សេង សាប៊ុន ជាជាងចម្លាក់មួយរូប ដែលមានទេពកោសល្យខ្ពស់ និងមានភាពរស់រវើក ក្នុងការឆ្លាក់រូបតោប្រាសាទសម្បូរព្រៃគុក
ខេត្តកំពង់ធំៈ
ចម្លាក់រូបតោធ្វើពីថ្មភក់ ដែលមានលំនាំដើមក្នុងប្រាសាទសម្បូរព្រៃគុក ដែលជាឆ្មាំចាំយាមប្រាសាទ ដ៏ខ្លាំងក្លានិងមានឥទ្ធិពល ទៅនឹងជំនឿ បែបព្រហ្មញ្ញសាសនា ឥឡូវនេះ ត្រូវបានជាងចម្លាក់នៅក្នុងស្រុកសន្ទុកខេត្តកំពង់ធំ យកមកឆ្លាក់តាមដូចបេះ បិតសម្រាប់អ្នកកម៉្មង់ទិញ យក ទៅដាក់តាមវត្តនានា។
សិប្បកម្មចម្លាក់ថ្មភក់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំមានរហូតដល់ ជាង២០កន្លែង ដែលបង្ហាញនូវទេពកោសល្យស្នាដៃរស់រវើក។
សេង សាប៊ុន ជាជាងចម្លាក់មួយរូប បានឲ្យដឹងថា សិប្បកម្មរបស់គាត់ បង្កើតឡើង ៤ឆ្នាំមកហើយ ដោយបានធ្វើឲ្យអ្នក ប្រើប្រាស់ មានទំនុក ចិត្ត លើស្នាដៃចម្លាក់ថ្មភក់នេះច្រើន ដូចជារូបចម្លាក់ថ្មពីភក់រូបតោ ក្នុងរចនាបថប្រាសាទសម្បូរព្រៃគុកនាសតវត្សរ៍១៦ ដោយមានអតិថិជន និយមជាវច្រើន យកទៅដាក់តាមវត្តអារាម។
លោក សាប៊ុន បានបន្តថា ចម្លាក់រូបតោនេះ ឆ្លាក់ទៅតាមក្បូនខ្នាត ដែល មានកម្ពស់២ម៉ែត្រ ក្នុងតម្លៃ១គូ ៣ពាន់ដុល្លារ ដោយត្រូវចំណាយពេលវេលាជាង២ខែឯណោះ។
ស្នាដៃចម្លាក់ថ្មភក់នេះ ក្រៅពីរូបតោ នៅមានរូបពុទ្ធអង្គទៅតាមការកម៉្មង់ផងដែរ។
សិប្បកម្មចម្លាក់ពីថ្មភក់នេះ មិនចំណេញច្រើនទេ ព្រោះត្រូវចំណាយទិញថ្មភក់ដឹកជញ្ជួនពីខេត្តព្រះវិហារ តែសិប្បកម្មមួយនេះ ក៏បានបង្ហាញពីអត្តសញ្ញាណខ្លួននូវស្នាដៃរស់រវើកជារបស់ខ្មែរពិតៗដោយ
មិនធ្វើការនាំចូលពីក្រៅនោះឡើយ៕

Post a Comment