Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អបអរសាទរខួបលើកទី ១០៨ ទិវាអន្ដរជាតិនារី ០៨ មីនា



ភ្នំពេញៈ


ដោយ៖ ឌឹម គឹមហាក់


ក្រសួងអភិវឌ្ឍន៍ជនបទអបអរសាទរ ខួបលើកទី១០៨ ​ទិវាអន្ដរជាតិនារី ០៨ មីនា នៅរសៀលថ្ងៃទី០៥ ខែមីនា  ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញជាអធិបតី ប្រារព្ធខួ​ប​លើកទី ១០៨ ទិវាអន្ដរជាតិនារី ០៨ មីនា ឆ្នាំ ២០១៩។

លោកស្រី ឡាច សាម៉ន អគ្គារអិការរង និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើរបាយការណ៍បញ្ជាក់ថា មន្រ្ដីរាជការជានារីចំណុះទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទមាន ២៧៨ នាក់ ក្នុង​នោះ​​បានទទួលមុខតំណែងជារដ្ឋលេខាធិកា ១នាក់, អនុរដ្ឋលេខាធិការ ១នាក់, អគ្គាធិការរង ២ នាក់ ​, អគ្គនា​យ​​ករងរដ្ឋបាល និងហិរញ្ញវត្ថុ ២នាក់​, អនុប្រធាននាយកដ្ឋាន ១២នាក់, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ១ នាក់ និងអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ៣នាក់។

ក្រុមការងារយែនឌ័របានធ្វើសកម្មភាព ក្នុងវិស័យអភិវឌ្ឍន៍ជនបទ តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាល បើក​វគ្គ​ផ្សព្វផ្សាយ​ដើម្បីបង្កើនសមត្ថភាពជម្រុញ ឲ្យសង្គមជាតិមានការអភិវឌ្ឍជឿនលឿន រស់នៅដោយភាពថ្លៃថ្នូ និង​​ភាពងាយរងគ្រោះ។

ទិវាអន្ដរជាតិនារី ០៨ មីនា ឆ្នាំ២០១៩ ជាខួបលើកទី ១០៨ ប្រារព្ធឡើងក្រោមប្រធានបទ​“លើកកម្ពស់សមភាព​យេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស

បន្ទាប់ពីចំណាប់អារម្មណ៍​​របស់​​លោក​​ជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការ តំណាងក្រសួងកិច្ចការនារី រួចមក លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា  រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់​លើក​កម្ពស់ស្ថានភាពស្រ្ដីនៅក្នុងសង្គម ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ ការលើកកម្ពស់សមភាព និងបង្កើនភាព​អង់អាចក្លាហានរបស់ស្រ្ដី តាមរយៈការអនុវត្តយុទ្ធសាស្រ្ដបញ្ជ្រាបយេនឌ័រ គឺសំដៅកែប្រែឥរិយាបថសង្គម​ ដើម្បី​ផ្ដលឱកាសឲ្យស្រ្ដី និងកុមារ​ បានចូលរួមគ្រប់កម្រិតទទួលបានការថែទាំសុខភាព មានឱកាសចូលរួម​វិស័យ​នយោបាយ និងសេដ្ឋកិច្ចទទួលបានការការពារសិទ្ធិស្របច្បាប់។

លោករដ្ឋមន្ត្រី បានបន្តថា ​រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងគោលនយោបាយជាច្រើនទៀត ពាក់ព័ន្ធទៅនឹងការលើកកម្ពស់សិទ្ធិស្រ្ដី ឲ្យចូលរួមគ្រប់វិស័យក្នុងសង្គម រួមមាន  ការប្រឆាំង និងការរើសអើង អំពើហឹង្សា ការជួញដូរ និងការរំលោភតាមគ្រប់រូបភាពមកលើស្រ្ដី។

លោករដ្ឋមន្រ្ដី បានបន្តទៀតថា មន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាស្រ្ដីបាន ចូលរួមយ៉ាងសកម្ម​ជួយ​ដល់​​​​ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ កាត់ខ្វាត់ខ្វែងទូទាំង​ប្រទេស  ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅតាមសហគមន៍សាលារៀន  និងការផ្ដល់ឥនទានជនបទ ​ដើម្បី​បង្កើនមុខរបរ  និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាវីវៈ​ នៅតាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន នៅ តាមបណ្ដាខេត្តជាដើម។

លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើឲ្យស្រ្ដីគ្រប់រូបត្រូវបន្តសាមគ្គីភាព បង្កើនសមត្ថភាពជំនាញ ដើម្បីបំពេញការងារ រួម ចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរដ្ឋាភិបាល និងធ្វើជាគំរូល្អសម្រាប់ក្មេងជំនាន់ក្រោយៗទៀត។ បន្ទាប់មក​គណអធិបតី បានជូនបាច់ផ្កាដល់ក្រុមការងារយេនឌ័រ និងឧបត្ថម្ភថវិកាជូនដល់មន្រ្ដីរាជការ​ជានារី នៅទីស្ដីការ ក្រសួងអភិវឌ្ឍន៍ជនបទចំនួន ២៧៨នាក់ ដោយម្នាក់ៗទទួលបានថវិកា ២០ ម៉ឺន រៀល៕

No comments

Powered by Blogger.