ជំនួយបរទេស ភាគច្រើនខ្វះប្រសិទ្ធិភាព និងខ្វះការស្មោះត្រង់ (ជំនួយសាធារណៈ និងវិនិយោគឯកជន)
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ការផ្តល់ជំនួយបរទេស ភាគច្រើនខ្វះប្រសិទ្ធិភាព និងខ្វះការស្មោះត្រង់។ ចំនួយរបស់បរទេសលោកខាងលិច ក៏ដូចជារបស់ប្រទេសលោកខាងកើត ច្រើនគិតពីផលប្រយោជន៍ ខាងផ្នែកនយោបាយ ចង់រក្សាទុកភូមភាគ យុទ្ធសាស្ត្រ ឬក៏ធ្វើឲ្យពាណិជ្ជកម្មលក់ចេញរបស់គេ មានការរីកចម្រើន។
ចាប់ពីឆ្នាំ១៩៥០ ដល់ ១៩៦០ ជំនួយបរទេសពុំសូវជួយលើកដំកើងសេដ្ឋកិច្ចរបស់ប្រទេសដែលទន់ខ្សោយ នោះទេ គេច្រើនតែជួយឧបត្ថម្ភសំរាប់ពង្រីកចំនួនកងទ័ពឲ្យបានធំធាត់តែប៉ុណ្ណោះ។ ម៉្យាងទៀត ឥណទានដែលគេ ជួយ ច្រើនមានលក្ខខ័ណ្ឌបង្ខំ ឲ្យប្រទេសទទួលជំនួយចាយជាសំណង សំរាប់ទិញផលិតកម្ម ឬសម្ភារៈពីប្រទេសខ្លួនវិញ។ ដោយសារលក្ខខ័ណ្ឌទាំងនេះ ប្រទេសទន់ខ្យោយត្រូវខាតបង់យ៉ាងច្រើន ដែលកើតមក ពីការប្រែប្រួលនៃផ្សារអន្តរជាតិ។
ហើយប្រទេសមហាអំណាចទាំងនោះ មានការចំណេញយ៉ាងច្រើន ដែលបានកេងប្រវ័ញ្ចលើប្រទេសទន់ខ្យោយ គឺកើតចេញមកពីការទិញវត្ថុធាតុដើម ដែលមានតម្លៃថោក និងការលក់ចេញទៅប្រទេសទន់ខ្សោយវិញ នូវផលិត ផលឧស្សហកម្ម ដែលមានតម្លៃខ្ពស់។ ក្នុងរយៈពេល ៣០ឆ្នាំមកហើយ តម្លៃផលិតផលឧស្សាហកម្ម បានកើន ៣០ភាគរយ ចំណែកតម្លៃវត្ថុធាតុដើមវិញបានចុះ ដល់ទៅ ២៥ភាគរយ។ ក្នុងករណីនេះ ជញ្ជីងពាណិជ្ជកម្មប្រទេសទន់ខ្សោយ ត្រូវទទួលវិបត្តិខាតបង់ រូបិយប័ណ្ណយ៉ាងច្រើន សំរាប់ទុកចំណាយទិញគ្រឿងបរិ ក្ខាយកមកកសាងប្រទេសជាតិ។
ឧទាហរណ៍៖ នៅពេលតម្លៃកៅស៊ូនៃទីផ្សារអន្តរជាតិបានចុះមួយហ្វង់ ក្នុងមួយលីវ (livre) (រង្វាស់អង់គ្លេសដែលគិតជាទម្ងន់គឺ ៤៥៣ក្រាម) ពេលនោះ ប្រទេសឥណ្ឌូណេស៊ី ត្រូវខាតបង់រូបិយប័ណ្ណអស់ ១រយកោដិ និង ៥០០ លានហ្វ្រង់។
ចំពោះស្ថានភាពនេះ លោក Josue’ de Castro បានសរសេរថា “រៀងរាល់ឆ្នាំ ប្រទេសអាមេរិកខាងត្បូងបានត្រូវ ខាតបង់លុយចំនួនពីរដង ច្រើនជាងចំនួនចំនួយដែលបានទទួល”។ ក្នុងករណីនេះ លោក Josue’ de Cas tro បានសន្និដ្ឋានថា ការក្រីក្រពុំមែនកើតមកពីការខ្ជិលទេ ប្រសិនបើប្រទេសក្រីក្រ ខំប្រឹងផលិត មួយទ្វេជាពីរ ឬ មួយទ្វេជាបួន ពេលនោះ ប្រទេសនេះ មុខជាមានភាពរីកចំរើនជាមិនខានឡើយ។
ហេតុការណ៍ជាច្រើន ដែលបានបញ្ជាក់ឲ្យយើងដឹងថា សេដ្ឋកិច្ចតតិយលោក ត្រូវការពឹងផ្អែកទៅលើមហាអំណាចឧស្សាហកម្ម ការកេងប្រវ័ញ្ច ទាញយកចំណេញលើតម្លៃវត្ថុធាតុដើមនៃប្រទេសទន់ខ្សោយ ជាបញ្ហាធំ ដែលតម្រូវឲ្យអង្គការអន្តរជាតិ ធ្វើការកែទម្រង់ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទន់ខ្សោយ។
ប្រសិនបើបញ្ហានេះ ខ្វះការដោះស្រាយទាមទារ “យើងពុំចង់បានជំនួយទេ យើងចង់បានផ្សារលក់មួយត្រឹម ត្រូវ” តើសម្តីរបស់លោកសាស្ត្រាចារ្យបារាំងម្នាក់ឈ្មោះ អង់ដ្រេហ្វីលីព (Andre Philip) ដែលបានពោលថា “យើងត្រូវការគេគោរពយើង ជាងជំនួយដែលគេត្រូវផ្តល់មកឲ្យយើង” ចាត់ទុកថា ជាចម្លើយនៃឆន្ទៈរបស់ប្រ ទេសទន់ខ្សោយទេឬ?
គេមិនអាចចាត់ទុកវិនិយោគទុន បរទេសថា ជាជំនួយឡើយ ពីព្រោះ វាជាមូលធន់ដែលនាយទុនបរទេសយកមកប្រើបង្កើតផល សំរាប់តែទាញយកផលចំណេញ។ ពួកនេះ ដែលសុខចិត្តយកលុយមកចំណាយក្នុងប្រទេសក្រីក្រ ក៏ដោយសារក្នុងការសង្ឃឹមថានឹងអាចទិញវត្ថុធាតុដើម ហើយលក់ផលិតកម្មឧស្សាហកម្មវិញតែប៉ុណ្ណោះ។
Post a Comment