ដើមប៉ាគ្រីវ ជាប្រភេទបន្លែ ដែលមានរសឈ្ងុយឆ្ងាញ់និងជនជាតិដើមភាគតិច តែងតែយកមកធ្វើប្រចាំថ្ងៃ
ខេត្តរតនគីរីៈ
ដោយ៖ សេង ស៊ីដារ៉ូ
ដើមប៉ាគ្រីវនេះ ជនជាតិដើមភាគតិច ភាគីច្រើនដាំនៅក្នុងស្រុកអូរជុំ អណ្តូងមាស អូរយ៉ាដា លំផាត់។
លោក សុខ សំអឿន ប្រធានក្រុមគាំទ្រស្នាដៃធម្មជាតិ ខេត្តរតនគិរី បានឲ្យដឹងថា ប៉ាគ្រីវនេះ មានដាំតាំងពីដូនតាមកម្ល៉េះ ដែលបងប្អូនខ្មែរភាគតិច ចាត់ទុកជាបន្លែប្រចាំផ្ទះ ហើយមានការដាំបន្លែប៉ាគ្រីវនេះគ្រប់ៗផ្ទះ មិនថាតិច ឬច្រើននោះឡើយ។
ដើមប៉ាគ្រីវនេះ ដាំក្នុងរយៈពេល ៤ខែ ដោយចាប់ផ្តើមដាំពីខែឧសភា ដល់វិច្ឆិកា ឬខែធ្នូ ហើយទុករយៈពេលកាន់យូរ កាន់តែធ្វើឲ្យមានគុណភាព ប៉ាគ្រីវកាន់តែមានរសជាតិខ្លំាងឡើង។ បន្លែប៉ាគ្រីវនេះ នៅលើទីផ្សារបងប្អូនខ្មែរភាគតិច លក់បានតែក្នុងទីរួមខេត្តរតនគិរីប៉ុណ្ណោះ ដែលមានតម្លៃ ក្នុងមួយគីឡូលក់ចេញ ១៥០០រៀល ហើយក៏នៅមាននៅតាមបណ្តាហាងធំៗក្នុងខេត្ត ដែលធ្វើឲ្យប្រភេទបន្លែប៉ាគ្រីវនេះ មានឈ្មោះល្បី និងពោរពេញទៅដោយរសជាតិឈ្ងុយឆ្ងាញ់។
លោក សុខ សំអឿន បានមានប្រសាសន៍បន្ថែមទៀតថា ប៉ាគ្រីវ ជាបន្លែធម្មជាតិរបស់ជនជាតិដើមភាគតិច ដែលអាចផ្សំជាមួយភ្លាគោ ធ្វើឲ្យបាត់ជាតិឆ្អាប់ និងបង្កើននូវរសជាតិកាន់តែឆ្ងាញ់ ហើយមានអ្នកទទួលទានច្រើន បន្លែប៉ាគ្រីវនេះ៕
Post a Comment