រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បើកសិក្ខាសាលាបញ្ចប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជន បទ ជំហានទី ២
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
![]() |
សិក្ខាសាលាថ្ងៃនេះ នឹងពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងឧបសគ្គ ដែលបានជួបកន្លងមក និងពិភាក្សាលើគំនិតផ្ដួចផ្ដើមរបស់ក្រុមទីប្រឹក្សាបច្ចេកទេស ដើម្បីត្រៀមរៀបចំឯកសារគតិយុត្តិ សម្រាប់អនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី២ ដែលមានរយៈពេល ២៣ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ តទៅ។ ហើយគម្រោងនេះ ក៏បានរៀបចំផែនការ និងកម្មវិធីអប់រំដល់សិស្សតាមសាលារៀនអំពីសុវត្តិភាពទឹក និងអនាម័យជនបទ និងការបន្សាំទៅនឹងការបម្រែបម្រួលអាកាសធាតុ ព្រមទាំងការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្ដរាយផងដែរ។
លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង បានបញ្ជាក់ថា ដោយការអនុវត្តទទួលបានជោគជ័យ ដំណាក់កាលទី១ និងទី២ រួចមក ធនាគារអភិវឌ្ឍន៍អាស៊ី បានឯកភាពផ្ដល់ថវិកាដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីបន្តការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី៣ ដោយផ្ដោតទៅលើខេត្តគោលដៅចំនួន ៨ គឺ ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំ បន្ទាយមានជ័យ កំពង់ស្ពឺ និងខេត្តកំពត ហើយក្រសួងកំពុងស្នើសុំបន្ថែមខេត្តចំនួន ២ទៀត គឺខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ។
ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តផែនការយុទ្ធសាស្រ្ដជាតិសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ សម្រាប់ឆ្នាំ២០១៤-២០២៥ ដោយបានកំណត់ថា ការផ្គត់ផ្គង់ទឹកស្អាត សម្រាប់តំបន់ជនបទត្រូវគ្របដណ្ដប់ ឲ្យបាន ១០០% នៅឆ្នាំ២០២៥ និងបានកំណត់ចក្ខុវិស័យ ថា មនុស្សគ្រប់រូបនៅក្នុងសហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្ដរភាព និងរស់នៅក្នុងបរិស្ថានស្អាតនៅឆ្នាំ ២០២៥។
ឯកឧត្ដម បានបន្តថា តាមរយៈនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូរនានា នៅឆ្នាំ២០១៨ ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត និងប្រតិបត្តិអនាម័យជនបទបាន ៦០% និងឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល គឺនៅឆ្នាំ២០២៥។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់ថា មូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រមាន ១,៩៦ លានដុល្លារអាមេរិក ត្រូវបានផ្ដល់ជាជំនួយឥតសំណងតាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីផ្ដល់ជាជំនួយបច្ចេកទេស សម្រាប់ការអភិវឌ្ឍសមត្ថភាពមន្រ្ដី អនុវត្តគម្រោងក្នុងខេត្តគោលដៅ។

Post a Comment