អ្នកស្រី វួច លីម ជាអ្នកទទួលទិញស្មៅគោ ថា ដាំពោតយកដើម ជាចំណីគោ លក់បានថ្លៃ ជាងការដាំពោតគ្រាប់
ដោយ៖ សេង ស៊ីដារ៉ូ
បច្ចុប្បន្ននេះ ប្រជាកសិករ
បែរជានាំគ្នាមកដាំពោត យកដើមធ្វើចំណីវិញ ហើយការដាំដើមពោត យកដើមនេះ វាបានថ្លៃ
និងងាយស្រួលជាងការដាំពោតយកផ្លែទៅទៀត។
លោក ផល ដែលជាអ្នកដាំពោតយកដើម
ស្ថិតក្នុងភូមិបតតាជី សង្កាត់តាក្តុល ក្រុងតាខ្មៅ បានឲ្យដឹងថា ការដាំពោតគ្រាប់ចំណាយទុនច្រើន
ដល់ពេលប្រមូលផលទូទាត់ទៅស្ទើតែខាតដើម ក៏មានដែរព្រោះតែទីផ្សារពោតឡើងចុះទៅតាមមាត់ឈ្មួញ។
ម្លោះហើយប្រជាកសិរយើង មើលឃើញពីការដាំដើមពោតធ្វើជាចំណីគោវិញ វាងាយស្រួលទទួលបានផលច្រើនជាង។
សព្វថ្ងៃ អ្នកចិញ្ចឹមគោ ពិបាករកស្មៅឲ្យគោស៊ី ទើបប្រជាកសិករងាកមកដាំពោតយកដើមនេះ ព្រោះវាបានផ្តល់នូវប្រយោជន៍ច្រើន
ដល់សុខភាពគោផងដែរ។
លោក ផល បានបន្តទៀតថា
ការដាំដើមពោតនេះ ប្រើប្រាស់ដើមទុនតិច ហើយទទួលបានផលរហ័ស ក្នុងរយៈពេល១ខែ យើងអាចច្រូតយកទៅលក់នៅលើទីផ្សារបានហើយ។
ក្នុងការដាំដើមពោត ក៏មានការងាយស្រួលច្រើន គ្រាន់តែស្រោចទឹកដំបូង ថ្ងៃបន្ទាប់ទៀត គឺដុះទៅតាមធម្មជាតិរបស់វា
ហើយក៏មិនពិបាកជំរះគល់ ដូចជាការដាំដើមពោតគ្រាប់នោះឡើយ។ ហើយការដាំដើមពោត ធ្វើជាចំណីសត្វនេះ
ក្នុងរយៈមួយខែ អាចច្រូតកាត់បានម្តង ក្នុងរយៈពេលពេញ១ឆ្នាំ យើងអាចច្រូតកាត់បានច្រើនដងជាចំណីគោ។
អ្នកស្រី វួច លីម
ដែលជាអ្នកទទួលទិញស្មៅគោ ចំណីគោ ដែលរស់នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
បានឲ្យដឹងថា ស្មៅចំរុះមានស្មៅសំបុកមាន់ ស្មៅបារាំង ស្មៅពក លក់ចេញក្នុងមួយបាច់ ៩០០រៀល
ហើយស្មៅដែលថ្លៃជាងគេ គឺដើមពោតនេះឯង ដោយក្នុង១បាច់តូចអាចលក់បាន ១២០០រៀល
អ្នកដែលទិញយកទៅឲ្យគោស៊ីភាគច្រើន ជាអ្នកចិញ្ចឹមពូជគោល្អៗ ដែលសម្រាប់បំប៉នគោចិញ្ចឹមទាំងនោះ។
ទីផ្សារដើមពោតនេះ មានតាំងពីខេត្តតាកែវ
កំពត កំពង់ស្ពឺ ដែលបានមកទិញ ដល់ស្តង់លក់ស្មៅចំរុះ ក្នុងសង្កាត់ព្រែកកំពឹសនេះតែម្តង៕

Post a Comment