Header Ads

សិក្ខាសាលាផ្សព្វផ្សាយ ដាក់ឲ្យដំណើរការគម្រោងគ្រប់គ្រងគ្រោះមហន្ដរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២ ក្នុងទឹកប្រាក់ប្រមាណ៦០លាន ដុល្លារអាមេរិក


ភ្នំពេញៈ

 ដោយ៖ យិន ស្រីណែត


រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី បើកវគ្គសិក្ខាសាលា ដើម្បីធ្វើការផ្សព្វផ្សាយដាក់ឲ្យដំណើរ គម្រោងគ្រប់គ្រងគ្រោះមហន្ដរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ កាលពីពេលថ្មីនេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។

លោកស្រី  Hеnrіkе Brесht តំណាងធនាគាពិភពលោក បានបញ្ជាក់ថា ដោយសារតំបន់មួយចំនួន នៃប្រទេសកម្ពុជា ងាយរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ និងយោងតាមសំណើររបស់រាជរដ្ឋាភិបាល កម្ពុជា ធនាគារ ពិភពលោក បានផ្ដល់ប្រាក់កម្ចី ដល់កម្ពុជា ដើម្បីស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនទ នៅតាមបណ្ដា ខេត្តមួយចំនួន។  គម្រោងគ្រប់គ្រងគ្រោះមហន្ដរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ និងបានបន្តពីគម្រោងស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយព្យុះកេតសាណា ដែលបានបញ្ចប់ប្រកបដោយជោគជ័យនាឆ្នាំ ២០១៤។ លោកស្រី បានបន្តទៀតថា ធនាគាពិភពលោក និងសហការី នឹងប្ដេជ្ញាសហប្រតិបត្តិការឲ្យបានល្អ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្រ្ដីអនុវត្តគម្រោង តាមរយៈបទពិសោធន៍ ដែលកន្លងមក ។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ច ជូនក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើការសម្របសម្រួល និងដឹកនាំគម្រោងគ្រប់គ្រងគ្រោះមហន្ដរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ដែលជាគម្រោងថ្មីមួយទៀត ដែលទទួលបានការគាំទ្រ ពីធនាគារពិភពលោក សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះ នឹងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងសរុបប្រវែង ២៩០គីឡូម៉ែត្រ និងស្ពានបេតុងមួយកន្លែង នៅក្នុងខេត្តគោលដៅទាំង ៦ តាមដងទន្លេមេគង្គ និងអាងទន្លេសាប រួមមាន ខេត្តកណ្ដាល  កំពង់ចាម  ត្បូងឃ្មុំ  ក្រចេះ  ស្ទឹងត្រែង និងខេត្តសៀមរាប ក្នុងរយៈពេល ៥ឆ្នាំ គឺចាប់ពី ឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ ក្នុងទឹកប្រាក់ប្រមាណ៦០ លាន ដុល្លារអាមេរិក ។

លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់មន្រ្ដីពាក់ព័ន្ធក្នុងការអនុវត្តគម្រោងទាំងអស់ យកចិត្តទុកដាក់ស្វែងយល់ និងចូលរួមមតិយោបល់ ឲ្យបានផុសផុល ដើម្បីឲ្យដំណើរការគម្រោងគ្រប់គ្រងគ្រោះមហន្ដរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ទទួលបានជោគជ័យ៕

No comments

Powered by Blogger.