Header Ads


ខេត្តកណ្តាលៈ


​ដោយ៖ សេង ស៊ីដារ៉ូ


 ពុទ្ធសាសនិកជនខ្មែរ តែងតែធ្វើវត្ត ធ្វើវិហារ បែរមុខឆ្ពោះទៅទិញខាងកើត ទៅតាមទំនៀមទំលាប់​ដែល​ចាស់​​បុរាណបានបន្សស់ទុកមក។ ប៉ុន្តែយើងឃើញវិហារមួយ ដែលសាងសងបែរមុខឆ្ពោះទៅទិសខាង​ជើង​ គេតែងហៅថាវិហារអដ្ឋរស នៅលើកំពូលភ្នំព្រះរាជទ្រព្យ ក្នុងស្រុកពញាឮ ខេត្តកណ្តាល។ ហើយ​វិហារនេះ មានប្រវត្តិទាក់ទងទៅនឹងរឿងព្រេងនិទាន ដែលបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ​មាន​ចម្ងល់ថា តើវិហារមួយនេះ មានរឿងចម្លែកយ៉ាងណា?

វិហារអដ្ឋរសនេះ មានសេចក្តីដំណាលដូចតទៅ៖ កាលនៅគ្រិស្តសតវត្សតី១៣ គឺចុងសម័យអង្គរព្រះរាជា​ប្រទេសចិន បានចាត់បេសកជនជាច្រើនក្រុម ឲ្យមកដើរមើលដើរស៊ើបសួរ ក្នុងប្រទេសនានា​ដើម្បីដឹងថា តើប្រទេសណាមានអារ្យធម៌ដូចម្តេចខ្លះ?

បើប្រទេសនានា មានអារ្យធម៌រុងរឿងត្រូវកត់ត្រាយកទៅផ្សាយ ក្នុងប្រទេសចិន ហើយប្រទេសចិន នឹង យក​​ប្រទេសនោះ ជាមិត្តបើប្រទេសណាមានអារ្យធម៌ ឱនអាប់ ប្រទេសចិននឹងជួយទំនុកបំរុង ឬនឹងយក​ធ្វើជាប្រទេសចំណុះ។

កាលនោះក្រុមបេសកជនចិន ចូលមកមើលមកស៊ើបសួរ ក្នុងប្រទេសខ្មែរសព្វគ្រប់ហើយ ក៏ត្រឡប់ទៅ​ទូល​ព្រះរាជាវិញថា “ប្រទេសខ្មែរថ្កុំថ្កើងរុងរឿង តែអាប់ឱនជាងកាលមុនបន្តិចហើយ អ្នកស្រុកនៅ​ដើរ​ជើង​ទទេ បរិភោគអាហារផ្ទាល់ដៃ ក្បាលទទេពុំសូវមានប្រើប្រាស់អ្វីឲ្យបានងាយស្រួលនោះទេ ប៉ុន្តែមិនយូរ​ប៉ុន្មាន ប្រទេសខ្មែរមុខជាជួបប្រទះ នឹងសេចក្តីថ្កុំថ្លើងរុងរឿងអស្ចារ្យឡើងវិញលើសដើម”។


ដោយពួកបេសកជនទាំងនោះ បានមកឃើញទីមួយ ដែលតាមក្បួនចិនសែថា ទីនោះអាចនឹងឲ្យផលល្អ​ផ្សេងៗ​ ដល់ប្រទេសកម្ពុជា។ ឯទីនោះ គឺភ្នំព្រះរាជទ្រព្យ នៅក្នុងស្រុកពញាឮខេត្តកណ្តាលសព្វថ្ងៃនេះ។ ពួកបេសកជនចិនបានមើលឃើញភ្នំនោះ មានរាងដូចជាសត្វមករ គឺខ្លួនមកនៅត្រង់ព្រះចេតិយត្រៃត្រិង្ស ក្បាល និងពុកមាត់មករ នៅត្រង់ព្រះចេតិយទន្ទឹម កន្ទុយមកនៅត្រង់ព្រះពុទ្ធរូបចូលបរិនិព្វាន មិនតែ​ប៉ុណ្ណោះនៅលើកំពូលភ្នំនោះ ថែមទាំងមានរូងមួយជ្រៅស្រឡូងទៅក្រោមផង។

ពួកចិនយល់ឃើញថា មិនយូរប៉ុន្មានទេ សត្វមករនឹងរុលខ្លួនចេញតាមរូបនេះ។ ហើយក្បួនចិនសែថា បើប្រទេសណាឬទីណា មានសត្វមករផុសឡើង ប្រទេសនោះនឹងមាឫទ្ធិអំណាចថ្កុំថ្កើងរុងរឿង ពុំមាន​ប្រទេស​ណាអាចតស៊ូបានទេ។ ដូច្នោះហើយ ដើម្បីសេចក្តីសុខដល់ប្រទេសចិនទៅអនាគត មន្ត្រីចិនទាំង​ឡាយទូល​សុំស្តេចក្រុងចិនថា ត្រូវលើកទ័ពទៅវាយយកប្រទេសខ្មែរ ធ្វើជាប្រទេសចំណុះឲ្យហើយ។

ស្តេចក្រុងចិន ទ្រង់ព្រះតម្រិះថា ធ្វើយ៉ាងនេះដូចជារំលោភទៅលើប្រទេសនេះជ្រុលពេក ម្យ៉ាងទៀត​ប្រទេស​ខ្មែរ​នៅខ្លាំងពូកែថ្កុំថ្កើងនៅឡើយ ពុំអាចនឹងវាយបានងាយទេ ទោះបីប្រទេសខ្មែរច្បាំងចាញ់​ប្រទេស​ចិន ក៏មុខជាលំបាកដោយអស់ពលយោធាច្រើន និងមានទុក្ខវេទនាដល់បណ្តាជនមិនខានឡើយ ។

ហេតុនេះ ដើម្បីនឹងទប់ទល់កុំឲ្យ មករនេះងើបរួចនៅទីនោះបាន ពួកចិនចង់សន្ធប់រូងភ្នំនោះ​ឲ្យជិត​ដោយ​ប្រការណាមួយ ហើយគិតថា បើយកដុំថ្មមកសន្ធប់រូងនោះទៅ ខ្លាចក្រែងថ្ងៃក្រោយខ្មែរយល់គំនិត នឹង​គាស់​ចេញវិញបាន ដូច្នេះគួរធ្វើអីជាទីគោរពរបស់ខ្មែរ ទើបចិនយល់ឃើញថា ប្រទេសខ្មែរកាន់​ព្រះពុទ្ធ​សាសនាមុតមាំណាស់ នៅទីណាមានព្រះពុទ្ធរូប មានវិហារ ខ្មែរពុំហ៊ានរំលងរំលើងទីនោះទេ។ ដោយ​ហេតុនេះ​បានជាស្តេចក្រុងចិន ឲ្យមន្ត្រីមកសុំធ្វើវិហារនៅលើកំពូលភ្នំព្រះរាជទ្រព្យ។

កាលបានអនុញ្ញាតពីស្តេចចិនហើយ លើកដំបូងពួកចិនចាប់កសាងព្រះពុទ្ធរូបមុនគេ រួចហើយទើបធ្វើ​វិហារ​​គ្រប​ព្រះពុទ្ធរូបនោះ តាមទំលាប់ខ្មែរ ព្រមទាំងតាមក្បួនហោរាសាស្ត្រចិនផង ព្រោះហេតុនេះ បានជាវិហារនេះ បែរមុខឆ្ពោះទៅទិសខាងជើង គឺឆ្ពោះទៅរកប្រទេសចិន។

ឯឈ្មោះព្រះវិហារនោះ ពុំដឹងជាពួកចិនគេហៅម្តេចទេ តែជនជាតិខ្មែរដោយឃើញក្នុងវិហារនោះមានព្រះ​ពុទ្ធ​រូប​​មារវិជ័យ១ ព្រះអង្គធំអស្ចារ្យកំពង់ ១៨ហត្ថ ក៏ហៅថា វិហារអដ្ឋារស ប្រែថាវិហារព្រះ១៨ហត្ថ។
តមកស្តេចស្រុកចិន ឲ្យជនជាតិចិននាំប្រស្នា៣ខ មកថ្វាយព្រះរាជាប្រទេសខ្មែរដោះស្រាយ បើព្រះរាជា​ខ្មែរដោះស្រាយប្រស្នាទាំង៣ខនេះពុំបានទេនោះ ប្រទេសខ្មែរត្រូវជាចំណុះប្រទេសចិន ត្រូវយកសួយ​សារ​អាករទៅថ្វាយស្តេចក្រុងចិនរាល់ឆ្នាំ។

ឯប្រស្នាស្តេចក្រុងចិន ទាំង៣ខនោះ សេចក្តីដូចតទៅនេះ គឺ មុនដំបូងមន្ត្រីចិនម្នាក់ជា អ្នកនាំប្រស្នាពី​ស្តេច​​ក្រុងចិនមកថ្វាយព្រះរាជាខ្មែរដោះស្រាយនោះ ក្រោកឈរឡើងចំពោះព្រះភ័ក្ត្រព្រះរាជា និងចំពោះ​មុខមន្ត្រីខ្មែរទាំងឡាយ ហើយឆ្លើយអាការៈដូចតទៅ៖ ប្រស្នាទី១ មន្ត្រីចិនចំកោងខ្នង លាដៃទាំងពីរប្រៀប​ដូចជាឱបរបស់យ៉ាងធំ ប្រស្នាទី២ មន្ត្រីចិនក្តាប់ដៃម្ខាងលើកឡើងកំពស់មុខ ប្រស្នាទី៣ មន្ត្រីចិនបោះដៃ​ត្រង់ទៅមុខ លាម្រាមដៃទាំង៥ក្រញាងឡើង។ ហើយថ្វាយកាលបរិច្ឆេទចំពោះព្រះរាជាខ្មែរថា ៧ថ្ងៃនឹង​ត្រឡប់មកគាល់សូមព្រះរាជទានសេចក្តីដោះស្រាយ។ ព្រះរាជាប្រទេសខ្មែរ ទ្រង់ព្រួយព្រះរាជហឫទ័យ ក៏ទ្រង់ត្រាស់បង្គាប់ឲ្យអស់នាហ្មឺនមុខមន្ត្រី ខិតត្រឹះរិះរកប្រស្នាទាំងនេះ។

ក្នុងចំណៅមន្ត្រីរបស់ទ្រង់ទាំងប៉ុន្មាន ពុំមាននរណាម្នាក់អាចដោះស្រាយប្រស្នានោះបានឡើយ ទើបព្រះ​រាជាទ្រង់ត្រាស់បង្គាប់ឲ្យប៉ាវគង រកអ្នកមានប្រាជ្ញាដោះស្រាយ ។

នៅសម័យនោះមានគង្វាលគោម្នាក់ បានឃើញគេប្រឹក្សាគ្នាជុំៗ ក៏ចូលទៅឈរស្តាប់ហើយឆ្លើយថា ប្រស្នា​ទាំង៣ខនេះងាយសោះស្រាយសោះគឺ៖ ប្រស្នាទី១ ដែលធ្វើដៃទាំងពីរវង់ចូលនោះប្រែថា អង្រុតត្រី ប្រស្នា​ទី២ ដែលក្តាប់ដៃម្ខាងលើកទៅលើនោះប្រែថា ស្នតែមួយ ប្រស្នាទី៣ ដែលលាម្រាមដៃបោះត្រង់ទៅ​មុខ​នោះ​​ប្រែថា រកបានត្រី៥។ អ្នកដែលបានស្គាល់ឮទាំងប៉ុន្មាន នាំគ្នាពិចារណាហើយសួរបុរសនោះថា និយាយ​លេងឬដូចម្តេច? បុរសនោះបានឆ្លើយទៅវិញថា ប្រស្នា ៣ខនេះ ប្រាកដជាប្រែដូច្នេះ។

អ្នកស្រុក​នាំ​​ពាក្យ​នោះ​ទៅប្រាប់មន្ត្រីដែលប៉ាវគង មន្ត្រីនោះក៏នាំបុរសគង្វាលគោនោះ ទៅថ្វាយព្រះមហាក្សត្រ។ កាលព្រះរាជាទ្រង់មានព្រះឱង្ការសួរបុរសនោះ អំពីសេចក្តីដោះស្រាយប្រស្នាទាំង ៣ខ បុរសនោះ​ក៏ក្រាបបង្គំទូលដោយសេចក្តីស្ងាត់ថា៖ ប្រស្នាទី១ ប្រែថា មានដីមួយគឺប្រទេសខ្មែរយើង ប្រស្នាទី២ ប្រែថា មានស្តេចមួយព្រះអង្គ សោយរាជសម្បត្តិលើផែនដីនេះ ប្រស្នាទី៣ប្រែថា មានសេនាបតី៥នាក់ ធ្វើការ​មើល​សុខទុក្ខរាស្ត្រពីព្រះរាជាមក។

ដល់ថ្ងៃកាលកំណត់ មន្ត្រីចិន ចូលគាល់ព្រះរាជាខ្មែរទូលសុំសេចក្តីដោះស្រាយ។ ព្រះរាជាខ្មែរមានឱង្ការ​ត្រាស់ហៅគង្វាលគោ ឲ្យមកដោះប្រស្នា។ នៅពេលនោះ គង្វាលគោក្រាបថ្វាយបង្គំព្រះរាជារួចហើយ ក៏​ដោះ​ស្រាយប្រស្នាទាំង ៣ខនោះ ចំពោះមុខមន្ត្រីចិនថា៖ ប្រស្នាទី១ គឺចក្រវាឡមួយបានដល់ចក្រវាឡ​ដែលយើងនៅសព្វថ្ងៃ ប្រស្នាទី២ គឺក្នុងចក្រវាឡនេះ មានភ្នំព្រះសុមេរុមួយធំក្រៃលែង ប្រស្នាទី៣​គឺចក្រវាឡនេះ មានព្រះពុទ្ធត្រាសដឹង៥ព្រះអង្គ។ មន្ត្រីចិនព្រមទទួលថា សេចក្តីដោះស្រាយប្រស្នា ៣ខនេះត្រូវហើយ។ រួចទើបក្រាបបង្គំលាព្រះរាជាប្រទេសខ្មែរ ទៅទូលស្តេចខ្លួនវិញ។ ព្រះរាជក្រុងចិន​ក៏សុំ​ចងជាមិត្តមេត្រីនឹងប្រទេសកម្ពុជា តាំងពីសម័យនោះ ដរាបមក ពុំមានរករឿងហេតុអ្វីម្តង​ណាសោះ​ឡើយ។

ឯកបុរសគង្វាលគោ ព្រះរាជាប្រទេសខ្មែរទ្រង់ប្រោសព្រះរាជាទានសម្បត្តិទ្រព្យជាច្រើន ហើយតាំង​គោ​រម្យងារ​ជា ធនញ្ជ័យបណ្ឌិត។ តមកជាយូរអង្វែង វិហារអដ្ឋារសក៏បាកបែកខ្ទេចខ្ទីអស់ទៅ សល់តែសីមា​និងព្រះពុទ្ធរូប។ លុះដល់មកសម័យលង្វែក ទើបព្រះចន្ទរាជា ព្រះមហាក្សត្រទ្រង់ធម៌ ទ្រង់ត្រាស់ឲ្យសាង​វិហារនោះ​ជាថ្មី ចំណែកព្រះពុទ្ធរូបនៅដូចដើម ពុំមានកែប្រែឡើយ គ្រាន់តែជួសជុលបន្តិចបន្តួចប៉ុណ្ណោះ ។


ប៉ុន្តែដោយវិហារនោះទ្រុឌទ្រោមទៅទៀត ព្រះករណាព្រះបាទសម្តេចព្រះនរោត្តម ព្រះអង្គចំណាយ​ព្រះរាជទ្រព្យ និងប្រាក់ឃោសនាពីអ្នកនគរ ស្ថាបនាជាថ្មីម្តងទៀត ដោយមានសម្តេចព្រះមហាសង្ឃរាជ ទៀត កាន់កាប់ការផ្ទាល់ព្រះអង្គ។ វិហារថ្មីនេះ បានហើយស្រេចសព្វគ្រប់ បានធ្វើបុណ្យបញ្ចុះសីមានៅ គ.ស ១៩១១ ក្នុងរជ្ជកាលព្រះបាទសម្តេច ព្រះស៊ីសុវត្ថិ ៕

No comments

Powered by Blogger.