Header Ads

លោក អ៊ិន សុផារ៉ា ម្ចាស់បទចំរៀង "បណ្តាំទួលស្លែង" បានច្រៀងរំលឹក ការដឹងគុណនៃថ្ងៃ ៧មករា

ភ្នំពេញ:

ដោយ៖ សេង ស៊ីដារ៉ូ


 ជាង ៣០ឆ្នាំមកហើយ ជារៀងរាល់ឆ្នាំ ឱ្យតែជិតដល់ថ្ងៃរំលឹកខួប៧ មករា គេតែតែង ឮវិទ្យុ និង​ទូរទស្សន៍ចាក់ផ្សាយ នូវបទចំរៀងមួយ មានចំណងជើងថា "បណ្តាំទួលស្លែង" ដែលរៀបរាប់ ពីទារុណកម្ម ដ៍ឃោរឃៅ យ៉ាងអណោចអធមលើនិស្សិត បញ្ញវ័ន្ត នៅក្នុងគុកទួលស្លែង "ស-២១"។

បើយើងបានស្តាប់ចំរៀងបទបណ្តាំទួលស្លែងនេះហើយ អ្នកដែលធ្លាប់បានឆ្លងកាត់របបវាលពិឃាដ ៣ឆ្នាំ​៨ខែ និង​ ២០ថ្ងៃ តែងមានទឹកភ្នែក រលីងរលោងរំជួលចិត្ត នឹកដល់បងប្អូន ញាតិមិត្ត ដែលបានទទួល ទារុណកម្ម រហូត ដល់បាត់បងជីវិតទាំងយុត្តិធម៌ ក្រោមកណ្តាប់ដៃ នៃពួកបនប្រល័យពូជសាសន៍ប៉ុលពត។


លោក អ៊ិន សុផារ៉ា ចាងហ្វាងកាសែត និងជាសិល្បករម្នាក់បានបញ្ជាក់ថា បទចំរៀងបណ្តាំទួលស្លែងនេះ ដែលលោកបាននិពន្ធ និងច្រៀងដោយផ្ទាល់ គឺមានបំណងឱ្យប្រជាជន ព្រមទាំងយុវជនជំនាន់ ក្រោយចង​ចាំ​ជានិច្ច នូវសង្គ្រាមដែលធ្លាប់កើតមានឈានដល់ការវិនាសព្រាត់ប្រាស់ ការកាប់សម្លាប់ តែខ្មែរគ្នាឯងលើ ទឹកដីកម្ពុជា ដែលមានចំណុចគួរឱ្យកត់សំគាល់ខ្លាំង គឺការចងចាំគំនុំកាប់សម្លាប់គ្នា ក្នុងរបបប្រល័យពូជ​សាសន៍ប៉ុលពត បានធ្វើឱ្យប្រជាជនខ្មែរស្លាប់អស់ជាង ៣លាននាក់។

លោក អ៊ិន សុផារ៉ា បញ្ជាក់ទៀតថា សូមលើកដៃប្រណម្យដឹងគុណ មិនអាចបំភ្លេចបានដល់ កងទ័ពរណ​សិរ្យ សង្គ្រោះជាតិកម្ពុជា ដែលក្នុងនោះដឹងគុណជានិច្ចដល់សម្តេចហ៊ុនសែន សម្តេច ហេង សំរិន ដែល​បាន​​វាយរំដោះ​ប្រជាជន ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ទទួលជ័យជំនះ នៅថ្ងៃ​៧មករា ១៩៧៩ សង្គ្រោះប្រជាជនខ្មែរ ​ដែលនៅសេសសល់ ឱ្យមានជីវិតរស់ឡើងវិញរហូតដល់សព្វថ្ងៃ។
ទោះបីយូរៗម្តង ត្រូវបានគេចាក់តាមវិទ្យុ និងទរទូស្សន៍ តែបទបណ្តាំទួលស្លែង ត្រូវបានគេបង្ហោះជាប់ ជា​និច្ច​តាមទំព័រយូធូប (YOUTUBe) ជាមួយនឹងបណ្តំបណ្តាសារគុកទួលស្លែង ដែលអាចនិយាយបានថា បទចំរៀងបណ្តាំទួលស្លែង នឹងអាចក្លាយជាបទចំរៀងប្រវត្តិសាស្ត្រ សំរាប់ជាការចងចាំ ឱ្យប្រជាជនខ្មែរ ថែ​រក្សាឱ្យបាននូវសន្តិភាព ចៀសឱ្យផុតដាច់ខាតការកើតមានសង្គ្រាម នៅលើទឹកដី ដែលកំពុងរស់នៅ។


ជាការពិតណាស់ ការដឹងគុណដល់ថ្ងៃ ៧មករា គឺជាគុណធម៌មួយជ្រាលជ្រៅបំផុត បានធ្វើឱ្យបទនិពន្ធ​របស់លោក អ៊ិន សុផារ៉ា មានការលើកសរសើរពីសង្គមជាតិ ក្រោមការដឹកនាំប្រទេសរបស់សម្តេច ហ៊ុន សែន ដូចជា សន្តិភាពជាតិ និងពិភពលោក បទសាវតារក្មេងវត្ត និងបទយើងនាំគ្នាទៅបោះឆ្នោត​ឱ្យ​គណបក្សប្រជាជនជាដើម។

ហើយទូរទស្សន៍ប៉ុស្តិលេខ៣ បានអញ្ជើញលោកអ៊ិន សុផារ៉ា ច្រៀងបកស្រាយ ពីរឿងគុកទួលស្លែង ជាគុក ដែលគ្រប់គ្រងដោយមេខ្មែរក្រហម គឺកាំងហ្គេចអៀវ ហៅ ឌុច បានធ្វើទារុណកម្ម​យ៉ាងព្រៃផ្សៃលើកម្មា​ភិបាល និស្សិតបញ្ញវ័ន្ត និងបញ្ជូនយកទៅសម្លាប់នៅជើងឯក ជាដើម។

ចុងក្រោយលោក អ៊ិន សុផារ៉ា សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ ឯកឧត្តម អស់លោក ទាំងអស់​ដែលបានជួយឧបត្ថម្ភដល់រូបលោក ក្នុងពេលដែលបានច្រៀងបទ "បណ្តាំទួលស្លែង"ម្តងៗ ហើយលោក​ក្រោក​​ឈរជានិច្ចចំពោះ ការអញ្ជើញទៅច្រៀងស្វាគមន៍ថ្ងៃ ៧មករា ទោះជានៅទីណាក៍ដោយ៕

No comments

Powered by Blogger.