Header Ads

រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ២ខ្សែ នៅស្រុកល្វាឯម


 ខេត្តកណ្តាលៈ

ដោយ៖ ឌឹម គឹមហាក់
 

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្រ្ដីជំនាញ បានអញ្ជើញចុះ​ពិនិត្យ​ការដ្ឋានស្ថាបនាផ្លូវចំនួន ២ខ្សែ នៅស្រុកល្វាឯម ខេត្តកណ្ដាល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។
​​
លោកឧត្ដមសេនីយ៍ឯក ប៊ូ ផាន់សារី អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានឲ្យដឹង​ថា  ការដ្ឋានស្ថាបនាផ្លូវក្រាលកំទេចថ្មភ្នំប្រវែង ៥ ៦០០  ម៉ែត្រ​ កំពុងដំណើរការស្ថាបនា​ពេល​នេះ មានទីតាំងតភ្ជាប់ពី ភូមិល្វាសរ ឃុំល្វាសរ ទៅភូមិព្រែកទា ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល  រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបានប្រមាណ៨០%ហើយ ជាមួយនេះកងកម្លាំងវិស្វកម្ម​អគ្គ​ភស្តុ​ភា ហិរញ្ញវត្ថុ នឹងបញ្ចប់ការស្ថាបនាក្នុងរយៈពេល ១ខែទៀត ឲ្យរួចរាល់ជាស្ថាបពរនៅមុនរដូវវស្សា​ខាងមុខ​នេះ។

លោក ឧត្ដមសេនីយ៍ឯក ប៊ូ ផាន់សារី​ បានឲ្យដឹងបន្ថែមទៀតថា ផ្លូវនេះមានខ្នងលើប្រវែង ៨ម៉ែត្រ និង​លើក​តួរផ្លូវឲ្យបានខ្ពស់ដើម្បីការពារទឹកជំនន់ ។

លោក អ៊ុក រ៉ាប៊ុន​ និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហម​មួយ​ខ្សែទៀតប្រវែង ២ ២២៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកប្រា និងភូមិព្រែកជ្រៃ ឃុំព្រែ​កឬស្សី ស្រុកល្វាឯម។

លោកឧត្ដមសេនីយ៍ទោ ខាត់ សាត អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្មនៃអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ដែលជាអ្នកទទួលការស្ថាបនាពីក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា តាម​ការគ្រោងទុកនៅចុងខែមិថុនាខាងមុខនេះ ការសាងសង់នឹងត្រូវបានបញ្ចប់១០០% ដែលក្នុងខណៈនេះ​ការងារនេះទើបសម្រេចបានប្រមាណ ២០% ប៉ុណ្ណោះ។ លោកឧត្ដមសេនីយ៍ទោ ខាត់ សាត​ បានបន្ត​ទៀត​​ថា ដើម្បី​​រំដោះទឹកបានទាន់ពេលវេលា តាមស្ថានភាពជាក់ស្ដែង នៅលើកំណាត់ផ្លូវប្រមាណជាង ២ គីឡូម៉ែត្រនេះ នឹងត្រូវសាងសង់ស្ពានបេតុងចំនួន ២ កន្លែងទៀត ដោយមួយកន្លែងមានប្រវែង ២៤ ម៉ែត្រ ។

នៅស្រុកពួក ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដោយស្ថាបនា​ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវ​ជន​បទ​ជំហានទី ២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ប្រវែង ២៩ គ.ម និង ៥០០ម៉ែត្រ មានទីតាំងតភ្ជាប់ពីទីរួម​ស្រុក​​ពួកទៅដល់ទីរួមស្រុកអង្គរជុំ។ ជាលទ្ធផលសម្រេចបាន ១៧% ហើយ​ ហើយគ្រោងនឹងក្រាលកៅស៊ូ​ឲ្យ​រួច​រាល់នៅក្នុងខែ សីហា ឆ្នាំ២០១៩ ។                                      
លោក អ៊ុក រ៉ាប៊ុន​ រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោម​ការដឹក​នាំប្រកបដោយរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា នៅតែចាត់ទុកថា នយោបាយហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពក្នុងការកាត់បន្ថយ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។​

ផ្លូវដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទប្រមាណជាង ៤ម៉ឺន គីឡូម៉ែត្រ​ត្រូវបានធ្វើការកែលម្អ​ជា​បណ្ដើរ ៗ​​ ពីផ្លូវក្រាលក្រួសឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងជាផ្លូវបេតុង ដើម្បីបង្ក
​លក្ខ​ណៈ​ងាយស្រួលដល់ការធ្វើចរាចរណ៍ ​ក៏ដូចជាការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ​ បានកាន់តែល្អប្រសើរ​ឡើង ។​ លោករដ្ឋមន្រ្ដី បានអំពាវនាវសុំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ដែលមានលំនៅ​ដ្ឋានតាមដងផ្លូវ ចូលរួមសហការឲ្យបានល្អជាមួយអ្នកទទួលការសាងសង់ ព្រមទាំងបានផ្ដាំផ្ញើដល់មន្រ្ដី បច្ចេកទេស ប្រចាំការនៅការដ្ឋានអនុវត្តឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេស ​ដើម្បី​ធានា​បានទាំងគុណភាព និងសោភ័ណភាព​៕


No comments

Powered by Blogger.