ប្រវត្តិ ត្រពាំងលាក់នង្គ័ល ទាក់ទងទៅនឹងពាក្យចាស់ថា ភូតលើហោរ ចោរលើ ជាង
ខេត្តកំពង់ឆ្នាំងៈ
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
ត្រពាំងលាក់នង្គ័លនេះ មានដំណាលថា មានកុមារម្នាក់ជាក្មេងកំព្រាគ្មានមាតាបិតាទេ សាត់ព្រាត់អនាថាឥតញាតិសន្តានគ្រប់គ្រងនោះទេ។ ចៅកំព្រានោះ បានរស់នៅពឹងពាក់ណាក់អាស្រ័យ និងលោកគ្រូមេវត្តបាយម៉ាក ។
លោកគ្រូពិនិត្យឃើញចៅកំសត់នោះ ជាក្មេងស្លូតត្រង់ក៏មានព្រះទ័យអាណិតអាសូរករុណា ទទួលឲ្យកុមារនោះនៅរៀនអក្សរ។ កុមារនោះអាប់ប្រាជ្ញាណាស់រៀនជាយូរឆ្នាំបានចេះចាំអក្សរត្រឹមតែ១១តួ កាលលោកគ្រូដាក់ច្បាប់ឲ្យរាប់ នមោ ចាំហើយ ដល់ដាក់ពុទ្ធោ ឲ្យទន្ទេញតទៅទៀត ភ្លេចនមោឈឹង ទោះបីលោកគ្រូបង្ខំយ៉ាងណាក៏ចេះចាំបានត្រឹមតែ នមោ ដល់ ឥឦ ប៉ុណ្ណោះ។ សូម្បីលេខនព្វខន្ធគុណហាអ្វី ក៏មិនចេះបន្តិចបន្តួចសោះឡើយ ហើយកុមារនោះចេះតែព្យាយាម ទន្ទេញអក្សរថា ឥឦទាំងថ្ងៃទាំងយប់ឥតឈប់ឈរ ឮសូរក្តែងៗ ហេតុដូច្នេះបានជាអ្នកស្រុក គេហៅថា ចៅឥឦៗ គ្រប់ៗគ្នា ។
លោកគ្រូនឹកភ្នកក្នុងចិត្តថា ចៅឥឦនេះ មកនៅក្តីយូរឆ្នាំហើយ គ្មានចេះចំណេះបន្តិចសោះ តែវាចេះគោរពប្រតិបត្តិ អាត្មាមិនឲ្យមានហ្មង កិរយាមាយាទវាក៏សុចរិតស្លូតត្រង់ល្អណាស់ ទើបលោកហៅចៅឥឦ មកឲ្យដំបូងន្មានប្រៀនប្រដៅសព្វគ្រប់ អំពីច្បាប់ចូលទៅនៅអាស្រ័យ និងមន្ត្រីគាប់បុណ្យសក្តិ ហើយលោកមានពុទ្ធដីកាទៅកាន់ចៅឥឦ ថា នែកុមារ ចៅមកនៅវត្តរៀនអក្សរ តាំងពីក្មេងរហូតដល់ធំពេញកម្លោះហើយ មិនចេះអក្សរសោះទទេ បើដូច្នេះ អាចក្តីនឹងនាំចៅឯងឲ្យទៅបម្រើនាហ្មឺនធំ ចូរចៅត្រងត្រាប់តាមច្បាប់ ដែលអាចក្តីប្រដៅនេះ ទៅក្រែលោបានជាធំ។
កាលចៅឥឦ ព្រមទទួលតាមពុទ្ធដីកាឥតមានប្រកែក ហើយលោកគ្រូនោះក៏នាំចៅឥឦ ទៅជូននាហ្មឺនធំម្នាក់សុំធ្វើជាកូនក្មួយបម្រើគេ ហើយលោកគ្រូមានពុទ្ធដីកានឹងមន្ត្រីនោះថា អាចក្តីយកក្មេងនេះ មកឲ្យបម្រើលោក បើក្មេងនេះទាស់ខុសឆ្គាំឆ្គងយ៉ាងណាៗ សូមលោកមេត្តាអភ័យទោសប្រដែប្រដៅឲ្យទានផងចុះ ព្រោះវាជាមនុស្សកំព្រាឥតមេបាទេ នៅតែនឹងខ្ញុំតាំងពីតូចមក ។
មន្ត្រីនោះក៏ទទួលចៅឥឦ ឲ្យនៅក្នុងផ្ទះបម្រើសម្រាប់តាមធម្មតា។ ឃើញចៅឥឦ មានគំនិតមាយាទសុចរិតពិតត្រង់ល្អ ក៏ស្រឡាញ់ប៉ុន្តែដោយហេតុចៅឥឦ មិនចេះលេខមិនចេះអក្សរសោះ គេនឹងឲ្យធ្វើជានាហ្មឺនមានយសសក្តិថ្នាក់ណាមួយក៏មិនកើត។ លុះចំណេរកាលទៅប្រមាណជា១០ឆ្នាំប្លាយ ចៅឥឦ ក៏លាមន្ត្រីនោះវិលទៅសុំលោកគ្រូមេវត្តបាយម៉ាកបួស លោកគ្រូនោះក៏បំបួសឲ្យត្រឹមជាសាមណេរ រក្សាសីល១០ ព្រោះល្ងង់ខ្លៅណាស់ នឹងបួសឲ្យជាភិក្ខុមិនកើត ។
លុះបានបួលជាលំដាប់មក ដោយនេនឥឦ ជាអ្នកក្សត់លាភៈសក្ការៈ ទាំងកូនសិស្សក៏គ្មានផងលោកទៅបញ្ចុះបញ្ចូល បបួលក្មេងម្នាក់ឈ្មោះ យ៉ោក មកនៅបម្រើដើម្បីសម្រួលក្នុងការចិញ្ចឹមជីវិត។ នៅរដូវភ្ជុំបិណ្ឌដែលលោកកុដិឯទៀតៗ គេបានចំណីច្រើន វេលាយប់ស្ងាត់ចៅយ៉ោកដើររើសសំបកអន្សម នំគម ក្រោមកុដិគេមកដាក់ក្រោយកុដិលោកគ្រូឥឦ ឲ្យឃើញច្រើនជាកុដិដទៃ ដើម្បីបង្អួតគេថាលោកគ្រូខ្លួនមាននំចំណីច្រើនជាងគេ។
ថ្ងៃមួយចៅយ៉ោកជាកូនសិស្ស បានឃើញអ្នកស្រែម្នាក់កំពុងភ្ជួស្រែ នៅក្បែត្រពាំងមួយ ដែលពេលល្ងាចគេដោះគោចេញ ទុកនង្គ័លក្បែរត្រពាំងនោះ ហើយគេដឹកគោទៅផ្ទះ។ កាលគេចេញផុតទៅចៅយ៉ោក យកនង្គ័លគេទៅលាក់ក្នុងទឹកត្រពាំង ហើយទៅរៀបរាប់ប្រាប់លោកគ្រូឥឦ ថា ខ្ញុំករុណាបានយកនង្គ័លអ្នកស្រែម្នាក់ដែលនៅក្បែរត្រពាំងទឹកមួយ ទៅលាក់ ខ្ញុំករុណាដាក់នង្គ័លនោះ បែយាមទៅខាងនោះ ដងទៅខាងនោះ សូមលោកគ្រូចាំទាយតាមដំណើរនោះចុះ បើគេមករកឲ្យទាយ។
ព្រឹកឡើងម្ចាស់នង្គ័លដឹកគោមកភ្ជួរ មិនឃើញនង្គ័ល ក៏ខំដើររកគ្រប់ច្រកល្ហកបានជួបប្រទះនឹងចៅ យ៉ោកៗសួរថា លោកពូទៅណាមកណា ក៏រលះរលាំងខ្លាំងម្លេះ? ម្ចាស់នង្គ័លប្រាប់ថា អាវ៉ាអើយ ចោរវាលួចនង្គ័លពូបាត់ទៅហើយយប់មិញនេះ រកមិនឃើញសោះ។ ចៅយ៉ោកប្រាប់ថា បើដូច្នេះលោកពូ យកទៀន ធូប ម្លូ ស្លា ទៅប្រគេនលោកគ្រូខ្ញុំឈ្មោះលោកតាឥឦ សុំឲ្យលោកទាយមើ លោកគ្រូខ្ញុំទាយឆុតណាស់ ។ ម្ចាស់នង្គ័លក៏វិលទៅផ្ទះយកទៀន ធូប ម្លូ ស្លា តម្រង់ទៅរកលោកតាឥឦ សូមឲ្យលោកទាយ។ ឯលោកតាកាលបើ បានទទួលទៀនធូប ម្លូ ស្លា ហើយក៏គន់គូរមើល ហើយសារសព្ទថានង្គ័លនោះ មានចោរនាំទៅលាក់ក្នុងត្រពាំងនៅក្បែរស្រែនោះ ដងវាបែទៅខាងត្បូង យាមទៅខាងជើង ភ្នងទៅខាងលិច។ ម្ចាស់នង្គ័លទៅរកតាមទំនាយនោះ ក៏បានឃើញពិតដូចទំនាយលោកគ្រូឥឦ ទាយនោះមែន។ តាងពីពេលនោះមកក៏ល្បីរន្ទឺឮទៅសព្វទិសថា លោកតាឥឦ ទាយឈុតណាស់ មនុស្សទាំងក្មេងទាំងចាស់តែមានអាសន្នអន់ក្រ ក៏រត់ទៅរកលោកគ្រូឥឦ ទាយឲ្យ។
ដោយហេតុមានរឿងដូច្នេះ បានជានៅឃុំល្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានត្រពាំមួយឈ្មោះថា ត្រពាំងលាក់នង្គ័ល ជាប់តាំងពីពេលនោះមក៕

Post a Comment