Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រជុំផ្សព្វផ្សាយស្តីពី ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​​ផ្លូវជនបទ និងសុវត្ថិ​ភាព​​ចរាចរណ៍ជូនប្រជាពលរដ្ឋ


ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់
 

កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ដើម្បី​ផ្សព្វ​ផ្សាយសេចក្ដីណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទស្ដីពី ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំ​ណង់​សិល្បការ្យ។

ដើម្បីធានាបានទាំងគុណភាព ប្រសិទ្ធភាព និងសោភ័ណ្ឌភាព រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ សូមឲ្យ​ប្រតិ​បត្ត​​ករ ក្រុមហ៊ុនឯកជន ឬអ្នក​ទទួល​ការស្ថាបនា ជួសជុលកែលម្អ និងអ្នកអនុវត្តន៍កម្មវិធីថែទាំ​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវជនបទ និងសំ​ណង់​​សិល្បការ្យ ពីក្រសួងអភិវឌ្ឍន៍ជនបទ គោរពតាមលក្ខខណ្ឌរបស់ក្រសួង ទាំង​ការ​ងារ​បច្ចេកទេស និង​ការ​ការពារសុវត្ថិភាពចរាចរណ៍។

លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ពីគោលបំណង នៃកិច្ចប្រជុំនេះ ដើម្បីផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានលក្ខខ័ណ្ឌផ្ដោតទៅ​លើលក្ខណៈបច្ចេកទេស ក្នុងនោះមាន ទី១.ត្រូវរៀបចំបោះទីតាំងការដ្ឋានសាងសង់ ឲ្យបានច្បាស់លាស់ មាន​​​បន្ទប់ទឹក មានបង្គន់អនាម័យ មានកន្លែងសម្រាក ​និងមានទីតាំងសម្រាប់ចតគ្រឿងចក្រ ព្រមទាំង​រៀប​ចំផែនទីបង្ហាញផ្លូវ សម្រាប់ដឹកជញ្ជូនដី ឧបករណ៍ សម្ភារៈសាងសង់ និងទីតាំងយកដី ឲ្យបាន​ច្បាស់​លាស់​។​​ ទី២.មិនត្រូវជីកដីចំណីផ្លូវយកមកធ្វើតួផ្លូវ ដែលធ្វើឲ្យមានប្រឡាយសងខាងផ្លូវ នាំឲ្យមានហានិភ័យ​ពេល​​ធ្វើដំណើរឆ្លងកាត់ ព្រមទាំងសត្វពាហនៈនានា។​ទី៣.ត្រូវជីកយកដីមកធ្វើតួផ្លូវ ពីទីតាំងណាមួយច្បាស់​លាស់ សមស្រប និងមានសណ្តាប់ធ្នាប់ត្រឹមត្រូវ ដោយជីកជាលក្ខណៈស្រះ ឬត្រពាំង ដើម្បីរក្សាទឹកទុក​សម្រាប់​ប្រជាពលរដ្ឋ ក្នុងតំបន់បានប្រើប្រាស់ និងជាប្រយោជន៍​ដល់សត្វពាហនៈផ្សេងៗ​។​ ទី៤.ត្រូវសាង​សង់សំណង់ស្ទាក់ទឹកឲ្យមានគុណភាព និងសោភ័ណភាព ស្របទៅតាមគំនូសប្លង់បច្ចេកទេស ដែលមាន ភ្ជាប់ក្នុងកិច្ចសន្យាសាងសង់ ដើម្បីរក្សាទឹកទុកសម្រាប់អ្នកស្រុកប្រើប្រាស់ និងសត្វពាហនៈផឹក។ ទី៥.ការ សាងសង់ត្រូវអនុវត្តន៍ឲ្យមានគុណភាពល្អ ទៅតាមគំនូសប្លង់បច្ចេកទេស ព្រមទាំងមាន សោភ័ណភាព​ស្រប​​ទៅតាមរចនាបទក្នុងគំនូសប្លង់ និងទី៦.ត្រូវកប់គ្រាប់ត្នោតនៅតាមដងផ្លូវដែលបានសាងសង់ ឬជួស​ជុលរួច ដើម្បីធានានិរន្តរភាពផ្លូវ នាពេលអនាគត និងសោភ័ណភាពតាមដងផ្លូវ។

ចំពោះសុវត្ថិភាពចរាចរណ៍ ក៏មានលក្ខខ័ណ្ឌមួយចំនួនផងដែរគឺ ទី១.ត្រូវរៀបចំ និងប្រើប្រាស់ស្លាកសញ្ញា​សុវត្ថិភាពចរាចរណ៍ ក្នុងការសាងសង់ ជួសជុល និងកែលម្អផ្លូវជនបទ ដើម្បីបញ្ជាក់ពីទីតាំងការដ្ឋាន និង​ផ្ទាំង​ព័ត៌មានប្រាប់ដល់អ្នកធ្វើដំណើរ មុនពេលមកដល់ទីតាំងកំពុងធ្វើការតាមការដ្ឋាន។ ទី២.ត្រូវដាក់ស្លាក​សញ្ញាការដ្ឋាន (ខាងមុខមានការដ្ឋាន) នៅចំងាយ១០០ម៉ែត្រ មុនដល់កន្លែង អនុវត្តការងារ និងស្លាក​សញ្ញា​ទិស​ចរាចរណ៍ឲ្យបានត្រឹមត្រូវតាមទីតាំងជាក់ស្តែង និងសមស្រប។​ ទី៣.ត្រូវមានអ្នកប្រចាំការបញ្ជា​ចរាចរណ៍ នៅតាមទីតាំងការដ្ឋានកំពុងអនុវត្តន៍។ ទី៤.ត្រូវដាក់ស្លាកសញ្ញាផ្លូវវាងការដ្ឋានសំណង់ និងផ្ទាំង​ចំណាំងផ្លាត នៅតាមទីតាំងដែលងាយរងគ្រោះនៅពេលយប់ និង៥.មិនត្រូវអនុញ្ញាតឲ្យក្មេងតូចៗ ​ចូលក្នុង​ការដ្ឋានដែលកំពុងអនុវត្តន៍។
លោក អ៊ុក រ៉ាប៊ុន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ​ក្រសួងអភិឌ្ឍន៍ជនបទ ​បានគ្រប់​គ្រង​ផ្លូវ​នៅជនបទប្រមាណជាង ៤ម៉ឺនគីឡូ​ម៉ែត្រ នៅទូទាំងព្រះរាជណាចក្រកម្ពុជា ហើយផ្លូវទាំងនោះ បាន​នឹង​កំពុងធ្វើការកែលម្អជាបណ្ដើរៗ ពីផ្លូវ​ក្រាល​​ក្រួសក្រហមឲ្យទៅជាផ្លូវក្រាលកៅស៊ូ និងបេតុង តាម​យុទ្ធ​សាស្រ្ដ និងចក្ខុវិស័យវែងឆ្ងាយ​របស់រាជរដ្ឋា​​ភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខ​ដឹក​នាំ​៕


No comments

Powered by Blogger.