រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជួបពិភាក្សាជាមួយលោក Christophe Crepin ប្រធានផ្នែកបរិស្ថាន នៃធនាគារពិភពលោក ដើម្បីអភិរក្សតំបន់ទេសចរណ៍ ទឹកប្រាក់៥០ ទៅ ៦០ លានដុល្លារអាមេរិក
ដោយ៖ ហុង ចំណាប់
![]() |
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការស្វាគមន៍ចំពោះលោក
Christophe
Crepin និងសហការី ដែលបានមកបំពេញបេសកម្មនៅកម្ពុជា។
លោក Christophe
Crepin បានជម្រាបជូនលោករដ្ឋមន្រ្ដី អំពីកម្មវិធីរបស់ធនាគាពិភពលោក
គឺចង់ឲ្យមានភាពស៊ីសង្វាក់គ្នាជាមួយគោលនយោបាយ និងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល ក្នុងនោះធនាគារ
ពិភពលោក បានផ្ដោតការយកចិត្តទុកដាក់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ
និងវិស័យផ្សេងៗទៀត ដែលទាក់ទងទៅនឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។
![]() |
ចំណែកគោលនយោបាយ
និងយុទ្ធសាស្រ្ដ នៃភាពទទួលខុសត្រូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ មានសារសំខាន់ណាស់
ហើយស្របគ្នាទៅនឹងកម្មវិធីរបស់ធនាគារពិភពលោក ក្នុងការគាំទ្រប្រទេសកម្ពុជា។ លោក Christophe Crepin បានស្នើសុំឲ្យក្រសួងរៀបចំគម្រោងផ្សេងៗទៀត ដើម្បីទទួលបានការគាំទ្រពីធនាគារពិភពលោក
ដូចជា (គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងការគ្រប់គ្រងទេសភាព ប្រកបដោយចីរភាពនៅកម្ពុជា)
ដែលជាគម្រោងមួយផ្ដោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត
ដែលជាតំបន់ទេសចរណ៍ និងអភិរក្ស និងធានាបានការគ្រប់គ្រងធនធានធម្មជាតិ
មានទឹកប្រាក់ប្រមាណពី ៥០ ទៅ ៦០ លានដុល្លារអាមេរិក ។
លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីសក្ដានុពលរបស់គម្រោង
អាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាពរកប្រាក់ចំណូលបានថែមមួយកំរិតទៀត។
ក្រសួងអភិវឌ្ឍន៍ជនបទ គ្រប់គ្រងផ្លូវជនបទប្រមាណជាង ៤ ម៉ឺនគីឡូម៉ែត្រ ក្នុងនោះបានធ្វើការកែលម្អជាបណ្ដើរ
ពីផ្លូវក្រាលក្រួសក្រហមឲ្យទៅជាផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង បានប្រមាណ ៥%ប៉ុណ្ណោះ
ក្រៅពីនេះមានផ្លូវក្រាលក្រួសក្រហម ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ
ដូចនេះ ក្រសួងត្រូវការដៃគូរច្រើនទៀត ដើម្បី អភិវឌ្ឍន៍វិស័យនេះ។
លោករដ្ឋមន្រ្ដី បានជម្រាបជូនបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ មានការងារចំនួន ៤
សំខាន់ៗទី ១គឺ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទី២ ការអប់រំលើកកម្ពស់សុខុមាលភាព
ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ទី៣ ការបង្កើតឱកាសកាងារ ឬមុខរបរផ្សេងៗ តាមរយៈការបណ្ដុះបណ្ដាល
មុខវិជ្ជាជីវភាពប្រជា ពលរដ្ឋក្រីក្រតាមជនបទ និងទី៤ ការពង្រឹងស្ថាប័ន
និងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីលើកស្ទួយផ្នែកសេដ្ឋកិច្ច សង្គមកិច្ច។
ទាក់ទិនទៅនឹងការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅខេត្តកំពត ស្វាយរៀង
និងខេត្តកែប គឺជាខេត្តគោលដៅមុនគេ ដែលត្រូវបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ពោលគឺ ប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់
ស្របពេលបច្ចុប្បន្នកម្ពុជាសម្រេចបាន ៨០%ហើយ សម្រាប់ទិសដៅឆ្នាំ២០២៣ សម្រេចឲ្យបាន
៩០% និងសម្រេចឲ្យបាន ១០០% នៅឆ្នាំ២០២៥ ដើម្បីឲ្យប្រជាពលរដ្ឋនៅជនបទមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់
និងរស់នៅក្នុងបរិស្ថានល្អ ប្រកបដោយនិរន្ដរភាព៕


Post a Comment