Header Ads

ជ្រូកកណ្តុរ ឬហៅថាជ្រូកព្រៃ បានថ្លៃខ្ពស់ជាងជ្រូកក្នុងស្រុក ប្រជាកសិករផ្អើលនាំគ្នាចិញ្ចឹម

 ខេត្តបាត់ដំបង

 ដោយៈ ហុង ចំណាប់

ជ្រូកកណ្តុរ ឬហៅថាជ្រូកព្រៃ (ជ្រូកកូនកាត់​) ​ដែលមានរូបរាងតូចៗមិនធំជាងជ្រូកស្រុកនោះទេ ​តែវាមាន​មេ​ពូជខ្លះមានទំងន់ដល់រហូត៧០គីឡូក្រាម និងជាជ្រូកដែលកំពុងពេញនិយម ​ហើយអ្នកទទួលទានបានលាន់​មាត់​ថា​ មានរសជាតិឆ្ងាញ់ពេលបានចម្អិនទៅជាជ្រូកខ្វៃ។

 លោកបញ្ញា ដែលជាអ្នកបង្កាត់ពូជជ្រូកកណ្តុរនេះ បានធ្វើការនាំចូលពីថៃ និងជាអ្នកស្តុកចិញ្ចឹម​តែជ្រូក​កណ្តុរ​កូនកាត់មួយនេះ ឋិតនៅក្នុងស្រុក សំពៅឡូន ខេត្តបាត់ដំបង បានឱ្យដឹងថា ​ជ្រូកកណ្តុរកូនកាត់នេះ ​បើធ្វើ​ការនាំចូលកូនជ្រូកកណ្តុរនេះ មកចិញ្ចឹមក្នុងស្រុកខ្មែរយើង​កម្របានរស់ណាស់ ​ភាគច្រើនអ្នករកស៊ីច្រើន​តែ​យក​មេពូជមកបង្កាត់ក្នុងស្រុក ពេលបានកូនទើបអាចរស់បានដូចជាកន្លែងស្តង់របស់ជាដើម។

បានធ្វើការទិញមេពូជជ្រូកកណ្តុរនេះ មកបង្កាត់ពូជក្នុងស្រុក​ លុះដល់ពេលមេពូជបង្កាត់ពូជ​កើតកូន​បាន​មានអតិថិជនខ្លះដែលចង់ចិញ្ចឹមវា បានមកទិញផ្ទាល់ដល់ស្តង់តែម្តង ​ដោយសារកន្លែងលោកមិនទិញកូន​មក​លក់ផ្ទាល់នោះទេ។ ជ្រូកកណ្តុរ ឬជ្រូកព្រៃកូនកាត់នេះ ​បើយើងចិញ្ចឹម​ត្រូវឲ្យចំណីវាមានដូចជា​បបរលាយ​ជា​មួយកន្ទក់ឬបន្លែចម្រុះ វាស៊ីដូចជ្រូកស្រុកដែរ តែពូជជ្រូកនេះ ពូកែស៊ូទ្រាំឈ្នះនិងជំងឺ។

 ស្តង់របស់លោក បញ្ញា លក់ចេញកូនជ្រូកកណ្តុរមួយក្បាលថ្លៃចាប់ពី២០ម៉ឺនរៀលទៅ២៧ម៉ឺនរៀល។ កន្លង​មកពេលសែនក្បាលទឹកជ្រូកកណ្តុរនេះ ធ្លាប់បានបង្ហាញឱ្យអ្នកទទួលទានភាគច្រើន​បានស្គាល់ តាមរយៈ​ការ​ខ្វៃជ្រូក ហើយលក់ចេញបានថ្លៃជាងជ្រូកស្រុកទៅទៀត។

 លោក បញ្ញា បានបញ្ជាក់ថា​ ជ្រូកខ្វៃក្នុងស្រុកដែលមានទំងន់ជិត៥គីឡូក្រាម មានតម្លៃលក់ចេញជាង​២០០​ដុល្លារ ហើយបើប្រៀបធៀបទៅនឹងជ្រូកកណ្តុរខ្វៃក៏មានតម្លៃប្រហាក់ប្រហែលគ្នា ឬខ្ពស់ជាងនេះ ក៏អាស្រ័យ​ដោយសារមានតម្រូវការច្រើន។

 នៅពេលដែលផ្អើលនាំគ្នាទទួលទានជ្រូកកណ្តុរនេះ ក៏មានលេចចេញនៅប្រភេទជ្រូកកណ្តុរនេះ តាមរយៈការ​ខ្វៃជ្រូកនេះដូចគ្នា​ តែវាមានកន្ទុយខ្លីទៅវិញ ​ដោយឡែកជ្រូកកណ្តុរពិតប្រាកដវាមានកន្ទុយវែង ហើយមាន​រសជាតិឈ្ងុយឆ្ងាញ់ណាស់។ បច្ចុប្បន្នមួយរយៈខ្លីនេះជ្រូកកណ្តុរមាននៅតាមបណ្តាខេត្ត រតនៈគិរី មណ្ឌលគិរី កណ្តាល បាត់ដំបង ទើបតែនាំគ្នាផ្អើលចិញ្ចឹមប៉ុណ្ណោះ ​ដោយមើលឃើញថាការចិញ្ចឹមជ្រូក​កណ្តុរព្រៃនេះ​មាន​ភាពងាយស្រួលជាងទាំងពេលវេលា និងមានតម្លៃខ្ពស់ជាងជ្រូកក្នុងស្រុកលើទីផ្សារផងដែរ៕

 

No comments

Powered by Blogger.