Header Ads

ព្រះសម្មាសម្ពុទ្ធ កាត់ព្រះសុបិន្តសោឡសនិម្មិត ទាំង១៦ប្រការ របស់ព្រះបាទ បសេនទិកោសល


ព្រះសម្មាសម្ពុទ្ធ កាត់ព្រះសុបិន្តសោឡសនិម្មិត ទាំង១៦ប្រការ របស់ព្រះបាទ បសេនទិកោសល


ដោយ៖ សេងស៊ីដារ៉ូ

(តពីលេខមុន)


ពុទ្ធទំនាយ សោឡសនិមិ្មត៖ កាលពីដើមមានសេចក្តីតំណាលយ៉ាងនេះថា នៅពេលវេលាល្ងាចនោះឯង ព្រះបាទបសេនទិកោសល ទ្រង់យាងចូលទៅកាន់ព្រះទែនសយនា ក្រឡាព្រះបន្ទំ ដូចសព្វមួយដង។ ក្នុង រាត្រីនោះ ព្រះអង្គទ្រង់ផ្ទំ យ៉ាងសែនស្កប់ស្កល់ក្នុងព្រះបន្ទំ តាំងពីវេលារំលងអធ្រាត្រ រហូតដល់វេលាទៀប ភ្លឺ។

ខណៈដែលព្រះអង្គកំពុងផ្ទំយ៉ាងស្កល់នោះ ស្រាប់តែព្រះអង្គទ្រង់យល់ព្រះសុបិន្តនិម្មិតឃើញ ១៦ប្រការ យ៉ាងច្បាស់ទែង ហាក់បីដូចជាទ្រង់បានទតឃើញនឹងព្រះនេត្រស្រស់ដូច្នោះដែរ។ លុះព្រះអង្គកើនដឹង​ព្រះស្មារតីឡើង នៅនាវេលាទៀបភ្លឺនោះ ព្រះអង្គទ្រង់នៅចាំព្រះសុបិន្តទាំង ១៦ប្រការនោះ យ៉ាងច្បាស់ ឥតមានភ្លេចភ្លាំង ដោយប្រការណាមួយឡើយ។ ព្រះអង្គទ្រង់ព្រះចិន្តាថា “សុបិន្តនេះ ហាក់បីដូចជាច​ម្លែក​ពន់ពេកណស់! ច្បាស់ជាប្រផ្នូលអ្វីខ្លះ មិនលែងឡើយ”។

កាលបើទ្រង់ព្រះតម្រិះដូច្នេះរួចហើយ ព្រះបាទបសេនទិកោសល ក៏ទ្រង់ត្រាស់ ហៅពួករាជអមាត្យ ឲ្យទៅ អញ្ជើញអស់លោកជាព្រាហ្មណ៍ បុរោហិត បណ្ឌិតហោរា មកកាន់ព្រះរាជរោងរម្យជាបន្ទាន់។
បន្ទាប់ពីទ្រង់ ស្រង់ព្រះសុគន្ទវារី រួចហើយ ព្រះអង្គទ្រង់ព្រះពស្ត្រតាមទម្លាប់ ប្រញាប់យាងទៅកាន់ព្រះរាជរោងរម្យ ជួប ជុំអស់លោកបុរោហិត ព្រាហ្មណ៍ព្រឹទ្ធ បណ្ឌិតហោរា ដែលបានអញ្ជើញមកចាំគាល់ ត្រៀបត្រារួចជាស្រេច​។ ព្រះបាទសម្តេចបសេនទិកោសល ទ្រង់ត្រាស់ទៅអស់លោកនាហ្មឺនទាំងនោះ ពីព្រះបំណងរបស់ព្រះ អង្គ ក្នុងការបើកអង្គប្រជុំជាវិសាមញ្ញនេះ។ រួចហើយព្រះអង្គក៏រៀបរាប់ជូនអង្គប្រជុំទាំងមូលអំពី “ព្រះមហា​សុបិន្ត​និម្មិតទាំង ១៦ប្រការ” នោះ។

ក្នុងចំណោមព្រះរាជហោរាក្តី ព្រះបុរោហិតក្តី ដែលបានរៀនអំពីវិជ្ជានេះ ពុំមានអ្នកណាម្នាក់ អាចកាត់​យល់បាននូវប្រផ្នូល ដែលកើតឡើងពីព្រះមហាសុបិនទាំងនោះទេ។​ ប៉ុន្តែ ដើម្បីកុំឲ្យខូចឈ្មោះរបស់ខ្លួន មានហោរាម្នាក់ទស្សន៍ទាយទាំងស្មានៗ ថ្វាយព្រះមហាក្សត្រត្រិយ៍ថា ព្រះអង្គនឹងត្រូវជួបគ្រោះថ្នាក់ណា មួយ  ជាមិនខាន ក្នុងចំណោមគ្រោះថ្នាក់បីយ៉ាងដូចតទៅ៖

ព្រះអង្គអាចខូចរាជសម្បត្តិ ពុំនោះសោតត្រូវខូចមហេសី ឬបើមិនដូច្នេះទេ ព្រះអង្គនឹងត្រូវសោយទិវង្គ​ហើយ។

កាលបើទ្រង់ព្រះសណ្តាប់ព្រះរាជហោរា ថ្វាយទំនាយយ៉ាងដូច្នេះហើយ ព្រះបាទបសេនទិកោសល ក៏ទ្រង់ ព្រួយព្រះទ័យយ៉ាងខ្លាំង។ ទ្រង់ក៏ត្រាស់សួរយោបល់បុរោហិតថា តើត្រូវធ្វើដូចម្តេចដើម្បីរំដោះគ្រោះនេះ បាន។ បុរោហិតថ្វាយយោបល់ថា មានតែត្រូវប្រារព្ធពិធីបូជាយញ្ញប៉ុណ្ណោះទេ។

ដោយហេតុថា ពិធីបូជាយញ្ញតម្រូវឲ្យមានការសម្លាប់មនុស្ស និងសត្វ ជាច្រើន ទើបព្រះនាងមល្លិកា ជា ព្រះអគ្គមហេសី ទ្រង់ថ្វាយយោបល់ ជំទាស់ទៅព្រះស្វាមីថា៖ ដែលព្រះអង្គចង់រស់ខ្លួនឯង ហើយទៅសម្លា ប់គេ ដើម្បីបូជាយញ្ញនុះ វាមិនត្រឹមត្រូវទាល់តែសោះ!។

ព្រះអគ្គមហេសី ក៏បានណែនាំព្រះស្វាមី ឲ្យទៅក្រាបបង្គំទូលសួរ ព្រះសម្មាសម្ពុទ្ធមើល ដើម្បីចង់ដឹងថា តើ ន័យ​ នៃមហាសុបិន្តនេះ វាពិតដូចព្រះរាជហោរាបានទូលថ្វាយមែន ឬមិនមែន។
ព្រះបាទបសេនទិកោសល ក៏ទ្រង់ស្តេចយាងទៅកាន់សម្នាក់នៃព្រះបរមសាស្តា សម្មាសម្ពុទ្ធ ដែលកាល​នោះ ទ្រង់កំពុងគង់នៅវត្តជេតពេន។

លុះស្តេចយាងទៅដល់ដំណាក់ព្រះសាស្តាវេលាណា ព្រះបាទបសេនទិកោសល ក៏លើកករប្រណម្យ ធ្វើ អភិវន្ទនកិច្ចចំពោះព្រះបរមសាស្តា ទាំងទូលព្រះបរមសាស្តា ព្រះបរមសាស្តាពីវត្ថុបំណង នៃការយាង​របស់ព្រះអង្គទៅកាន់ទីនោះ។ ដោយអានុភាពនៃទិព្វញាណរបស់ព្រះអង្គ ព្រះសម្មាសម្ពុទ្ធទ្រង់បានជ្រាប អំពីដំណើររឿងនេះ រួចជាស្រេចទៅហើយ។ ព្រះបសេនទិកោសល ទ្រង់លើកពីព្រះមហាសុបិន្តរបស់ព្រះ អង្គ ម្តងមួយៗ ទូលថ្វាយព្រះបរមសាស្តា។  ចំណែកឯព្រះបរមសាស្តាមហាបច្ចេកពុទ្ធវិញ ព្រះអង្គក៏ថ្វាយ សេចក្តីថា (បពិត្រមហារាជ! ព្រះសុបិន្តនេះ មិនមានន័យអ្វីទាក់ទងទៅនឹងព្រះអង្គផ្ទាល់ ដូចបុរោហិត​ទូល​​​ថ្វាយ​ទេ) រឿងទាំងអស់ វានឹងកើតមានឡើងនៅពេលអាណាគតឯនោះ គឺសម្រាប់មនុស្សលោកជាទូ ទៅផង និងសម្រាប់សាសនាតថាគតផង (បន្តនៅលេខក្រោយទៀត)។

ដកស្រង់ចេញពីសៀវភៅ សែម សារឿន ពុទ្ធទំនាយ ឥន្ទ្រទំនាយ ឥសីទំនាយ ប្រមូលចងក្រងដោយ សម្តេចព្រះពោធិវ័ង្ស នន្ទ ង៉ែត និងធន់ អ៊ិន។

No comments

Powered by Blogger.