ក្រសួងអភិវឌ្ឍន៍ជនបទ បើកសិក្ខាសាលាបញ្ចប់ការរៀបចំកម្មវិធីអភិវឌ្ឍន៍ វិស័យសេវាទឹកស្អាត និងអនាម័យជនបទ ជំហានទី៣
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
![]() |
លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងនាយកគម្រោងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី៣ បានបញ្ជាក់ថា ដោយមានការគាំទ្រហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ជំហានទី១,២ ទទួលបានជោគជ័យជាបន្តបន្ទាប់ផ្នែកសេវាទឹកស្អាត និងអនាម័យ រួចមក ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្ដល់ហិរញ្ញប្បទានជំហានទី៣ បន្ថែមចំនួន ៥០ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ ២០១៩-២០២៤ ក្នុងខេត្តគោលដៅចំនួន ៨ គឺ ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំ បន្ទាយមានជ័យ កំពង់ស្ពឺ និងខេត្តកំពត ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើផលប៉ះពាល់ ដែលបណ្ដាមកពីការបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់សេវាសុខុមាលភាព។ លោក បញ្ជាក់ថា សិក្ខាសាលានេះបានបង្ហាញសេចក្ដីព្រាងចុងក្រោយនៃកម្មវិធីអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទជំហានទី៣ រវាងធានាគារអភិវឌ្ឍន៍អាស៊ី ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធសំខាន់ៗដទៃទៀត។
លោក ទ្រី មេង មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចាត់ទុកការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជាវិស័យអាទិភាពនិង បានកំណត់នូវទស្សនៈវិស័យថា ឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយភាពល្អប្រសើ។
ស្តីពីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅជនបទ ដំណាក់កាលទី១ ឆ្នាំ២០១៤-២០១៨ ធ្វើឲ្យអត្រាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ កើនដល់ ៦០% នៅឆ្នាំ២០១៨។ គម្រោងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី៣ ក្នុងខេត្តគោលដៅចំនួន៨ មានគោលបំណងរួម និងស្របទាំងស្រុងទៅនឹងផែនការយុទ្ធសាស្ត្រជាតិ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៤-២០២៥ ហើយមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីភាគីពាក់ព័ន្ធ មុននឹងដាក់ជូនទៅក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី នឹងអាចចាប់ផ្ដើមដំណើរការនៅឆ្នាំ២០១៩ខាងមុខ៕

Post a Comment