Header Ads

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ការបកស្រាយ និងការវិភាគអំពីខ្ញុំ និងបងម៉ាណែត គឺ មានចេតនា​អុជអាល និងញុះញង់ ទាំងនេះដូច បង្កើនកម្លាំងសាមគ្គីភាពដ៏រឹងមាំនៃក្រុមគ្រួសារខ្ញុំ និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃបក្ស​យើង

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការបកស្រាយ និងបទវិភាគ​ស្តីពី​ខ្ញុំ និងបងម៉ាណែត នេះ គឺ​មានចេតនាអុជអាល និងញុះញង់ ហើ​យជួន​ពេលខ្លះ ក៏ជាការវិភាគដែលគួរឲ្យអស់សំណើចទៀតផង។

នាពេលថ្មីៗនេះលោកពុក មានការលើកឡើងក្នុងពិធីបើកការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ថ្មីថា ខ្ញុំ និងបង​ម៉ាណែត និងក្រុមគ្រួសារយើង​ទាំង​អស់​​គ្នា យល់ច្បាស់ណាស់ពីចរិតនៃការបកស្រាយ និងបទវិភាគក្នុង​ចេតនាបំបែកបំបាក់ទាំងនោះ ហើយយើងអរគុណទៅវិញទេ ដែលការ​វិភាគទាំងនោះ បានក្លាយទៅជា​មូល​ដ្ឋានសាមគ្គីភាពផ្ទៃក្នុងបន្ថែមទៀត​សម្រាប់​ក្រុមគ្រួសាររបស់យើង។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបន្តទៀតថា ខ្ញុំធ្លាប់បានបកស្រាយជា​សា​ធារ​ណៈ ​និងជាបន្ត​បន្ទាប់​កន្លងមក ថា​ ខ្ញុំគាំទ្រយ៉ាងពេញទំហឹង​ចំ​ពោះ​បេក្ខ​ភាពបងម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្រ្តី បន្តពីពុក ហើយ​ការគាំទ្រនេះ មិនត្រឹមតែស្តែងចេញពីការលើកឡើងរបស់ខ្ញុំ​ជា​ហូរហែ​ប៉ុណ្ណោះទេ វាក៏ស្ដែងចេញ​តាមទង្វើទាំងឡាយដែលខ្ញុំបាន នឹងកំពុង​ធ្វើនាពេលកន្លងមក។

មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ សមាជិក សមាជិ​កានៃគណបក្ស​​ប្រជា​​ជន​កម្ពុជាយើងទាំងអស់ នាពេលកន្លងមក និង​ជា​បន្ត​បន្ទាប់ ក៏បាន​បង្ហា​ញ​​ការ​គាំទ្រ​ចំពោះបេក្ខភាពរបស់បងម៉ាណែតនេះដែរ ដែលផ្ទុយ​ទៅវិញ ការបកស្រាយ​អុចអាលទាំងអម្បាល​ម៉ាននេះ គ្រាន់តែជាអ្វី​ដែល​បង្ហាញ​ឲ្យយើងអាចឃើញកាន់តែច្បាស់​ពីភាពភិតភ័យ​របស់​ក្រុម​អ្នក​វិភាគ​ទាំង​នោះ ចំពោះកម្លាំងសាមគ្គីភាពដ៏រឹងមាំនៃថ្នាក់ដឹកនាំ សមាជិក សមាជិកា​នៃបក្ស​យើង៕

https://kronglungvek.com.kh

No comments

Powered by Blogger.