រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវក្រាលកៅស៊ូ និងស្ពានបេតុង នៅស្រុករលាប្អៀរ (និងខេត្តគោលដៅទាំង ៤)
ខេត្តកំពង់ឆ្នាំងៈ
ដោយ៖ ឌឹម គឹមហាក់
![]() |
លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង បានធ្វើរបាយការណ៍បញ្ជាក់ថា ក្នុងកិច្ចសន្យារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន បានផ្ដល់ហិរញ្ញប្បទានឥតសំណងសរុប ៨៣ ៦៤៨៣៧៤ RMB ស្មើនឹងប្រមាណ ១២ ៦៧៤ ០០០ ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហាន១ មានរយៈពេល ២៤ខែ ចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ដល់ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩។
គម្រោងនេះ បានបញ្ចប់ការកែលម្អផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ប្រភេទ(DBST) ប្រវែងសរុប ៣៥,៤៥៧គីឡូម៉ែត្រ សាងសង់ស្ពានបេតុងខ្នាតធំមួយកន្លែងប្រវែង ១២៥ម៉ែត្រ ស្ពានបេតុងខ្នាតតូច ចំនួន ០២កន្លែង ប្រវែងសរុប ៤៧ម៉ែត្រ សាងសង់លូប្រអប់ចំនួន ០៩កន្លែង សាងសង់លូមូលចំនួន៧៣កន្លែង ប្រឡាយបេតុងដោះទឹក (មានគម្រប) អមសងខាងផ្លូវ ប្រវែង ៣ ៣៩៨ ម៉ែត្រ លូអមសងខាងផ្លូវ ប្រវែង ២ ២២៨ម៉ែត្រ រៀបថ្មការពារជើងទេរផ្លូវចំនួន ២ ៧៨១ម៉ែត្រគូប និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ ព្រមទាំងបង្គោលសុវត្ថិភាពផងដែរ។
ដោយឡែកសមិទ្ធផល ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ មាននៅក្នុងខេត្តគោលដៅចំនួន ៤ គឺ
ខេត្តកំពង់ស្ពឺ ស្ពានបេតុងមួយកន្លែងប្រវែង ១២៥ម៉ែត្រ និងផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង ១៩៨ម៉ែត្រ ដែលមានទីតាំងនៅភូមិរការធំ និងភូមិស្វាយក្រវ៉ាន់ ក្រុងច្បារមន។ ខេត្តកំពង់ឆ្នាំង ផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន៤ខ្សែ ប្រវែងសរុប ១៦,៤៤គីឡូម៉ែត្រ។ ខេត្តកំពង់ចាម ផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន១ខ្សែ ចាប់ពី ថ្នល់បែកទៅដល់ ឃុំបុសថ្លាន់ ស្រុកចំការលើ ប្រវែង៧,២៦គ.ម។ ខេត្តកំពង់ធំ ផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិសណ្ដាន់ ទៅដល់ភូមិល្ហុង ឃុំចំណារក្រោម ស្រុកស្ទោង ប្រវែង ១១,៤៥ គ.ម។
លោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានសម្ដែងការអបអរសាទរចំពោះសមិទ្ធផលថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្ដីអនុវត្តន៍គម្រោង និងបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងចិន និងកម្ពុជា ដែលបាននឹងកំពុងអនុវត្តគម្រោងនានាជាច្រើន ក្នុងវិស័យគមនាគមន៍ អប់រំ សុខាភិបាល ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា ហើយសមិទ្ធផលទាំងនេះ ជាចំណងមិត្តភាពនៃប្រទេសទាំងពីរ។
ចំណែកប្រទេសចិន នៅតែបន្តគាំទ្រជួយដល់កម្ពុជា តាមវិស័យជាពិសេសប្រជាពលរដ្ឋនៅជនបទស្របតាមតម្រូវការជាក់ស្ដែង និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា នយោបាយហេដ្ឋារចនាសម្ព័ន្ធ រួមមានការកសាងផ្លូវ ស្ពាន គឺជាអាទិភាពមិនអាចខ្វះបាន ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ គម្រោងកែលម្អផ្លូវជនបទ ជំហានទី១ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង ជាពិសេសប្រជាពលរដ្ឋនៅជនបទ ក្នុងខេត្តគោលដៅរបស់គម្រោង អាចទាញយកផលប្រយោជន៍ ដូចជាកាត់បន្ថយទៅលើការចំណាយថ្លៃដឹកជញ្ជូន ពេលវេលាធ្វើដំណើរ ងាយស្រួលដល់ការដឹកជញ្ជូនជាលក្ខណៈតំបន់ ដែលតភ្ជាប់ពីផ្លូវជាតិ ផ្លូវខេត្ត ឆ្ពោះទៅកាន់ទីប្រជុំជន និងងាយស្រួលក្នុងការធ្វើដំណើរ ទៅទទួលសេវាសាធារណៈផ្សេងទៀត ព្រមទាំងខេត្តដែលមានសក្ដានុពលវិស័យកសិកម្ម និងឧស្សហកម្មផងដែរ។
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងខិតខំកៀរគររកជំនួយហិរញ្ញប្បទាននានា ដើម្បីធ្វើការកែលម្អផ្លូវដីស ទៅផ្លូវក្រាលក្រួសក្រហមនៅជនបទ ឲ្យទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុង។
លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមនិតចិន ដែលតែងតែផ្ដល់ការគាំទ្រទាំងស្មារតី បច្ចេកទេសហិរញ្ញប្បទាន ក៏ដូចជាជំនួយឥតសំណងយ៉ាងច្រើន និងទាន់ពេលវេលាដល់កម្ពុជាដោយពុំមានខក្ខខ័ណ្ឌស្មុកស្មាញឡើយ ជាមួយនេះ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន នឹងបន្តជួយក្រសួងអភិវឌ្ឍន៍ជនបទបន្តទៀត សម្រាប់បន្តអនុវត្តន៍គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ទៀត៕

Post a Comment