សែលកាត សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តលើកកំពស់លើវិសយ័ការងារ និងបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា
ភ្នំពេញៈ
ដោយ៖ កញ្ញា ទេព សុវ៉ាត
![]() |
ទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី២នេះ ធ្វើឡើងក្រោមប្រធានបទ «TVET អាចធ្វើបាន» មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ។ ក្នុងកម្មវិធីនេះ មានការចូលរួមឧបត្ថមដ៏ធំ ពីក្រុមហ៊ុនសែលកាត ដើម្បីចូលរួមគាំទ្រកម្មវិធី បន្តលើកកំពស់លើវិស័យអប់រំ និងបណ្តុះបណ្តាលលើវជ្ជាជីវៈ។
លោក ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបន្តថា ទន្ទឹមនឹងការកើតមានឡើងនូវបដិវត្តឧស្សាហកម្មទី៤ ដោយសារការរីកចម្រើនបច្ចេកវិទ្យាថ្មី យ៉ាងឆាប់រហ័សកំពុងជះឥទ្ធិពលឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង នូវរបៀបរបបប្រតិបត្តិការធុរកិច្ច និងការបំពេញការងារ និងតម្រូវការជំនាញគ្រប់ប្រភេទ។ នៅកម្ពុជាបច្ចុប្បន្ននេះ ក៏មានការផ្លាស់ប្តូរដែលបណ្តាលមកពីការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះដែរ ដូចជាការផ្តល់សេវារថយន្តតាក់ស៊ីសេវាធនាគារ-ហិរញ្ញវត្ថុការទិញ-លក់ទំនិញ ឬ ការកក់សណ្ឋាគារ និងសំបុត្រយន្តហោះជាដើម។
កត្តានេះ នាំឲ្យមានការព្រួយបារម្ភអំពីការបាត់បង់ការងារ ព្រមទាំងការបង្វែ ទុនវិនិយោគត្រលប់ទៅប្រទេសអភិវឌ្ឍន៍ ដែលជាប្រភពដើមនៃទុនវិញ ដោយសារការអាចប្រើប្រាស់ស្វ័យប្រវត្តិកម្មរ៉ូបូត និងបញ្ញានិម្មិតជំនួសឲ្យកម្លាំងពលកម្ម និងបញ្ញាមនុស្ស។ ជាការពិតហើយថា នឹងមានការងារខ្លះ ត្រូវបានបំផ្លាញនិងបាត់បង់ ពេលដែលក្រុមហ៊ុនចាប់យកបច្ចេកវិទ្យាថ្មីទាំងនេះ មកប្រើប្រាស់ជាបន្តបន្ទាប់ ក៏ប៉ុន្តែបច្ចេកវិទ្យាថ្មីទាំងនេះ ក៏នឹងចូលរួមចំណែកផងដែរក្នុងការបង្កើតការងារថ្មីៗ កាន់តែល្អមានផលិតភាពនិងផ្តល់ប្រាក់ឈ្នួលកាន់តែខ្ពស់ ដូចនៅក្នុងប្រវត្តិសាស្រ្តនៃបដិវត្តន៍ឧស្សាហកម្មនានា ក្នុងពេលកន្លងមក។
ក្នុងបរិបទដែលខឿនសេដ្ឋកិច្ចបច្ចេកវិទ្យា និងពិភពការងារមានការប្រែប្រួលយ៉ាងឆាប់រហ័សដូច្នេះ កម្លាំងពលកម្មទាំងអស់ត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីឈានទៅទទួលបានជោគជ័យ គឺអ្នកដែលផ្តួចផ្តើមដោយខ្លួនឯងផ្ទាល់ ក្នុងការយកចិត្តទុកដាក់លើការអភិវឌ្ឍថ្មីៗ ដែលកំពុងលេចរូបរាងឡើង និងអនុវត្តន៍ការសិក្សាពេញមួយជីវិត។
ក្នុងនោះការអភិវឌ្ឍធនធានមនុស្ស ដែលផ្តោតលើការពង្រឹងគុណភាព វិស័យអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ និងការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គមត្រូវបានចាត់ទុក ជាអាទិភាពខ្ពស់បំផុតមួយ។
លោករដ្ឋមន្ត្រីស្តីទី បានបន្តថា ដើម្បីចូលរួមអនុវត្តន៍ ឲ្យសម្រេចជោគជ័យនូវអាទិភាពខាងលើនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ ដែលបានកំណត់ «ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» ជាយុទ្ធសាស្ត្រគន្លឹះមួយ ដើម្បីកសាងបាននូវកម្លាំងពលកម្ម ដែលមានជំនាញ វិជ្ជាជីវៈច្បាស់លាស់គំនិតឆ្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងសម្រេចឲ្យបាននូវគោលដៅ «យុវជនម្នាក់ មានជំនាញមួយយ៉ាងតិចប្រចំាជីវិត»។ រាជរដ្ឋាភិបាលបានបង្កើតក្របខណ្ឌគុណវុឌ្ឍិ ជាតិកម្ពុជាដាក់ឲ្យអនុវត្តន៍កម្មវិធីបណ្ដុះបណ្ដាលថ្មី ផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិកម្រិត១,២, ៣និង៤សម្រាប់៥វិស័យរួមមានសំណង់មេកានិកធុរកិច្ច/ICT អគ្គិសនី និងកម្មន្តសាល ព្រមទាំងរៀបចំដាក់ឲ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សា ពីមុនដែលនឹងធ្វើសមាហរណកម្ម អ្នកបានទទួលការបណ្តុះបណ្តាលគ្រប់ប្រភេទ ទាំងមុន និងក្រោយចូលធ្វើការងារនិងទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ៕

Post a Comment