲ្យមាននិរន្ដរភាពក្នុងការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលនេះ។

លោក រដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់មន្រ្ដី ដែលបាន​តែងតាំងថ្មី ឲ្យត្រូវសាមគ្គីភាពគ្នា បន្តពង្រឹកកិច្ចសហប្រតិបត្តិការជាមួយដៃគូរ រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងគ្រប់ប្រភេទ ដើម្បីឈានទៅអនុវត្តកម្មវិធី​របស់គម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្ដ​ចល​នា​ភូមិថ្មី ទទួលបានជោគជ័យ៕                                                                      

No comments

Powered by Blogger.