Header Ads

វត្តវិហារសួរ​ កកើតឡើងក្នុងរជ្ជកាលព្រះបាទ បក្សីចាំក្រុង



 ខេត្តកណ្តាលៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

វត្តវិហារសួរ គឹជាព្រះរាជទ្រព្យ របស់ព្រះរាជាបក្សីចាំក្រុង ទ្រង់កសាងទុកជាអនុស្សាវរីយ៍ ត្រង់ទីដែលតាគ​ហេ​កើនព្រះអង្គឡើងសួរ និងមានចែងទុកក្នុងប្រវត្តិសាស្ត្រ នៃព្រះវិហារនោះ ស្ថិតនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល នាពេលបច្ចុប្បន្ន។

តាមរបាក្សត្រ ដែលមានចារឹកទុកមក ក្នុងព្រះរាជពង្សាវតារប្រទេសកម្ពុជាថា វត្តវិហារសួរ​កើតឡើងក្នុងរជ្ជ​កាល​​ទី១៩ គឺរជ្ជកាលព្រះបាទបក្សីចាំក្រុង ជាព្រះរាជាប្រទេសកម្ពុជាគង់នៅនគរវត្ត ក្នុងពុទ្ធសករាជរវាង ១៥៧២ គ្រិស្តសករាជ រវាង ១០២៨ ព្រះអង្គ បានផ្តើមកសាងទុកជាអនុស្សាវរីយ៍ រំលឹកដល់ពេលព្រះអង្គ​រត់​ជាមួយតាគហេ។

រឿងរ៉ាវដើមហេតុនាំឲ្យមានការរត់នេះ មានដំណាលថា កាលដែលព្រះបាទចក្រព័ត្រ ព្រះរាជាប្រទេសកម្ពុជា​រជ្ជកាលទី១៦ ទ្រង់ព្រះទីវង្គត ដោយសារបុរសម្នាក់ឈ្មោះ ដំបងគ្រញូង ដែលមានឬទ្ធិខ្លាំងពូកែ បានសោយ​រាជ្យជារជ្ជកាលទី១៧ ហើយបានឡើងបង្គប់ឲ្យធ្វើគតព្រះរាជវង្សានុវង្សមុន។

កាលនោះមានព្រះម្នាងម្នាក់ ទ្រង់ព្រះគត៌ពុំទានគ្រប់ខែ ភៀសខ្លួនជារាស្ត្រសាមញ្ញទៅស្រុកក្រៅ សំណាក់​ជា​មួយតាគហេ និងយាយលាក់ជាស្វាមីភរិយា ។ លុះព្រះគត៌គ្រប់ខែ ក៏ប្រសូត្រព្រះរាជបុត្រាមួយព្រះអង្គ ប្រកប​​​ដោយលក្ខណៈល្អ មានលាយលក្ខណ៍កងចក្រនៅបាទព្រះហស្ត និងបាទព្រះបាទ។ តាគហេ និងយាយលាក់ ស្រឡាញ់ណាស់ថ្នាក់ថ្នមដូចកូនបង្កើត។

ថ្ងៃមួយតាយាយ និងព្រះម្នាងទៅច្រូតស្រូវបានផ្តេក ព្រះរាជកុមារក្រោមម្លប់ដើមឈើមួយដើម។ លុះកំដៅថ្ងៃ​ចាំង​​មកត្រូវរាជកុមារ មានបក្សីមួយមកកាងស្លាបក្រុងបាំងពីលើមិនឲ្យត្រូវថ្ងៃ។ តាគហេស្មានថា​សត្វចឹកចៅ​រត់​ទៅ​មើល បក្សីនោះហើរបាតទៅ តាគហេនឹកសរសើរថា កូននេះមានបុណ្យអស្ចារ្យណាស់ ក៏ថ្វាយព្រះ​នាមថា បក្សីចាំក្រុង។

តមក កាលព្រះបាទព្រហ្មកិល (ពញាក្រែក) រជ្ជកាលទី១៨ ទ្រង់សោយរាជ្យឡើង​ ទ្រងបានជ្រាបទំនាយ​តាម​​​ពួក​ហោរា​ទាយថា មានអ្នកមានបុណ្យកើតក្នុងត្រកូលក្សត្រ បានព្រះជន្ម ៧ឆ្នាំហើយ ភៀសខ្លួនជា​រាស្ត្រ​នៅក្នុងរាជាណាចក្រ​នេះ អ្នកមានបុណ្យនោះមានកងចក្រនៅបាតដៃបាតជើង ទ្រង់ក៏យកក្មេងៗអាយុ៧ឆ្នាំ ដែលមាន​នៅក្នុងព្រះនគរ ទាំងប៉ុន្មានមកផ្តិតដៃនៅលើម្សៅក្នុងចង្អេរ ដើម្បីទ្រង់ពិនិត្យរកកងចក្រ។ តាគហេ ភ័យក៏ពបក្សីចាំក្រុងរត់ចេញ។ ព្រះរាជាទ្រង់ចាត់ទ័ពតាមចាប់។

ហេតុតែបុណ្យបារមីបក្សីចាំក្រុង កងទ័ពដេញតាមពុំទាន់ រកពុំឃើញ។ តាគហេ​បញ្ជិះបក្សីចាំក្រុងលើស្មា​ដើរ​កាត់ព្រៃ ទៅផ្ទះគាត់ ទៅដល់ផ្ទះហើយគាត់ទូលបក្សីចាំក្រុងថា បាគង់នៅទីនេះចុះ ចាំតាទៅកៀរគោ​បញ្ចូល​ក្រោសិន។ ហើយគាត់ចោលដំបងដេញគោ ដំបងបាត់ក្នុងទឹកអូរ រកពុំឃើញបានជាអូរនោះឈ្មោះថា ដូរដំ​បង នៅក្នុងខេត្តបាត់ដំបងសព្វថ្ងៃនេះ។

បន្ទាប់ពីនេះ តាគហេ ពបក្សីចាំក្រុងរត់កាត់ព្រៃទៅដល់ទួលមួយមានរដើរលួស ម្លប់ត្រឈៃល្អ ក៏ឈប់​សម្រាក់​ដេកនៅទីនោះបានជាទីនោះហៅថា ភូមិរលួស នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបសព្វថ្ងៃនេះ។

តពីនោះ តាគហេ និងបក្សីចាំក្រុង ជិះទូកគេឆ្លងកាត់ទីទំនាបទឹកមកដល់ខេត្តជើងព្រៃ កងទ័ពលើកតាមមក​ជិត​ទាន់ តាគហេ ក៏នាំបក្សីចាំក្រុងវេះពួនក្នុងព្រៃមួយ វេលាយប់ព្រៃនោះមានមូសច្រើន បក្សីចាំក្រុង​បួង​សួងថា បើខ្ញុំមានបុណ្យសូមកុំឲ្យមានមូសក្នុងទីនេះ ដោយអានុភាពព្រះរាជកុមារ មូសក៏បាតអស់ទៅ ទើបទីនោះមានឈ្មោះថា ទួលគហេ នៅក្នុងតំបន់រការកោង ស្រុកមុខកំពូល ខេត្តកណ្តាល សព្វថ្ងៃនេះ។

លុះតាគហេ នាំរត់ទៅត្រើយខាងត្បូងដល់ទួលមួយ ប្របឆ្នេរបឹងបានកាប់មែកជ្រៃដោតធ្វើសម្រក សម្រាប់​ស្រប់សម្រាកកម្លាំងនៅទីនោះ បក្សីចាំក្រុង ក៏និន្ទ្រាលក់ក្រោមម្លប់សម្រប់នោះ។ កំពុងតែលក់ស្រួលស្រាប់​តែហ្វូងសត្វតាកដក់ រនាល ទុង ជាច្រើនដែលចុះរកស៊ីក្នុងបឹងនោះ វាផ្អើលអ៊ូទឡើង ឮសន្ធឹកជាខ្លាំង តាគហេ​ឮសព្ទនោះស្មានថាកងទ័ព ក៏ស្ទុះកើនព្រះរាជកុមារឡើងសួរថា នែចៅ ឮសូរអ្វីខ្លាំងម្លេះ? ព្រះរាជកុមារកើន​ឡើង​ភ័យណាស់ស្មានថាកងទ័ព ក៏ស្ទុះឡើងមែកជ្រៃ ដែលដោតធ្វើសម្រកនោះ ​ឈរមើលគ្រប់ទិស​ទីមិន​ឃើញ​​កងទ័ព ឃើញសត្វហើរដេរដាស់ ក៏បានភ័យទៅវិញ។ មែកឈើនោះរស់នៅរាងដរាបមក នៅខាងត្បូង​វត្ត​វិហារសួរសព្វថ្ងៃនេះ។

លំដាប់នោះ តាគហេ នាំបក្សីចាំក្រុងរត់ឆ្លងទន្លេ ដោយទូកទៅត្រើយលិច ទៅពួនក្នុងគុហារភ្នំប្រសិទ្ធិ៍ ខេត្ត​សំរោង​ទងចាស់ ដែលជាស្រុកពញាឮ ខែត្តកណ្តាលសព្វថ្ងៃនេះ។ កងទ័ពតាមទៅបៀតបៀនពុំបានឡើយ។

លុះព្រះបាទព្រហ្មកិល (ពញាក្រែក) សោយរាជ្យបាន២០ឆ្នាំ ទ្រង់ព្រះទីវង្គតទៅ​នាហ្មឺនសព្វមុខមន្ត្រីដឹងថា​បក្សីចាំក្រុងរាជកុមារមានបុណ្យអស្ចារ្យ គង់នៅភ្នំប្រសិទ្ធិ ក៏អញ្ជើញទ្រង់មកសោយរាជ្យសម្បត្តិតទៅ។

កាលបើ​​បក្សីចាំក្រុងរាជកុមារ បានសោយរាជ្យឡើង ទ្រង់តាំងតាគហេ និងយាយលាក់ ជាព្រះអយ្យកោ ព្រះអយ្យការធម៌។ ទ្រង់ឲ្យសាងប្រាសាទមួយត្រង់ទីដែលឃើញទង់ជ័យវែងលលៃ នៃកងទ័ព ដែលលើក​ដេញ​តាមជាដំបូងហៅថា ប្រាសាទលលៃ ទ្រង់ឲ្យសាងប្រាសាទមួយត្រង់តាគហេ ហៅថា បាគង់សិន និងហៅថា ប្រាសាទបាគង់ ដែលក្លាយមកជាប្រាសាទបាគង នៅខេត្តសៀមរាបសព្វថ្ងៃនេះ​។ ទ្រង់ឲ្យសាង​ប្រាសាទមួយទៀត នៅក្រោលគោរបស់តាគហេ ហៅថា ប្រាសាទបាគោ នៅខេត្តសៀមរាបសព្វថ្ងៃនេះ។

ទ្រង់ឲ្យសាងព្រះវិហារមួយ និងព្រះពុទ្ធបាទមួយ នៅអាសន្នទុក្ខលើតាម៉ឹង ជាចៅហ្វាយស្រុករក្សាទីនោះ​។
ទ្រង់​ឲ្យសាងវិហារមួយ តម្កល់ព្រះពុទ្ធបដិមាមួយព្រះអង្គ​ ត្រង់តី ដែល មែកជ្រៃធ្វើសម្រប់ គឺទីដែល​តាគហេ​កើនទ្រង់សួរពីស័ព្ទហ្វូងសត្វ ស្មានថាកងទ័ពនោះហៅថា វិហារសួរ ទើបជាប់មាននាមថា វត្តវិហារសួរ ជាបូជ​នីយដ្ឋានដ៏សក្តិសិទ្ធិ ដរាបមកដល់សព្វថ្ងៃនេះ។

ឯតាគហេនិងយាយលាក់នោះ លុះចាស់ជរាទទួលមរណភាពតាមលំដាប់គ្នាទៅ ព្រះរាជាទ្រង់ឲ្យធ្វើបុណ្យ​រំលា​​យសព ហើយទ្រង់ឲ្យយកធាតុតាគហេ ទៅបញ្ចុះនៅទីដែលផ្សង​មិនឲ្យមានមូស ​ទើបទីនោះមាន​ឈ្មោះ​ថា ទួលគហេ នៅតំបន់រការកោង ស្រុកមុខកំពូល ខេត្តកណ្តាលសព្វថ្ងៃនេះ។ ឯធាតុយាយលាក់​ទ្រង់ឲ្យយកទៅបញ្ចុះនៅប្រាសាទបាគោ ក្នុងខេត្តសៀមរាប ព្រោះភូមិនោះជាទីភូមិរបស់គាត់នៅ៕


No comments

Powered by Blogger.