Header Ads

ភ្នំនាងកង្រី ចាត់ទុកជាភ្នំវប្បធម៌ ប្រវត្តិសាស្ត្រ ដែលបានផ្សារភ្ជាប់ទៅនឹងរឿងព្រេងនិទានខ្មែរ ពុទ្ធិសែន នាងកង្រី នៅក្នុងទសវត្សទី ៦០ និង ៧០

 កំពង់ឆ្នាំងៈ

ដោយៈ សេង ស៊ីដារ៉ូ


ភ្នំនាងកង្រី ជាផ្ទាំងទស្សនីយភាពដ៍ស្រស់ត្រកាល ដែលកើតចេញពីធម្មជាតិ ហើយបានលាតសន្ធឹងតាមបណ្តោយបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

នៅចង្កេះភ្នំ ក៍មានអង្រែថ្ម១ ត្បាល់ថ្ម១ បន្សល់ទុកតាំងពីបុរាណមកម្ល៉េះ ហើយប្រជាពលរដ្ឋតែងតែមានជំនឿពេលឡើងលើភ្នំនេះម្តងៗ ពួកគេតែងតែទៅយកអង្រែ ទៅបុកក្នុងត្បាល់ដើម្បីកុំឲ្យចាញ់ទឹក ចាញ់ដី សុំសេចក្តីសុខ សេចក្តីសប្បាយ។

ទោះបីរាប់រយឆ្នាំ ជំនឿនេះ ក៍មិនបាត់សាបសូន្យដែល ហើយតំបន់ភ្នំនាងកង្រីនេះ បានក្លាយទៅជារមណីដ្ឋានធម្មជាតិ និងជាភ្នំប្រវត្តិសាស្ត្រ ដែលបានទាក់ទាញភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ជាច្រើន ចូលមកលែងកំសាន្តទាំងរដូវប្រាំង និងរដូវវស្សា។

ភ្នំនាងកង្រី ឋិតនៅតាមដងទន្លេផ្សារក្រោម នៃត្រើយម្ខាងឯនោះ ហើយភ្នំនេះ ពោរពេញទៅដោយទូកនិងកាណូតតូចធំចតត្រៀបត្រា លាយឡំទៅនឹងសំលេងអ៊ូរអរ រវាងឈ្នួញទិញត្រីពីអ្នកនេសាទដែលឡើងមកពីរកត្រីក្នុងទន្លេនោះ ទើបធ្វើឲ្យតាមដងទន្លេ មានភាពអ៊ូរអរទាំងព្រឹកទាំងល្ងាច ជារាល់ថ្ងៃ។

នៅពេលដែលមានអ្នកដំណើរ និងភ្ញៀវទេសចរណ៍ ធ្វើការចុះទូក ឬកាណូត ឆ្លងទៅត្រើយម្ខាងនោះ ពួកគេតែងតែបានសង្កេតមើលរូបរាង ឬផ្ទាំងភ្នំដ៍ធំល្វឹងល្វើយ ដែលមានសណ្ឋានវែងអន្លាយហាក់ ដូចជាអណ្តែងឡើង ចេញពីផ្ទៃទឹកតែម្តង។

ភ្នំដ៍ស្រស់ស្អាតនេះ មានភិនភាគដូចជារូបមនុស្សស្រី ដែលអ្នកស្រុកឲ្យឈ្មោះថា ជាភ្នំនាងកង្រី។ ហើយភ្នំនេះ មានទាំងអ្នកស្រុក និងអ្នកធ្វើដំណើរ តែងសន្និដ្ឋាន និងភ្ជាប់ជាមួយព្រេងនិទានបូរាណខ្មែរផងដែរ ថា  ព្រោះភ្នំនេះ ហាក់ដូចជារស់រវើក គឺប្រដូចទៅនឹងរូបរាងស្ត្រី កំពុងដួលដេកស្តូកស្តឹងទៅលើដី ដោយបង្ហាញពីភិនភាគក្បាល ចង្កេះ ស្មារ សក់ កំប៉េះគូទ រហូតដល់ចុងជើងទាំងមូល។

បទបង្ហាញដែលទាក់ទិនទៅនឹងរឿងព្រេងនិទានបូរាណខ្មែរ ដែលមានចំណងជើងថា ពុទ្ធិសែន នាងកង្រី និងប្រវត្តិនាងទាំង១២ ត្រង់វគ្គសង្ខេប ( គ្រាដែលនាងកង្រី ស្រឡាញ់ និងទុកចិត្ត ចំពោះព្រះស្វាមី ជាខ្លាំង ក៍នាំព្រះអង្គយាងកំសាន្តគ្រប់ទីកន្លែង ហើយប្រាប់អំពីប្រវត្តិប្រស្រីភ្នែកនាងទាំង១២ និងអំពីថ្នាំសម្រាប់ដាក់ភ្នែក ឱ្យជាឡើងវិញ ហើយមានថ្នាំសម្រាប់បោះទៅកើតជាទឹក ឬជាភ្នំបានទៀតផង។

គ្រានោះពេលឃើញឳកាសល្អ ពុទ្ធិសែនក៍លបលួចយកថ្នាំ និងកែវភ្នែករត់ចោល នាងកង្រីទាំងយប់កណ្តាលអធ្រាត្រ ដើម្បីប្រញាប់យកថ្នាំទៅព្យាបាលភ្នែកព្រះមាតានៅឯនគរវិញ។ ប៉ុន្តែ នាងកង្រីបានដឹងខ្លួនទាន់ក៍រត់តាមស្វាមី ដោយក្តីតក់ស្លុតរន្ធត់ក្រៃលែង។ ពេលនោះ ពុទ្ធិសែន ឃើញនាងកង្រីកំពុងដង្ហោយហៅតាមក្រោយ ក៍បោះថ្នាំទិព្វឱ្យកើតជាទឹកទន្លេ ដើម្បីឃាំងផ្លូវនាងកង្រី មិនឱ្យមកតាមដំណើរបានឡើយ។ នាងកង្រី គិតតែយំសោកបោកខ្លួនមិនឈប់ ធ្វើឱ្យព្រះកាយកាន់តែខ្សោយទៅៗ រហូតដល់បាត់បង់ជីវិត នៅកណ្តាលព្រៃនោះ ហើយក្រោយមក នៅកន្លែងនោះ ក៍កកើតជាថ្មក្លាយជាភ្នំ ដូចរូបរាងនាងកង្រី ក្នុងព្រេងនិទាន រហូតតមកដល់ សព្វថ្ងៃយើងនេះ។

ភ្នំនាងកង្រីនេះ មានមនុស្សចាស់ៗនិយាយតគ្នាថា អ្នកស្រុកក្នុងតំបន់ភ្នំកង្រី ស្អប់ខ្ពើមម្អមណាស់ ដែលជា បន្ថែមួយប្រភេទសំរាប់ផ្សំក្នុងសម្ល ឲ្យមានរស់ជាតិឈ្ងុយឆ្ងាញ់។ ហើយដើមម្អមទាំងនោះ ច្រើនដុះតាមជើងភ្នំកង្រី ឬវាលស្រែ ហើយម្អមនេះ បានក្លាយទៅជាបន្ថែខ្ពើមរអើមនាសម័យអតីតកាល នោះ ដោយពួកគេយល់ឃើញថា ជារោមក្លៀក ឬរោមកេរខ្មាស់ របស់យក្សនាងកង្រី ហើយពាក្យ ដំណាលនោះត្រូវបាត់បង់ទៅវិញ ដោយសម័យក្រោយមកទៀតយល់ថា ជាពាក្យមិនសមរម្យ និងជាពាក្យមិនពិត គ្រាន់តែបំផ្លើសប៉ុណ្ណោះ។

តាមរយ:បទសំភាសន៍ដ៍ខ្លី ជាមួយលោកប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ភ្នំកង្រីនេះ ពុំមានការឋិតគ្រប់គ្រងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តនោះឡើយ ដោយសារគ្មានប្រាសាទបុរាណ ហើយភ្នំនេះ ឋិតក្នុងការអភិរស្ស: និងមានគំរោងបង្កើត ជារមណីដ្ឋានទេសចរណ៍ និងការគ្រប់គ្រងរបស់បរិស្ថាន។ លោកបន្តថា ភ្នំនាងកង្រី នឹងចាត់ទុកជាភ្នំវប្បធម៌ ប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជា។ ប្រវត្តិរឿងព្រេងពុទ្ធិសែន នាងកង្រី នៅក្នុងទសវត្សទី ៦០ និង ៧០ ត្រូវបានផលិតករភាពយន្ត ក្នុងស្រុកបានយកប្រវត្តិរឿងនេះ ទៅថតជាខ្សែភាពយន្ត មានភាពល្បីល្បាញ និងមានការបោះពុម្ពឡើងវិញ ដោយចងក្រងជាប្រជុំរឿងព្រេងនិទានខ្មែរ សំរាប់ទុកជាកេរ្តិ៍ដំណែល ដល់កូនចៅជំនាន់ក្រោយ ទុកជាអក្សរសិល្ប៍ខ្មែរ ដ៍យូរអង្វែងតរៀងទៅ៕

No comments

Powered by Blogger.