Header Ads

លោកជំទាវ ម៉ែន សំអន បានអញ្ជើញចូលរួមអបអរសាទរទិវាជនពិការ កម្ពុជាលើកទី២៤ និងទិវាជនពិការអន្តរជាតិលើកទី៤០ ប្រធានបទឆ្នាំ នេះគឺ «ពិការភាពទាំងអស់មិនអាចកំណត់ដោយការមើល នឹងភ្នែក នោះទេ»

ដោយៈ សេង ស៊ីដារ៉ូ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងទិវាជនពិការ កម្ពុជាលើកទី២៤ និងទិវាជនពិការអន្តរជាតិលើកទី៤០ ប្រធានបទឆ្នាំ នេះគឺ «ពិការភាពទាំងអស់មិនអាច កំណត់ដោយការមើល នឹងភ្នែក នោះទេ» ដែលមានការចូលរួមចំនួន ២.៦៣០នាក់ នៅសាលមហោ ស្រព និងពិព័ណ៌កោះពេជ្រ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។

លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ប្រធានបទឆ្នាំនេះ ក្នុង គោលបំណង ដើម្បីអបអរសាទរភាពជោគជ័យ ដែលបានបង្ហាញអំពី ឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួម របស់ ជនពិការ ធានាដល់ការធ្វើបរិយាប័ន្ន និងចលនានៃវិស័យពិការភាព ឲ្យទទួលបានស័ក្តិសិទ្ធិភាព នៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ។

ទិវាជនពិការអន្តរជាតិ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាម ទារសិទ្ធិចូលរួមក្នុងសង្គមរបស់ជនពិការ ដែលជាជនបាត់បង់ កាយ សម្បទា កាយវិញ្ញាណ និងសតិបញ្ញា ប្រមាណជាង១ពាន់លាននាក់នៅ ក្នុងពិភពលោក ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងនៅក្នុងជីវិត ចាប់ តាំងពីទសវត្សឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិក និងអឺរុប ដើម្បីធ្វើការ ផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការ យល់ដឹងអំពីបញ្ហាជនពិការភាព ដោយផ្តោតសំខាន់លើសិទ្ធិជនពិការ និងការធ្វើសមាហរណកម្មជនពិការទៅលើគ្រប់សកម្មភាព នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

លោកជំទាវ ម៉ែន សំអន បានបន្តថា ព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវា ជនពិការនេះឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្ម នៃរបបប្រល័យពូជ សាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញប្រទេសជាតិ និងទុក្ខទារុណ កម្មយ៉ាងព្រៃផ្សៃមកលើប្រជាពលរដ្ឋ ពិសេសបានបន្សល់ទុក នូវផល វិបាកជាច្រើនដល់ប្រជាពលរដ្ឋ ដូចជា ស្រ្តីមេម៉ាយ កុមារកំព្រា ជនពិការ ព្រមទាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។

លោកជំទាវ ម៉ែន សំអន រំលឹកថា កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា​បាន ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវផែនការយុទ្ធសាស្រ្តជាតិ ស្តីពី​ពិការភាព ២០១៩-២០២៣ ដោយបានលើកឡើងលម្អិតនូវគោល​នយោបាយជាអាទិភាពសម្រាប់ការអនុវត្ត កម្មវិធីកំណែទម្រង់នានា នៃវិស័យពិការភាព លើកកម្ពស់សមត្ថភាពស្ថាប័ន ពង្រឹងហេដ្ឋារចនា​សម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ក្នុងទិសដៅបង្កើតកាលានុវត្តភាពការងារ​សម្រាប់ជនពិការ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ការងារសំខាន់ៗ​របស់វិស័យពិការភាពនៅកម្ពុជា។

លោកជំទាវ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានយកចិត្តទុក្ខដាក់​ក្នុង​ការបង្ការ ពិការភាព ការគាំទ្រ និងលើកទឹកចិត្ត ការលើកកម្ពស់សិទ្ធ​ប្រកបដោយសេចក្តីថ្លៃថ្នូរ ជំរុញឲ្យមានការដាក់បញ្ចូល បងប្អូនជនពិការ​ទៅក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សំដៅជួយដល់ជនពិការ និង​ក្រុម​គ្រួសារឱ្យទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួល​បានសេវាសង្គម និងសេវាសាធារណៈស្មើគ្នា ការចូលរួមគ្រប់​សកម្មភាពក្នុងសង្គម ទាំងការទៅចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះ​ជាបេក្ខជនឱ្យគេបោះឆ្នោត តាមរយៈការកែសម្រួលរៀបចំលិខិតបទ​ដ្ឋាន​គតិយុត្ត ការចុះផ្សព្វផ្សាយបានយល់ដឹងអំពីវិស័យពិការភាព ទៅ​គ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ី​វិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកប​ដោយចីរ​ភាព​សម្រាប់ជនពិការគ្រប់រូបនៅកម្ពុជា៕

https://kronglungvek.com.kh

No comments

Powered by Blogger.