ភ្នំវរវង្សសូរវង្ស ជាឈ្នោះពិត ឥឡូវប្រែឈ្មោះទៅជា ភ្នំគីរីរម្យវិញ
ខេត្តកំពង់ស្ពឺៈ
ដោយ៖ សេង ស៊ីដារ៉ូ
ឈ្មោះ«ភ្នំវរវង្សសូរវង្ស»ជាឈ្មោះពិត ប៉ុន្តែនាពេលបច្ចុប្បន្ននេះ បានប្រែប្រួលឈ្មោះទៅជា “ភ្នំគីរីរម្យវិញ” ភ្នំនេះមានជាប់នៅក្នុងរឿងព្រេងខ្មែរយើង ហើយប្រជាពលរដ្ឋនាំគ្នាធ្វើការសម្គាល់ភ្នំនេះ ជាភ្នំវែងអន្លាយចាប់តាំងពីក្នុងខេត្តកំពង់ស្ពឺ រហូតដល់ទឹកដីខេត្តកោះកុងសព្វថ្ងៃនេះ។
ឈ្មោះភ្នំគីរីរម្យ «ភ្នំវរវង្សសូរវង្ស» ជានាមថ្មីទើបតែប្រតិស្ឋានឡើងរវាងឆ្នាំ ១៩៣០ប៉ុណ្ណោះ ដូច្នេះហើយបានជាអ្នកផងតែងឆ្ងល់ថាឈ្មោះ «គីរីរម្យ» មិនសមជាឈ្មោះពីបរមបុរាណសោះ មតិនេះយល់ត្រូវណាស់ ព្រោះតាមឯក សារដែលមានខ្លះនៅក្នុងក្រុមជំនុំទំនៀមទម្លាប់ និងតាមការសាកសួរចាស់ៗ ដែលនៅចេះចាំរឿងនេះបានបញ្ជាក់ ថា ពីដើមភ្នំគីរីរម្យ ទាំងមូលរួមបញ្ចូលទាំងភ្នំជិតខាងផង អ្នកស្រុកហៅថា «ភ្នំវរវង្សសូរវង្ស»ទាំងអស់។
នៅក្នុងរវាងគ.ស១៩៣០ប៉ុណ្ណោះ ទើបមាននាមថា«គីរីរម្យ»នេះកើតឡើង ដើមហេតុនាំឲ្យកើតឈ្មោះថ្មីនេះ គឺកាលនោះ ព្រះករុណាព្រះបាទសម្តេចមុនីវង្ស ទ្រង់បានយាងទៅលំហែព្រះកាយ នៅលើខ្នងភ្នំត្រង់ទីនោះ ហើយព្រះអង្គសព្វព្រះទ័យ ទេសភាពនិងអាកាសធាតុនៅទីនោះ ទើបទ្រង់ប្រោសប្រទាននាមថ្មីថា «គីរីរម្យ»ដែលមាន ន័យថា «ភ្នំជាទីរីករាយ» ជារៀងរហូតមក ប៉ុន្តែនាមនេះ សម្គាល់តែត្រឹមខ្នងភ្នំមួយកន្លែងនេះឯង ដូច្នេះបានជាខ្នងភ្នំផ្សេងៗដែលនៅជិតសុទ្ធតែមាននាមដោយឡែកពីគ្នា ដូចជាភ្នំកូនសត្វ ភ្នំកម្មជ្ជវាត......។រីឯឈ្មោះដើមដែលអ្នកស្រុកធ្លាប់ហៅថា ភ្នំវរវង្សសូរវង្សនោះ គេសំដៅយកតួជួរភ្នំទាំងមូល ហើយគេនៅចាំរឿងព្រេងនិទានពីឈ្មោះភ្នំនេះដូចតទៅ៖
មានសេចក្តីដំណាលថាកាលពីព្រេងនាយមានព្រះរាជា១ព្រះអង្គព្រះនាមព្រះបាទសូរិយាសោយរាជ្យនៅក្រសន់ នគរ។ ព្រះមហាក្សត្រនេះ មានព្រះអគ្គមហេសីពីរព្រះអង្គ គឺទី១ ព្រះនាមវង្សធ្យា មានព្រះរាជបុត្រ២ព្រះអង្គ គឺ វរវង្ស និងសូរវង្ស ទី២ ព្រះមានមន្ទា មានព្រះរាជបុត្រ១អង្គ គឺ វៃវង្ស។
ចាប់តាំងពីព្រះរាជបុត្រទាំង៣អង្គ មានព្រះជន្មពេញវ័យកាលណា ព្រះនាងមន្ទា ជាមហេសីចុងកើតមានសេចក្តីច្រណែនឈ្នានីស ដោយខា្លចរាជសម្បត្តិធ្លាក់លើព្រះរាជបុត្រនៃមហេសីដើម។ ដូច្នោះព្រះនាងមន្ទា ក៏រករឿងញុះ ញង់បំបែកបំបាក់រៀងរាល់ថ្ងៃ។ ថ្ងៃមួយព្រះរាជកុមារទាំងពីរសូរវង្ស និងវរវង្ស នាំបងប្អូនដើរលេងកម្សាន្តតាមទីធ្លាស្រាប់តែនាងមន្ទា ចាប់ព្រះរាជកុមារទាំងពីរ យកមកគាបជាប់នៅចន្លោះភ្លៅ ហើយស្រែកប្រាប់ឲ្យអ្នកផងឮថា ព្រះរាជកុមារទាំងពីរប្រមាថមើលងាយខ្លួន ហ៊ានមកចាប់ធ្វើការមិនគប្បីចំពោះមាតាចុងទាំងកម្លាំង។ព្រះបិតាបានឃើញដូច្នោះខ្ញាល់យ៉ាងខ្លាំង ហើយបញ្ជាឲ្យពេជ្ឈឃាតនាំយកកុមារទាំងពីរ ទៅសម្លាប់ដោយឥតបានគិតពិចារ ណា។ ប៉ុន្តែដោយបុណ្យបារមីនៃព្រះរាជកុមារ ក្នុងពេលដែលពេជ្ឃឃាតរៀបនឹងសម្លាប់ ព្រះនាងវង្សធ្យាជាមាតា បានទៅទាន់អង្វរពេជ្ឃឃាតសុំកុំឲ្យសម្លាប់។ ពេជ្ឃឃាតមានចិត្តមេត្តាក៏ជួយពង្វេះគេចចេញពីព្រះនគរ ព្រះមាតាបានទាំងប្រគល់ឲ្យព្រះរាជកុ មារនូវព្រះទម្រង់រាជ្យមួយៗម្នាក់ផង ហើយសន្យាថា ដល់គម្រប់១០ឆ្នាំវិលមកព្រះនគរវិញ។
ព្រះរាជកុមារទាំង២ពង្ស បានទទួលបណ្តាំព្រះមាតា ហើយយាងកាត់ព្រៃព្រឹក្សាផ្សងព្រេងតាមវាសនា ដោយទ្រង់
អស់ព្រះកាយពលខ្លាំងក៏ទ្រង់ផ្ទុំ្កលក់
ក្រោមម្លប់ឈើនាព្រៃដ៏ស្ងាត់ជ្រងំ។
លំដាប់នោះព្រះឥន្ទ្រាធិរាជ បានទតយល់ព្រះរាជកុមារភ្លាម ក៏និម្មិតជាមាន់ស១ ខ្មៅ១ចុះមករកស៊ីនៅក្បែរព្រះ
រាជកុមារ ហើយនិយាយថា «ខ្ញុំជាមាន់ខ្មៅ បើអ្នកណាបានស៊ីសាច់ខ្ញុំកន្លងតែ៧ឆ្នាំនឹងបានសោយរាជ្យ»។
«ចំណែកខ្ញុំជាមាន់សក៏ដូច្នោះដែរ បើអ្នកណាបានស៊ីសាច់ខ្ញុំកន្លងតែ៧ខែនឹងបានសោយរាជ្យ»។
មាន់ទាំងពីរជជែកគ្នាហើយ ជល់គ្នានៅចំពោះព្រះភក្ត្រព្រះរាជកុមារ រហូតដល់ស្លាប់រៀងខ្លួន។ ព្រះរាជកុមារទាំងពីរនឹកឆ្ងល់ក្នុងព្រះទ័យខ្លាំងណាស់ ហើយដោយឃ្លានអាហារខ្លាំងពេកផង សូរវង្ស ក៏រើសយកមាន់ស ឯវរវង្ស ក៏រើសយកមាន់ខ្មៅយកទៅចម្អិនសោយ ដោយសុខសាន្ត។ លុះសោយសាច់មាន់នោះរួចហើយ ព្រះរាជកុមារទាំង ២ពង្ស ក៏ធ្វើដំណើរទៅទៀតអស់រយៈកាល៧ខែគត់ បានទៅដល់សាលាសំណាក់មួយ នៅក្នុងព្រៃនានគរគន្ធពបុរី ហើយសម្រាកនៅទីនោះ។
និយាយពីនគរនេះ ក្រោយដែលព្រះរាជាសោយទីវង្គតទៅ នាម៉ឺន សេនាមាត្រ រៀបចំធ្វើការផ្សងរកអ្នកមានបុណ្យ ដើម្បីគ្រងរាជ្យសម្បត្តិនៅប្រទេសរបស់ខ្លួន។ កាលដែលបានរៀបក្បួនស្រេចហើយ ក៏ធ្វើដំណើរចេញទៅដោយឲ្យរាជគជេន្ទ្រ ដែលតាំងបុស្សនៅមុខគេបង្អស់ ហើយអធិដ្ឋានថា បើអ្នកណាជាអ្នកមានបុណ្យសូមឲ្យរាជគជេន្ទ្រនេះ ឈប់ភ្លាមនៅចំពោះមុខអ្នកមានបុណ្យនោះ។
កាលដែលរាជគជេន្ទ្រមកដល់សាលាសំណាក់ ដែលព្រះរាជកុមារទាំងពីរកំពុងផ្ទំលក់ ក៏ឈប់នៅស្ងៀមក្រុមសេនាមាត្រនាំគ្នាឡើងទៅលើសាលា ហើយសូមយាងព្រះរាជកុមារនាមសូរវង្ស ឲ្យយាងទៅគ្រងរាជ្យសម្បត្តិនៅគន្ធពបុរីនោះ។
ព្រះរាជកុមារពុំព្រមទទួលសោះ ដោយប្រកែកថា គ្មានសមត្ថភាព តែសេនាមាត្រមិនព្រម នាំគ្នាបីត្រកងលើកដាក់លើបុស្សបុក ហើយហែទៅកាន់រាជធានី។ ព្រះរាជកុមារនឹកអាល័យដល់វរវង្សជាប្អូនខ្លាំងណាស់ សុំឲ្យសេនាមាត្រយកវរវង្សជាប្អូនទៅផង តែគេពុំព្រមយក។ លុះទៅដល់ព្រះនគរ ក៏រៀបចំអភិសេកព្រះរាជកុមារ សូរវង្ស ជាមួយព្រះនាងសបុប្ផា ជារាជបុត្រីនៃព្រះអតីតមហាក្សត្រនគរនេះ និងថ្វាយរាជ្យជាព្រះមហាក្សត្រដោយសុខសាន្ត។
ចំណែកព្រះរាជកុមារវរវង្ស កាលក្រោកឡើងបាត់ព្រះរៀមពុំឃើញ ក៏ទ្រង់ព្រះកន្សែងព្រួយរាជហឫទ័យយ៉ាងខ្លាំងដើរសែ្រកដង្ហោយហៅពាសពេញព្រៃ តែមិនឃើញសោះ។ វរវង្សអស់សង្ឃឹមមិនដឹងទៅរកឯណា ក៏យាងកាត់ព្រៃតាមដានជើងដំរីរាជនោះ ទៅដល់វាំងនៃព្រះរៀមសុំអ្នកយាមទ្វារចូលទៅតាមរក តែគេពុំព្រមឲ្យចូលដោយកំហែងគំរាមថែមទៀត។ ព្រះរាជកុមារ ក៏គេចចេញពីទីនោះ ទៅតាមយថាកម្ម។ លុះដើរកាត់ព្រៃអស់៥យប់៥ថ្ងៃ ទើបបានដល់ផ្ទះដូនចាស់ម្នាក់ នៅក្បែរវាំងនៃព្រះរាជានាមព្រះបាទធរណិត នានគរមួយហើយសុំដូនចាស់នោះនៅស្នាក់អាស្រ័យមួយយប់ផង ដូនចាស់ក៏ព្រមឲ្យស្នាក់ដោយរីករាយ។ តែដូនចាស់អប្រិយនេះ បានឃើញព្រះទម្រង់ព្រះរាជកុមារ នឹកស្មានថា ជាចោរលួចរបស់ព្រះរាជទ្រព្យ ក៏ចូលទៅទួលព្រះរាជាៗ ទ្រង់ ព្រះពិរោធខ្លាំងបានបញ្ជាឲ្យសេនា ទាហានចាប់ចងយកទៅសួរចម្លើយ ទោះបីព្រះរាជកុមារឆ្លើយថា ព្រះទម្រង់នេះ ជាកេរដំណែលពីព្រះមាតារបស់ព្រះអង្គក៏ដោយ ក៏ព្រះរាជានៅតែចោទថាជាចោរ ហើយបញ្ជាទាហានចាប់យកទៅដាក់ក្នុងទ្រុងដែកសែនទារុណ។
ថ្ងៃមួយ មានយក្សកំណាចបានចូលទៅរាតត្បាតនគរជ័យបូរី ដែលមានព្រះមហាក្សត្រនាមព្រះបាទសោទត្ត ជាមិត្តស្និទ្ធស្នាលជាមួយនឹងព្រះបាទធរណិត បណ្តាលឲ្យនគរនេះជ្រួលច្របល់យ៉ាងខ្លាំង មិនតែប៉ុណ្ណោះវាចូលមកដល់ក្នុងវាំងដេញកំចាត់អារ័ក្សដែលយាមទ្វារវាំង ស្តេចឲ្យរត់ខ្ចាត់ខ្ចាយអស់ ហើយប្រាថ្នាស៊ីស្តេចសោទត្តទៀត តែមិនទាន់បានចូលទៅចាប់ស្តេចនៅឡើយ វាចូលទៅពួនសម្ងំនៅក្នុងគុហារនាកន្លែងអារ័ក្សនោះទៅ។
និយាយពីសេ្តចសោទត្ត កាលបើជ្រាបដូច្នោះភ័យណាស់ ក៏ត្រាស់បញ្ជាឲ្យសេនាចេញសំពៅទៅនគរព្រះបាទធរណិត ដើម្បីថ្វាយដំណឹងអំពីព្រឹត្តិការណ៍នេះ ហើយសូមឲ្យព្រះអង្គជួយជ្រោមជ្រែងក្នុងរឿងនេះផង។ ព្រះធរណិត បានជ្រាបភ្លាមក៏បង្គាប់បញ្ជាសេនារុញសំពៅទម្លាក់ទឹកនឹងធ្វើដំណើរទៅនគរជ័យបូរី។ ប៉ុន្តែសេនាទាំងអស់រុញសំពៅនោះពុំរួចសោះ ក៏ប្រកាសរកអ្នកខ្លាំងពូកែ ដើម្បីរុញសំពៅនេះចុះទឹក ព្រះរាជកុមារវរវង្សដែលនៅក្នុងទ្រុងដែក ក៏ទទួលខ្លួនធានានឹងរុញសំពៅនេះបាន ព្រះរាជាក៏ទ្រង់សន្យាថា បើឯងរុញសំពៅនេះរួចមែននឹងដោះលែងឲ្យជាអ្នកជា ហើយនឹងព្រះរាជទានរង្វាន់យ៉ាងច្រើន។ ដោយបុណ្យវាសនាពីព្រេងនាយ ព្រះរាជកុមារក៏រុញសំពៅទម្លាក់ទឹកបានដោយធូរ។ព្រះរាជា ក៏ធ្វើដំណើរតាមសំពៅឆ្ពោះទៅនគរជ័យបូរី ដោយយកទាំងព្រះរាជកុមារវរវង្ស និងព្រះនាងកេសកេសី ជាព្រះរាជបុត្រី ព្រមទាំងសេនាមុខមន្ត្រីទៅផង។ ទៅដល់នគរជ័យបូរី បានបញ្ជាឲ្យពួកពលរេហ៍ បោះព្រះពន្លានៅក្បែរវាំងព្រះបាទសោទត្ត ហើយព្រះអង្គចូលទៅប្រាស្រ័យជាមួយនឹងព្រះបាទសោទត្តក្នុងព្រះរាជវាំង។
ថ្លែងពីព្រះនាងកេសកេសី ទ្រង់ផ្ទំលក់ក្នុងរាត្រីបានយល់សប្តិឃើញតាចាស់ម្នាក់មកប្រាប់ថា ព្រះរាជកុមារវរវង្
សនេះហើយ ជាព្រះស្វាមីព្រះនាងពីអតីតកាល។ កាលព្រះនាងក្រោកឡើង ក៏ចេះតែនឹកមមៃចំពោះព្រះរាជកុមារ
រហូតទាល់តែព្រះទ័យប្រតិព័ទ្ធស្នេហាចំពោះព្រះរាជកុមារយ៉ាងខ្លាំង។ ឯព្រះរាជកុមារក៏មានសេចក្តីស្នេហាចំពោះ
ព្រះនាងដែរ។ មួយថ្ងៃៗ ព្រះរាជកុមារ និងព្រះនាងតែងនិយាយដាក់ពាក្យសម្តីទៅវិញទៅមក។ចំណែកព្រះបាទ
ធរណិតជាព្រះបិតា កាលបានជជែកពិគ្រោះនឹងព្រះបាទសោទត្តដឹងរឿងសព្វគ្រប់ហើយ ក៏និយាយថា«យើងមានកុមារម្នាក់ វាជាចោរលួចរបស់ព្រះរាជទ្រព្យ ហើយយើងបានចាប់យកទៅធ្វើទោសដាក់ទ្រុងដែក ប៉ុន្តែកុមារនេះខ្លាំងពូកែណាស់ អាចរុញសំពៅដែលមនុស្សជាច្រើនរុញមិនរួចនោះ ឲ្យរួចបាន ឥឡូវជូនដំណើរយើងមកនៅក្នុងព្រះពន្លានាខាងក្រៅវាំងឯណោះ គួរតែឲ្យកុមារនេះល្បងនឹងយក្សមើល តើវាព្រម ឬមិនព្រម បើវាព្រមសាកល្បងនឹងយក្ស ទោះបីមិនឈ្នះយក្សក៏យើងមិនពួ្រយបារម្ភដែរ ព្រោះវាជាមនុស្សមានទោសស្រាប់មកហើយ»។
គិតដូច្នោះ ក៏ឲ្យអ្នកបម្រើទៅហៅព្រះរាជកុមារវរវង្ស មកប្រាប់រឿងដែលយក្សខ្លាំងពូកែ ប្រាថ្នាមកស៊ីស្តេចសោទត្
តឥឡូវ សុំឲ្យព្រះរាជកុមារទៅសម្លាប់យក្សនោះ
បើសម្លាប់បាននឹងឲ្យរង្វាន់យ៉ាងលើសលប់។
ព្រះរាជកុមារក៏ទទួលតាមព្រះរាជបញ្ជា ប៉ុន្តែដើម្បីកុំឲ្យយក្សស្គាល់ថាជាមនុស្សធម្មតា ព្រះរាជកុមារវរវង្សបានសុំគ្រឿងរាជ្យព្រះខ័នរាជ្យរបស់ស្តេចសោទត្តមកតែងព្រះអង្គឲ្យដូចសេ្តចសោទត្តមែនៗហើយចូលប្រយុទ្ធជា មួយនឹងយក្សនៅក្នុងគុហារលុះត្រាតែយក្សស្លាប់បាត់បង់ជីវិត ក្នុងគ្រានោះទៅ។
ទាំងនេះឯងជារឿងព្រេងប្រចាំភ្នំវរវង្សសូរវង្ស ដោយគេសំអាងលើរូបសំណាកថ្មមួយ ជារូបស្រ្តីកំបុតក្បាលត្រឹមក សន្មតថាជារូបនាងមន្ទា ដែលជាអ្នកទ្រុស្តកាច ហើយពេជ្ឃឃាតនាំយកទៅប្រហារជីវិតចោលនោះ។ រូបនេះ តាំងនៅក្នុងឃុំចំបក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយដែលសព្វថ្ងៃរាជការរាប់បញ្ចូលជាសង្កាត់នៃក្រុងគីរីរម្យទៅហើយ ត្រង់កំពូលភ្នំមួយដែលគេហៅថា ភ្នំកម្មជ្ជវាតនោះគេសម្គាល់ថា ជាកន្លែងដែលខ្យល់បក់បោកផ្តាច់កឥសី ដែលលួចយកកែវមណីរតន៍របស់ព្រះបាទវរវង្ស ទៅហៅលេងនោះ។ ក្រៅពីនេះ នៅមានកន្លែងច្រើនទៀត ដែលអ្នកស្រុកសម្គាល់ថា ទាក់ទងនឹងរឿងព្រេងនេះដែរ ដូចជាកន្លែង ថ្មបាំង សេកប្រណាំង ឃ្លាំងរំសេវជាដើម៕
Post a Comment