ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញមកធ្វើជាសាក្សីក្នុងការប្រកួតវគ្គផ្តាច់ ព្រ័តនៃទម្រង់ល្ខោនក្បាច់បូរាណ ក្នុងកម្មវិធី «ល្ខោនខ្មែរ» រដូវកាលទី១ ដែលជាគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា
ដោយៈ សេង ស៊ីដារ៉ូ
ឯកឧត្តម ហ៊ុន ម៉ានី មានកិត្តិយសបានមកធ្វើជាសាក្សីក្នុងការប្រកួតវគ្គ ផ្តាច់ព្រ័ត នៃទម្រង់ល្ខោនក្បាច់បូរាណ ក្នុងកម្មវិធី «ល្ខោនខ្មែរ» រដូវកាលទី១ ដែលជាគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តម សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ បេក្ខជនទាំងអស់ដែលឆ្លងកាត់ការប្រកួតពីមួយដំណាក់ទៅមួយដំណាក់កាលយ៉ាងស្វិតស្វាញរហូតឈានដល់វគ្គផ្តាច់ ព្រ័ត និងសូមចូលរួមអបអរសាទរដល់ជ័យលាភីទាំង៣ នេះផង។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសនទថា រូបខ្ញុំពិតជាស្ងើចសរសើរ ដល់ស្មារតីស្រលាញ់ថែរក្សា និងផ្សព្វផ្សាយវប្បធម៌ដូនតា របស់ ស.ស.យ.ក. ខេត្តស្វាយរៀង ដែលបានធ្វើឱ្យកម្មវិធីនេះកើតមានឡើង និងជាឱកាសសម្រាប់យុវជនជំនាន់ក្រោយសិក្សាស្វែងយល់ និងចូលរួមលើកស្ទួយ ការពារសម្បត្តិវប្បធម៌អរូបីរបស់ជាតិ។ លើសពីនេះ រូបខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេស លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ សាស្រ្តាចារ្យសិល្បៈដែលបានផ្តល់ការគាំទ្រក្នុងការរៀបចំការប្រកួត បង្វឹក និងដាក់ពិន្ទុដល់បេក្ខជនប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ក្នុងនាមជាកូនខ្មែរ រូបខ្ញុំមិនមានការនឿយណាយជាមួយការទស្សនារាល់ទម្រង់នៃសិល្បៈទស្សនីយភាពបូរាណខ្មែរឡើយ។ ស្មារតីនៃការស្រលាញ់ ថែរក្សាការពារ និងលើកស្ទួយមរតកវប្បធម៌របស់បុព្វបុរស មិនមែនត្រឹមតែជាកាតព្វកិច្ចរបស់យើងម្នាក់ៗនោះទេ តែគឺត្រូវផុសចេញពីបេះដូងដោយផ្ទាល់ តាមរយៈការសិក្សា សង្កេត និងស្វែងយល់ពីប្រវត្តិកកើត ការវិវឌ្ឍ និងលក្ខណៈពិសេសរបស់ទម្រង់នីមួយៗ។ ខ្ញុំជឿជាក់ថា កូនខ្មែរគ្រប់រូបសុទ្ធតែមានបេះដូងមួយនេះ ហើយយើងទាំងអស់គ្នានឹងបន្តថែរក្សាកេមរតកដ៏ល្អផូរផង់របស់បុព្វបុរសឱ្យបានឋិតឋេរជារៀងរហូតតទៅ៕
https://kronglungvek.com.kh
Post a Comment