Header Ads

ប្រវត្តិ របាំក្បាច់បុរាណខ្មែរ តាំងពីសម័យនគរភ្នំ

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


អ្នកសិក្សាស្រាវជ្រាវផ្នែកបុរាណវិទូ បានលើកឡើងថា របាំក្បាច់បុរាណខ្មែរ ត្រូវបានកើតឡើងក្នុងសម័យនគរភ្នំ ដោយសំអាងទៅលើគំនូរបុរាណ និងនៅតាមផ្ទាំងប្រាសាទបុរាណផ្សេងជាដើម។ 

ចំណែកប្រទេសកម្ពុជា មានពាក្យសំរាប់សំគាល់ទម្រង់សិល្បៈ ចំនួនពីរម៉ាត់ នៃទស្សនីយភាពក្បាច់ នេះ គឺ ១- របាំ ឬល្ខោនបុរាណខ្មែរ និង ២- របាំ ឬល្ខោនព្រះរាជទ្រព្យ... ឯពាក្យថារបាំ និងល្ខោនក្នុងទីនេះ ក៏សំរាប់គូសបញ្ជាក់ពីភាពខុសគ្នាខ្លះៗ នៃទម្រង់សិល្បៈនេះ ក្នុងឱកាសសំដែងម្តងៗ ផងដែរ។

ឧទាហរណ៍ ជាក់ស្តែង កាលណាទម្រង់ក្បាច់បុរាណនេះ សំដែងជាទ្រង់ទ្រាយរបាំដាច់ៗ តែឯង ដូចជារបាំជូនពរ របាំអប្សរា របាំទេពមនោរម្យ ជាដើមនោះ គេច្រើននិយមប្រើពាក្យថាៈ របាំក្បាច់បុរាណខ្មែរ ឬ របាំព្រះរាជទ្រព្យ។


ប៉ុន្តែបើទម្រង់ដដែលនេះ សំដែងជាសាច់រឿងផ្សេងៗ ដូចជារឿងរាមកេរ្តិ៍ រឿងព្រះជិនវង្ស រឿងព្រះកេតុមាលា ឬរឿងព្រះថោងនាងនាគជាដើមនោះ គេច្រើននិយមហៅថាៈ ល្ខោនព្រះរាជទ្រព្យ ឬល្ខោនក្បាច់បុរាណខ្មែរទៅវិញ ។

ចំពោះប្រភព និងកាលបរិច្ឆេទកំណើត នៃទម្រង់សិល្បៈរបាំ ឬល្លោននេះ នៅលើទឹកដី កម្ពុជាវិញមិនមានឯកសារណា និយាយប្រាប់យើងឲ្យបានច្បាស់ប្រាកដថា កើតនៅខែណា ឬឆ្នាំណាទេ?

ប៉ុន្តែតាមការសិក្សាស្រាវជ្រាវ ដោយពឹងផ្អែកទៅលើការគាស់កកាយ រកវត្ថុបុរាណ....សិក្សាពីរូបចម្លាក់តាម ប្រាសាទ បុរាណនានា... ការសិក្សាសិលាចារឹក និងការសិក្សាអំពីទំនៀមទម្លាប់ប្រពៃណីផ្សេងៗ នាំឲ្យ យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយសាកល្បងសន្និដ្ឋានថាៈ ទម្រង់សិល្បៈក្បាច់បុរាណនេះ ប្រហែល ជាយោនយកកំណើតនៅលើទឹកដី នៃប្រទេសកម្ពុជា តាំងពីសម័យនគរភ្នំ (ស.វ ទី១ ដល់ ស.វ ទី៦នៃគ.ស) មកម្លេះពីព្រោះ បើតាមពត៌មានរូបស្រីរបាំ និងរូបហនុមានកាន់ដំបងនេះ ត្រូវគេគាស់យកបានពីក្នុងបរិវេណវត្ត “គំនូរ” ដែលស្ថិតនៅចំកណ្តាលទីតាំងនៃរាជធានី រាជាណាចក្រនគរភ្នំនោះឯង ហើយក៏ដោយសារតឹកតាំងនេះ ដែលនាំឲ្យយើងមានការសង្ស័យថាៈ របាំក្បាច់បុរាណ ឬរបាំព្រះរាជ្យទ្រព្យ នេះ ប្រហែលជាបានចាប់កំណើតលើទឹកដីកម្ពុជានេះ តាំងពីសម័យនគរភ្នំមកម្លេះ ពោលគឺ ការចម្លង តាមបែបផែន របាំឥណ្ឌា ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងលទ្ធិព្រាហ្មណ៍ ហើយទំនាក់ទំនង ជាហូរហែរចូលមកតាមរយៈពួកព្រាហ្មន៍នោះឯង ដូចជារឿងរាមកេរ្តិ៍ “Ramayana” ដូច្នេះដែរ ។


ប៉ុន្តែបើយើងសាកល្បងពិនិត្យ ពីរូភាពស្រីរបាំនៃរូបចម្លាក់ដីដុតនោះ យើងឃើញហាក់ឃ្លាត់ឆ្ងាយគ្នាណាស់ ពីរបាំបុរាណខ្មែរសព្វថ្ងៃ ព្រោះថាទ្រង់ទ្រាយ ឬកាយវិការនៃស្រីរបាំនោះ មានលក្ខណៈដូចគ្នា បេះបិទ និងរបាំឥណ្ឌាខ្លះ ដែលយើងធ្លាប់ឃើញគេរាំរហូតមក ដល់សព្វថ្ងៃនេះពិសេស គឺកាយវិការយើង កន្លែងហាក់សង្កត់ទម្ងន់លើជើងទាំងពីរ ក្នុងលក្ខណៈបន្ទាត់កាច់ “LigneBrisée”? ហើយចុងកជើងទាំង ពីរកន្ធែកចេញក្រៅ។ ឯដៃទាំងពីរលើកឡើងលើខ្ពស់ អមសងខាងក្បាលបញ្ជុច កែងដៃកន្ធែកម្រាមដៃ ខាងឆ្វេងចេញក្រៅ ឯម្រាមដៃខាងស្តាំចូលក្នុង ក្នុងកាយវិការប្រើបន្ទាត់កាច់ដូចគ្នាដែរ ។


 លក្ខណៈខុសប្លែកគ្នារវាងរូបចម្លាក់ “ស្រីរបាំ” ធ្វើពីដីដុត ដែលយើងបានស្មានថា ជាស្នា ដៃដែលកើតឡើង ក្នុងសម័យនគរភ្នំ ស.វ ទី១ ដល់ សវ. ទី៦ នៃគ.ស និងរូបភាពរបាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ ដែលមានបច្ចុប្បន្ននេះហើយ ដែលភាគច្រើន ប្រើកាយវិការដោយបន្ទាត់កោង “LіngеCоurbе?” នាំឲ្យយើងនឹកឃើញដំបូងមួយ ការរៀនសាងសង់ប្រាសាទរបស់ជនជាតិខ្មែរ ដែលទទួលមេរៀនជាដំបូងៗ មកពីឥណ្ឌ ហើយពីមួយថ្ងៃ ទៅមួយថ្ងៃ ច្រើនសតវត្សរ៍ទៅ.... ខ្មែរបានស្វែងមករកបុគ្គលិកលក្ខណៈ ពិសេស របស់ខ្លួនរហូតដល់អាចសាងប្រាសាទអង្គរវត្ត ដែលអស់លោកអ្នកជំនាញ ខាងបុរាណវិទ្យា ឥណ្ឌាពោលថាៈ ប្រហែលជាប្រាសាទ ខាងព្រហ្មញ្ញសាសនា ដែលធំជាងគេ ក្នុងពិភពលោកបានថែមទៀតផង។

ឯកសារទំនាក់ទំនងរបស់ទម្រង់ល្ខោនក្បាច់ ឬរបាំព្រះរាជ្យទ្រព្យ ដែលបនាយោន យកកំណើតដោយចំលងតាមគំរូរបាំខាងព្រហ្មញ្ញសាសនាឥណ្ឌា ហើយពីមួយថ្ងៃទៅមួយថ្ងៃ ច្រើនសតវត្សរ៍ទៅ បែរមករកលក្ខណៈជាខ្មែរនោះ ក៏គង់មានលំអានវិវឌ្ឍន៍ រីកចំរើនមិនខុសអ្វីពីដំណើរវិវឌ្ឍន៍ នៃប្រាសាទបុរាណខ្មែរដូច្នេះឡើយ។


 ចំណុចយ៉ាងសំខាន់មួយទៀត គឺការសិក្សាសិលាចារឹករបស់អ្នក ឯកទេសភាសាសំស្ក្រឹត និងខ្មែរបុរាណ ដែលបានរកឃើញឯកសារ ដ៏មានសារៈសំខាន់ជាច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រ ជំនឿសាសនា ទំនៀមទម្លាប់ប្រពៃណី វប្បធម៌សិល្បៈ ល្លោន របាំតន្ត្រី សព្វបែបយ៉ាង ដែលមានអាយុពីយូរលង់ ច្រើនសតវត្សរ៍មកហើយ ហើយសុទ្ធតែជាស្នាដៃរបស់បុព្វបុរស ដូនតាខ្មែរបានបន្សល់ទុក ជាក់ស្តែងនៅក្នុងអត្ថបទសិក្សា ដែលមានចំណងជើងឈ្មោះ Music and Dance in Anсіеnt Cаmbоdіа as Evіdеnсеd by old Khmеr Epigraphy របស់អ្នកស្រី ពៅ សាវរស់ អ្នកស្រីបានដកស្រង់នូវភស្តុតាង ជាក់លាក់ជាពាក្យសំដី ឬឈ្មោះសំស្ត្រឹត និងខ្មែរបុរាណ ដែលមានចារទុកក្នុងផ្ទាំងសិលាចារឹក មានកាលបរិច្ឆេទត្រឹមត្រូវ ទៅ តាមរជ្ជកាលសោយរាជ នៃព្រះមហាក្សត្រខ្មែរនានា ច្បាស់លាស់ស្តីអំពីល្ខោនភាណី ដែលប្រហែលជា ទម្រង់ ល្លោន “ខោល” សព្វថ្ងៃ...។ ត្មោងភាណី តន្ត្រីករប្រគុំគ្រឿងដំសំរាប់កំដរល្ខោនភាណី ដែល មានសុទ្ធតែប្រុសៗ...។ វង់ភ្លេងមហោរី ដែលប្រហែលក្លាយមកពីពាក្យថា មនោហារា មនោហារី...។

សិល្បៈការិនីសំដែងលិល្បៈតុក្តកា កូតុក្តតា ។ល។ និង។ល។ ហើយក្នុងនោះ ក៏មានសិលាចារឹកលេខ K ៥៥៧ និង K ៦០០ និងសិលាចារឹកលេខ K ១៣៧ រកឃើញក្នុងវត្តគំនូរអង្គរបុរី ជាសិលាចារឹក ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី១ ដែលបានរៀបរាប់នូវតង្វាយជាអ្នកចំរៀង និងឧបករណ៍ភ្លេង និងរបាំ ចំពោះទេវស្ថាននៅទីនោះ។ ប្រហែលជាព្រះបាទជ័វរ្ម័ន ទី១ ព្រះអង្គឯងទ្រង់បានឧទ្ទិសក្រុមសិល្បៈស្រី “Ballet Girl” ថ្វាយចំពោះអាទិទេពថែមទៀតផង។


 ចំណុចនេះយើងជឿថា បើព្រះបាទជ័យវរ្ម័នទី១ (៦៥៥-៦៨១) ជាព្រះរាជា ឥសូរនិយម បានឧទ្ទិស “ក្រុមសិល្បៈស្រី” ដល់អាទិទេព ពិសេសគឺព្រះឥសូរក្នុងរាជព្រះអង្គនោះ នោះទំរង់ សិល្បៈរបាំស្រីនេះ គង់មានកំណើតយ៉ាងយូរ តាំងពីមុនពេលនោះមិនខាន មុននឹងក្លាយជាតង្វាយ ដ៏គាប់ព្រះទ័យរបស់ ព្រះអាទិទេពនោះ ។

រឿងរ៉ាវមួយទៀតដែលកើតឡើង ក្នុងសម័យអាណាចក្រចេនឡា គឺការកកើតជាខ្សែសូរ្យវង្ស ឬអាទិច្ចវង្ស គឺវង្សស្រីកម្ពុ ដោយមានការចងសម្ព័ន្ធ របស់ឥសីកម្ពុ ស្វយម្ភូ និងនាងអប្សរា ដូចមានកត់ត្រាទុក ក្នុងសិលាចារឹក បក្សីចាំក្រុង(ស.វ ទី១០) ដែលបាននិទានថាៈ ស្តេច ខ្មែរយើងមានកំណើតមកពីឥសីកម្ពុស្វយម្ភ និងនាងអប្សរា មេរា ដែលព្រះឥសូរបានប្រទាន ឲ្យជាមហេសី៕

No comments

Powered by Blogger.