Header Ads

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជួបប្រធានអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា (SNV) ពិភាក្សាអំពីផែនការយុទ្ធសាស្រ្ដ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យ លោកស្រី Bronwyn Powell ប្រធាន​កម្ម​វិធីទឹកស្អាត និងអនាម័យនៃអង្គការអភិវឌ្ឍ ហូឡង់កម្ពុជា និងតំណាងធនាគារពិភពលោក ព្រមទាំង​សហ​ការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។

លោក រដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងបានជម្រាបជូនភ្ញៀវអំពីផែនការយុទ្ធសាស្រ្ដ ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ជូនប្រជាពលរដ្ឋនៅតាមទីជនបទ ក្នុងនោះមាន​យុទ្ធ​​សាស្រ្ដសំខាន់ៗចំនួន៤ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំឡើង គឺ ទី ១ការកសាងហេដ្ឋារ​ចនា​​សម្ព័ន្ធ​​រូបវ័ន្ត ទី២ ការអប់រំលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ ទី៣ ការ​បង្កើត​ឱកា​ស​កាងារ ឬមុខរបរផ្សេងៗ តាមរយៈការបណ្ដុះបណ្ដាលមុខវិជ្ជាជីវភាព​ប្រជាពលរដ្ឋក្រីក្រតាម​ជនបទ និងទី៤ ការពង្រឹងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីលើកស្ទួយផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ។

លោក រដ្ឋមន្រ្ដី បានជម្រាបជូនភ្ញៀវថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តការងារវិមជ្ឈការផង និងវិសហមជ្ឈការផង ក្នុងនោះបានប្រគល់ភារកិច្ចជូន ទៅមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត សហការជា​មួយរដ្ឋបាលស្រុក ដើម្បីរៀបចំផែនការឆ្លើយតបទៅ នឹងតម្រូវការរបស់ប្រជាពលរដ្ឋ ផ្នែកទឹកស្អាត និង​អនាម័យ។

ជាមួយនេះ ក្រសួងបានធ្វើការផ្ទេរមុខងារសាកល្បងទៅឲ្យរដ្ឋបាលស្រុក មួយចំនួន លើការងារសាងសង់​បង្គន់​អនាម័យសាធារណៈ និងការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតផងដែរ ។
លោកស្រី​​ Bronwyn Powel បានជម្រាបជូន លោករដ្ឋមន្រ្ដី អំពីសកម្មភាពការងារសំខាន់ៗចំនួន ៣ របស់អង្គការអភិវឌ្ឍហូឡង់កម្ពុជា ដែលកំពុងអនុវត្តន៍ គឺទី១ ផ្នែកផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទី ២ ផ្នែកធនធានដែលកើតឡើងវិញ និងទី៣ គឺ ផ្នែកកសិកម្ម។ លោកស្រី បានបន្តថា អ្វីដែលអង្គការអភិ​វឌ្ឍហូឡង់កម្ពុជា បាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអភិវឌ្ឍន៍ជនបទនោះ គឺ វិស័យទឹក​ស្អាត និងអនាម័យជនបទ ដែលវិស័យនេះ កំពុងមានវឌ្ឍនភាពគួរកត់សម្គាល់។

តាមរយៈផែនការសកម្មភាពជាតិជំហានទី ២ បានដាក់ទិសដៅថា នៅឆ្នាំ២០២៣ ប្រជាពលរដ្ឋ ៩០% នៅជនបទ និងទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដូចនេះ លោកស្រី បានលើកឡើងថា ផែន​ការ​នេះ នឹងសម្រេចបាន បើមានការសហប្រតិបត្តិការបន្តពីដៃគូពាក់ព័ន្ធនានា។

លោកស្រី បានបន្តទៀតថា ធនាគារពិភពលោក បានជ្រើសរើសអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា (SNV) ជាទីប្រឹក្សាបច្ចេកទេស ក្នុងការផ្ដល់ជំនួយបច្ចេកទេស ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារដ្ឋបាល​ស្រុក​ក្នុងការអនុវត្តគម្រោងសាកល្បងផ្ទេរមុខងារអនាម័យជនបទ ដល់រដ្ឋបាលស្រុកគោលដៅទាំង ១៥ ក្នុង​ខេត្ត​​កំពង់​ឆ្នាំ កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ។      

លោក រដ្ឋមន្រ្ដី និងលោកស្រី Bronwyn Powell ប្រធានកម្មវិធីទឹកស្អាត និងអនាម័យ​នៃអង្គការ​អភិវឌ្ឍន៍​ហូឡង់កម្ពុជា​ បានសន្យាថា​ នឹងបន្តកិច្ចសហប្រតិបត្តិការបន្តទៀត ​ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរួម​គ្នា​កែ​ប្រែឥរិយាបទរបស់ប្រជាពលរដ្ឋ ឲ្យប្រើប្រាស់បង្គន់អនាម័យវិញ តាមរយៈបទពិសោធន៍​ដែលបានជួប​កន្លង​មក៕​     

No comments

Powered by Blogger.