ព្រះសម្មាសម្ពុទ្ធ កាត់ព្រះមហាសុបិន្តនិម្មិត ទាំង១៦ប្រការ ចុងក្រោយនេះ បានឆ្លុះបញ្ចាំងនូវហេតុការណ៍កាន់តែច្បាស់ ដូចបច្ចុប្បន្ន
ដោយ៖ សេង ស៊ីដារ៉ូ
(តពីលេខមុន)
![]() |
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ ពួកភិក្ខុសង្ឃដែលជាអ្នក បួស ក្នុងពុទ្ធសាសនាតថាគត គិតតែពីខាងលោភលន់ ចង់បានបច្ឆ័យ៤ ហួសហេតុ ព្រមទាំងចង់បាន ឋានៈខ្ពង់ខ្ពស់ ឥតមានអៀនខ្មាសសោះឡើយ។ ធម៌វិន័យ ដែលតថាគតទេសនាទូន្មាននោះ គឺមិនឲ្យត្រេក អរនឹងបច្ច័យទេ មិនឲ្យចង់បានឋានៈអ្វីឡើយ ឲ្យខំតែកម្ចាត់បង់នូវ លោភៈ ទោសៈ មោហៈ ចេញឲ្យផុតពី សន្តានចិត្ត ឲ្យប្រព្រឹត្តតែសិក្ខាគឺ សីល សមាធិ បញ្ញា ឲ្យបានមុតម៉ាំមែនទែន ដើម្បីជាផ្លូវទៅកាន់ព្រះនិព្វាន។
ប៉ុន្តែ លុះដល់តថាគត ចូលបរិនិព្វានអស់កាលកន្លងទៅជាយូរអង្វែង ពួកភិក្ខុ ទាំងឡាយ ទៅជានាំគ្នាប្រែ ក្លាធម៌តថាគត ដោយទេសនាបញ្ចេញបញ្ចូលឲ្យតែបានពិរោះ ល្បីល្បាញលើសគេ ដើម្បីឲ្យបានលាភសក្ការៈច្រើន បានឋានៈខ្ពង់ខ្ពស់ ឥតខ្លាចបាបសោះ គឺពួកភិក្ខុទាំងនោះហ៊ានយកធម៌សម្រាប់ព្រះនិព្វាន ទៅដូរយកបច្ច័យ៤។
សុបិន្តគម្រប់ទី១២ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិតឃើញ ឃ្លោកលិច អម្បែងអណ្តែត។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ នឹងមានការប្រែប្រួលនៅ ក្រឡាផ្ទៃក្រោម ដោយហេតុថា អ្នកល្ងង់ខ្លៅត្រូវបានឡើងធ្វើជាអ្នកដឹកនាំ មានស័ក្កិយសខ្ពង់ខ្ពស់ ត្រដែត ត្រដឹម មានអំណាច រួចហើយគេលើកតម្កើងតែមនុស្សល្ងង់ខ្លៅដូចគ្នា ឲ្យស្រដីលើអ្នកប្រាជ្ញ រាជបណ្ឌិត តម្រូវឲ្យអ្នកប្រាជ្ញ រាជបណ្ឌិត ស្តាប់បង្គាប់អ្នកល្ងង់ខ្លៅវិញ។
សុបិន្តគម្រប់ទី១៣ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិតឃើញ ដុំថ្មប៉ុនផ្ទះអណ្តែតទឹក រួចរសាត់តាមខ្យល់បាត់ទៅ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ យកស័ក្កិខ្ពង់ខ្ពស់ និងត្រូវ បានទៅលើតែពួកឥតត្រកូល ពោលគឺ ពួកអ្នកត្រកូលថោកទាប អវិជ្ជា ត្រូវបានឡើងធ្វើជានាហ្មឺនធំៗ ចំណែកឯពួកមានត្រកូលល្អត្រឹមត្រូវ សុចរិត យុត្តិធម៌ពិតៗ ត្រឡប់ទៅជាធ្លាក់ខ្លួនក្រខ្សត់ អ្នកផងលែង គោរពកោតក្រែង គឺគេនាំគ្នាគោរពកោតខ្លាចតែអ្នក ឥតត្រកូលទៅវិញ។ ម្យ៉ាងវិញទៀត គេនឹងលែងធ្វើគារ វកិច្ចចំពោះព្រះសង្ឃ ដែលមានសីលល្អបរិសុទ្ធ តែគេបែរជាគោរពរាប់អានតែភិក្ខុអលជ្ជី ដែលទ្រុស្តសីល ទៅវិញ។ ពួកភិក្ខុសង្ឃ ដែលប្រតិបត្តិត្រឹមត្រូវទៅតាមវិន័យ ត្រឡប់ជាខ្ចាត់ព្រាត់ពីទីប្រជុំសង្ឃទៅនៅឯក្រៅបាត់អស់ទៅ។
សុបិន្តគម្រប់ទី១៤ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិត ឃើញសត្វកង្កែបតូចៗ លោតដេញខាំពស់វែកធំៗ ហើយទំពាស៊ីលេបបាត់ទៅ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ លោកនឹងអាប់ឱនទៅ នៅ ក្នុងគ្រាដែលមនុស្សទាំងឡាយសឹងក្រាស់ ទៅដោយកម្លាំងកាមរាគដ៏ខ្លាំងក្លា មានកិលេសតណ្ហាគ្របសង្ក ត់ជាប់ បណ្តាលឲ្យប្តីសីសុខចិត្តនៅក្រោមអំណាចប្រពន្ធក្មេងៗ ទាំងទ្រព្យសម្បត្តិសព្វសារពើ ទៀតសោតក៏នៅក្នុងកណ្តាប់ដៃប្រពន្ធក្មេងៗ ទាំងនោះដែរ។ កាលបើប្តីសួរនាំពីទ្រព្យសម្បត្តិផ្សេងៗ ប្រពន្ធក្មេងៗ តែងតែស្តីបន្ទោស ជេរ ប្រមាថ តបតទៅវិញ កំហែងប្តីឲ្យលុះក្នុងអំណាចរបស់ខ្លួននោះ ស្មើខ្ញុំកំដរ។
សុបិន្តគម្រប់ទី១៥ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិតឃើញ រាជហង្សហើរទៅហែហមក្អែក បើក្អែកនៅទីណា រាជហង្សក៏នៅទីនោះដែរ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ ពួកព្រះរាជាក្នុងខត្តិយត្រ កូល និងពួកអ្នកដែលធ្លាប់នៅក្នុងត្រកូលខ្ពង់ខ្ពស់ មានចំណេះវិជ្ជា បែរជាទៅហែហមពួកល្ងង់ខ្លៅ នៅក្នុង ត្រកូលទាបៗ ដែលមានអំណាច ដើម្បីទៅសុំបុណ្យ សុំសក្តិពីពួកត្រកូលទាបៗនោះវិញ។
សុបិន្តគម្រប់ទី១៦ ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ទូលទៅព្រះបរមសាស្តាថា៖ខ្ញុំម្ចាស់យល់សុបិន្តនិម្មិតឃើញ ពពែដេញខាំខ្លា។ បើតាមសុបិន្តនេះ តើនឹងមានកើតហេតុភេទ ប្រែប្រួលយ៉ាងណាដែរ ទៅព្រះអង្គ?
ឱ!ព្រះជាម្ចាស់ខ្ញុំអើយ! តាំងពីកើតមក ខ្ញុំព្រះអង្គធ្លាប់តែបានដឹងបានឮថា ធម្មជាតិជាសត្វខ្លា វាតែងតែខាំ តែងតែស៊ីពពែ។ ប៉ុន្តែ ខ្ញុំព្រះអង្គបែរជាឃើញ ពពែដេញខាំស៊ីខ្លាទៅវិញ។ មិនត្រឹមប៉ុណ្ណោះ ខ្ញុំព្រះអង្គបានឃើញទៀតថា ហ្វូងខ្លា គ្រាន់តែឃើញពពែលឹមៗពីចម្ងាយ ក៏នាំគ្នាដាក់មេផាយ បោលយ៉ាងលឿនចូលទៅក្នុងព្រៃធំ ខំលាក់ខ្លួនពួនសម្ងំ ព្រោះខ្លាចពពែខាំស៊ី។
ព្រះសម្មាសម្ពុទ្ធបរមសាស្តា ទ្រង់មានព្រះពុទ្ធដីកាកាត់ព្រះមហាសុបិន្តនេះថ្វាយ ព្រះបាទបសេនទិកោសលថា៖ ថ្វាយព្រះពរ មហារាជ! លុះចំណេរចីរកាលតទៅមុខទៀតទៅ ពួកបណ្តាជនជាអ្នកឥតត្រកូល ហើយអវិជ្ជា ត្រូវទទួលបានសេចក្តីប្រោសប្រាណឲ្យឡើងធ្វើជានាហ្មឺនធំ។ ឯជនដែលមានពូជ មានត្រកូល ខ្ពង់ខ្ពស់ បែរទៅជាអាប់យសសក្តិ ធ្លាក់ខ្លួនទៅជាអ្នកកម្សត់វិញ។ អ្នកធំគេជឿតាមតែសេចក្តីវិនិច្ឆ័យរបស់ មន្ត្រីក្មេងៗ ដែលកេងប្រវ័ញ្ចយកមាសប្រាក់ យកស្រែចម្ការ ជារបស់បណ្តារាស្ត្រ ធ្វើជារបស់ខ្លួន ថែមទាំងឲ្យចាប់រាស្ត្រខ្លះធ្វើទារុណកម្ម ទាំងកំហែងថា៖ ឯងម៉េចបានជាហ៊ានបៀតបៀននាហ្មឺន!។ ជួនកាលមាន ដល់ទៅធ្វើទោសពៃរ៍ កាត់ដៃកាត់ជើង វាយខ្នងផង ម្ល៉ោះហើយអ្នកមានពូជ មានត្រកូលខ្ពង់ខ្ពស់ ចេះតែ ភិតភ័យ ព្រួយបារម្ភខ្លាចគេរកឃើញ គេនឹងចាប់ចងយកខ្លួនទៅធ្វើទោសពៃរ៍។ ម្យ៉ាងទៀត ក្នុងសាសនា តថាគត ក៏មានកើតហេតុភេទដូចគ្នាដែរ គឺពួកភិក្ខុទ្រុស្តសីលចេះតែរករឿងហេតុចាប់ទោស ចាប់កំហុស ពួកភិក្ខុជាអ្នកមានសីលល្អបរិសុទ្ធទៅវិញ។ ដូច្នេះ ពួកភិក្ខុដែលមានសីលស្អាតល្អបរិសុទ្ធទាំងនោះ ក៏នាំគ្នា រត់រកទីពឹង នៅតាមព្រៃភ្នំក្រំថ្មអស់ទៅ។
ថ្វាយព្រះពរ មហារាជ! ព្រះសុបិន្តនិម្មិតទាំង ១៦ប្រការនេះ ឥតមានឲ្យកើតហេតុទោសជាទុក្ខ ជាភយន្តរា យអ្វីដល់ព្រះអង្គសោះឡើយ។ សូមមហារាជកុំព្រួយព្រះរាជហឫទ័យ!។
ដកស្រង់ចេញពីសៀវភៅ សែម សារឿន ពុទ្ធទំនាយ ឥន្ទ្រទំនាយ ឥសីទំនាយ ប្រមូលចងក្រងដោយ សម្តេចព្រះពោធិវ័ង្ស នន្ទ ង៉ែត និងធន់ អ៊ិន។

Post a Comment