Header Ads

អ្នកបុរាណវិទ្យា បានស្រាវជ្រាវរកឃើញស្ថានីយ៍ ប្រាំមួយកន្លែង ដែលបុព្វបុរស ផលិតឧបករណ៍ប្រើប្រាស់ពី ដែក សំរិទ្ធ ទង់ដែង និងលង្ហិន

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

 នៅក្នុងប្រទេសកម្ពុជា មានជនជាតិកួយ ដែលជាមនុស្សចេះផលិតដែកមុនគេ ហើយទីតាំងរស់នៅ របស់ជន ជាតិនេះ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងខេត្តកំពង់ធំ ព្រះវិហារ និងស្ទឹងត្រែងសព្វថ្ងៃ។ 
ចំពោះរ៉ែដែកដែលរកឃើញ នៅក្នុងប្រទេសកម្ពុជា មានបីប្រភេទគឺ ដែកអេម៉ាទីត (FeO3) ដែកម៉ាញ៉េទីត (Fе3O4)និងដែកលីម៉ូនីត (2Fе2O3,3H2O)។
ដែកដែលផលិតចេញទៅជាឧបករណ៍ ប្រើប្រាស់មានច្រើនប្រភេទ ដូចជាដែកប្រើប្រាស់ប្រចាំថ្ងៃ ក្នុងសំណង់ និងក្រុងសង្គ្រាម។


លោក ម៉ៅ ឈាងឡេង ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសល្បះ និងយោងតាមឯកសារស្រាវជ្រាវ បានឲ្យដឹងថាឧបករណ៍ទាំងអស់នោះមានដូចជា ផ្លែសន្ទូច ម្ជុលដេរ កាំបិត ពូថៅ ចប ផាលនង្គ័ល រនាស់ ផ្លែរណារ ញញូរ ពន្លាក ប្រណាក ឆែកឆាប ទូដែក កប៉ាល់ ខ្សែលួស ដែកគោល ដែកទាម ទ្វារ ដែកសរសៃ ដាវ លំពែង ស្ន មួកដែក កាំភ្លើង ។ល។

ការរៀបរាប់ឈ្មោះឧបករណ៍ប្រើប្រាស់ខាងលើ បញ្ជាក់ឲ្យឃើញថា ឧបករណ៍ប្រើប្រាស់ ដែលផលិតអំពីដែក មានច្រើនជាគេបង្អស់ បើប្រៀបធៀបជាមួយឧបករណ៍ដទៃ ដែលមិនផលិតអំពីដែក (ដីឥដ្ឋ ឈើ ជ័រ) ដែកដែលល្អ និងមានគុណភាពខ្ពស់ យើងហៅថា ដែកថែប។



ភស្តុតាងនៃការប្រើប្រាស់ដែក ក្នុងការស្រាវជ្រាវបុរាណវិទ្យា នៅក្នុងប្រទេសបានបង្ហាញឲ្យឃើញថា មនុស្សបានប្រើប្រាស់ ដែកតាំងពីសម័យបុរេប្រវត្តិសាស្ត្រ រហូតមកដល់បច្ចុប្បន្ន។ ភស្តុតាំងនេះមានដូចជា ១-ស្ថានីយសំរោងសែន គឺជាស្ថានីយបុរាណមួយស្ថិតក្នុងវប្បធម៌នវសិលា (យុគថ្មថ្មី) ដែលមានទីតាំងលើមាត់ច្រាំងស្ទឹងជីនិត (ដៃទន្លេសាប) ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងជាចំណុច     កណ្តាលនៃប្រទេសកម្ពុជា ។
កាលេចឡើងនៃលោហធាតុ សម្រាប់ប្រើប្រាស់មួយចំនួននៅតំបន់នេះ មានដូចជា សំរឹទ្ធ ស្ពាន់ ទង់ដែង និងដែក ។ ចំពោះលោហៈជាដែកឃើញមានដូចជា ដុំអាចម៍ដែក ក្បាលព្រួញ និងកណ្តៀវ។
ស្ថានីយនេះរកឃើញនៅក្នុងឆ្នាំ១៩៧៦ ដោយលោក Rоԛuе ឯលោក Cоrrе បានបោះពុម្ពផ្សាយអំពីរបស់ដែលរកឃើញនៅទីនោះនៅឆ្នាំ១៩៧៩។ ការរកឃើញស្ថានីយនេះ ក្នុងឆ្នាំ១៨៧៦ គឺជាជំហានដំបូងក្នុងការស្រាវជ្រាវបុរេប្រវត្តិសាស្ត្រ នៅអាស៊ីអាគ្នេយ៍។

២-ស្ថានីយម្លូវព្រៃ គឺម្លូព្រៃជាឈ្មោះភូមិមួយស្ថិតក្នុងឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។ ស្ថានីយម្លូព្រៃ ជាស្ថានីយបុរេប្រវត្តិសាស្ត្រមួយ ដែលយើងស្គាល់ស្ថានីយនេះ តាមរយៈអ្នកស្រាវជ្រាវ ជនជាតិបារាំងឈ្មោះ Paul Lévy ដែលបានធ្វើការស្រាវជ្រាវនៅទីនោះ និងបានបោះពុម្ពសៀវភៅមួយ ក្នុងឆ្នាំ១៩៤៣ ដែលមានចំណងជើថា “ការស្រាវជ្រាវបុរេប្រវត្តិសាស្ត្រ នៅក្នុងតំបន់ម្លូព្រៃ” ពាក់ព័ន្ធ និងប្រធានបទនេះ ក្នុងពេលដែលលោកចុះស្រាវជ្រាវនោះ លោក Lévy ប្រមូលបាននូវឧបករណ៍ដែក មួយចំនួន ក្នុងនោះមានឧបករណ៍ដែកខ្លះចាស់ និងខ្លះទៀតថ្មី ដែលអ្នកស្រុកនៅបំបន់នោះ នៅមានប្រើនៅឡើយ។
៣-ស្ថានីយភូមិ១០.៨ គឺជាស្ថានីយបុរេប្រវត្តិសាស្ត្រមួយ មានអាយុកាលពី ៤០០ឆ្នាំ រហូតដល់ ៥០ឆ្នាំ មុនគ្រឹស្តសករាជ ដែលមានទីតាំងស្ថិតក្នុងតំបន់ខ្ពង់រាប ដីក្រហម ត្រើយខាងកើតទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម។ ឧបករណ៍លោហៈ ដែលរកឃើញនៅស្ថានីយនេះ ផលិតពីវត្ថុធាតុដើម (រូបធាតុដើម) ពីរយ៉ាងគឺ ដែក និងសំរឹទ្ធ ។ ឧបករណ៍ផលិតអំពីដែកមានចំនួនច្រើន ហើយបែងចែកជាបីប្រភេទគឺ គ្រឿងអលង្ការ អាវុធ និងវត្ថុប្រើប្រាស់ផ្សេងៗ ។

៤. ស្ថានីយភូមិស្នាយ គឹជាភូមិស្នាយ មានទីតាំងស្ថិតនៅពាយ័ព្យនៃប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ស្ថានីយនេះ មានសណ្ឋានជា ទួលរាងមូលមានអង្កត់ផ្ចិតប្រវែង ៣គីឡូម៉ែត្រ និងកម្ពស់ ៣៦ម៉ែត្រ ពីទឹកសមុទ្រ។ នៅលើស្ថានីយនេះ មានភូមិចំនួនប្រាំបីគឺ ភូមិស្នាយ ភូមិអន្លង់ថ្មី (អន្លង់ថ្ម) ភូមិពពេល ភូមិឬស្សី ភូមិប៉ោយស្វាយ ភូមិរហាល ភូមិសាលាឆេះ និងភូមិចក ។
តាមការស្រាវជ្រាវផ្នែកបុរេប្រវត្តិសាស្ត្រ និងបុរាណវិទ្យា ស្ថានីយនេះ មានអាយុកាល ពី៥០០ឆ្នាំមុនគ្រឹស្តសករាជដល់ ៣០០ឆ្នាំនៃគ្រិស្តសករាជ។ ឧបករណ៍ប្រើប្រាស់ពីដែក ដែលរកឃើញនៅទីនោះមាន ដាវ កាំបិត កណ្តៀវ ព្រួញ កងដៃ កងជើង ។ល។

លើសពីនេះគេរកឃើញសំណល់អាចម៍ដែក មានទម្ងន់៥គីឡូក្រាម ដែលនាំឲ្យមានការសន្និដ្ឋានជាបឋមថាស្ថានីយនេះ ប្រហែលជាកន្លែងផលិតសម្ភារៈអំពីដែកទៀតផង។ ក្នុងឆ្នាំ២០០៧ គេបានរកឃើញអដ្ឋិធាតុទាហានជាស្ត្រី ដោយមានដាក់អាវុធនៅជាមួយសព ក្នុងពេលបញ្ចុះ។

៥- សារមន្ទីរស្រុកស្វាយចេក៖ ឧបករណ៍ដែលមាននៅក្នុង សារមន្ទីរស្រុកស្វាយចេកនេះ គឺបានមកដោយការប្រមូល ពីការជីកកកាយខុសច្បាប់របស់ប្រជាជន ពីស្ថានីយភ្នំតាដុង ពីស្ថានីយភូមិបន្ទាត់បោះ និងស្ថានីយភូមិដូន ណូយ ក្នុងស្រុកល្វាយចេក ខេត្តបន្ទាយមានជ័យ។ ឧបករណ៍ប្រើប្រាស់ប្រមូលបាននោះ មានច្រើន ប្រភេទដូចជា៖ ដាវ កាំបិត ផ្លែព្រួញ កណ្តៀវ ជាដើម ដែលមានអាយុកាលប្រហាក់ប្រហែលនឹងស្ថានីយភូមិស្នាយដែរ។

៦- ស្ថានីយព្រះហារ៖ ស្ថានីយព្រហារតាំងនៅចំកណ្តាលភូមិព្រហារ ឃុំជ្រៃ ស្រុកព្រៃវែង ខេត្តព្រៃវែង។ យោងតាមកំណាយស្រាវជ្រាវ និងវត្ថុបុរាណដែលបានរកឃើញ ស្ថានិយនេះមានអាយុកាល ពី៥០០ឆ្នាំ មុខគ្រិស្តសករាជ ដល់១០០ឆ្នាំនៃគ្រិស្តសករាជ។ ចំពោះឧបករណ៍ផលិតពីដែក ដែលរកឃើញនៅក្នុងស្ថានីយនេះ គេបាន បែងចែកជា ពីរប្រភេទគឺ៖ ឧបករណ៍ប្រើប្រាស់ និងគ្រឿងអលង្ការ។
កាលពីបួនម៉ឺនឆ្នាំមុន បុព្វបុរស របស់មនុស្ស អាស៊ីអាគ្នេយ៍ បានតាំងលំនៅអចិន្ត្រៃយ៍លើផ្នែកជាច្រើន នៃតំបន់នេះ។ ពួកគេបរបាញ់សត្វ និងនេសាទត្រី ដោយប្រើឧបករណ៍ធ្វើពីឈើ និងឬស្សី ដែលសព្វថ្ងៃ នៅតែមានប្រើ ប្រាស់នៅឡើយ។ គេប្រើពូថៅថ្ម និងកាំបិតថ្ម ធ្នូរ ព្រួញ អន្ទាក់សត្វ ឧបករណ៍រក្រី សម្ភារៈប្រើប្រាស់ដែលត្បាញពីវល្លិ៍ និងប៉ុយបង្កាត់ភ្លើង។

មកដល់ត្រឹមមួយទៅពីម៉ឺន ឆ្នាំមុន គេចាប់ផ្តើមធ្វើកសិកម្មដោយដាំសណ្តែក និងផ្សាំសត្វនានា មានមាន់ ជាដើម ។ នៅរវាងមួយម៉ឺនក្រុមជាតិសាសន៍ផ្សេងៗ នៅអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមបែកចេញពីគ្នា ទាំងវប្បធម៌ និងភាសា នៅលើតំបន់ធំៗ ដែលលាតសន្ធឹងពីវាលទំនាបភាគកណ្តាលប្រទេសចិន រហូតដល់ប្រជុំកោះឥណ្ឌូនេស៊ី ។ ប៉ុន្តែដំណើរការបែកចេញពីគ្នានេះ បានកើតឡើងដោយឈរលើវប្បធម៌រួម ដែលកើតតាំងពីបីម៉ឺនឆ្នាំមុនមកម្លេះ ដោយវប្បធម៌ដើមរបស់អាស៊ីអាគ្នេយ៍ នៅលាយចម្រុះគ្នាដូចជាពួកគេចេះផ្សាំសត្វជ្រូក គោ ក្របី និងសត្វពាហនៈ ព្រមទាំងចេះដាំស្រូវផង។
មនុស្សនៅអាស៊ីអាគ្នេយ៍ ក៏ចេះធ្វើទូក ដែលអាចធ្វើដំណើរឆ្ងាយរហូត ដល់ប្រទេសជប៉ុន មេឡានេស៊ី ឥណ្ឌា និងអាព្រិចខាងកើត ហើយអ្នកនៅអាស៊ីអាគ្នេយ៍ ចេះប្រើប្រាស់លោហៈ មុនតំបន់ផ្សេងៗ ទៀតក្នុងពិភពលោក ។ តាមរយៈការធ្វើកំណាយនៅកន្លែងមួយ ដែលស្ថិតនៅភាគឦសានប្រទេសសព្វថ្ងៃ បញ្ជាក់ឲ្យឃើញថា៖ មនុស្សជំនាន់នោះ ចេះផលិតទង់ដែង និងលង្ហិន ដោយទីនោះធ្លាប់ជាកន្លែងផលិតពូថៅលង្ហិន ដែលមានអាយុកាលមុនប្រាំពាន់ឆ្នាំមុនទៅទៀត ។ តំបន់នោះក៏មានកន្លែងផលិតដែក និងកុលាលភាជន៍ ដែលមានអាយុប្រហែលបីពាន់ឆ្នាំកន្លងមកដែរ៕

No comments

Powered by Blogger.