រមណីយដ្ឋាន ប្រាសាទវត្តព្រះធាតុទឹកឆា ឬហៅម្យ៉ាងទៀតថា សិទ្ធិបុរ «ត្រង់កន្លែងទឹកឆាសព្វថ្ងៃ»
ខេត្តកំពង់ចាមៈ
ដោយ៖ សេង ស៊ីដារ៉ូ
ឈ្មោះ «ទឹកឆា» បានក្លាយទៅជារមណីយដ្ឋានមួយសម្រាប់ទេសចរណ៍ជាតិ បើយើងធ្វើដំណើរទៅកម្សាន្តម្តងៗ
ធ្វើយើងឲ្យមានអារម្មណ៍រីករាយ បំបាត់ភាពស្មុគស្មាន ពីការងារដែលមមាញឹក។
រមណីយដ្ឋាន ប្រាសាទវត្តព្រះធាតុទឹកឆានេះ មានភ្ញៀវទេសចរណ៍មកលេងកំសាន្តគ្រប់ទិសទី ពុំដែលភ្លេច
ឈ្មោះ«ទឹកឆា» ក្នុងទឹកដីខេត្តកំពង់ចាមនោះទេ។
ពីដើមមក មានតែតួប្រាសាទថ្មបាក់បែកស្ទើរតែអស់គ្មានសល់ ដែលនៅជាពីរកន្លែងក្បែរគ្នា ហើយប្រាសាទទាំងពីរនេះ មានជ្រោះប្រឡាយទឹកតាំងពីបុរាណមក និងមានទឹកហូរខួបប្រាំងខួបវស្សា គឺរដូវវស្សាមានទឹកសឹងពេញព្រៀប រដូវប្រាំងនៅសល់ត្រឹមក្បាលជង្គង់ ឬលើក្បាលជង្គង់បន្តិច។ ទឹកនេះថ្លាឈ្វេង ហើយហូររិចៗមិនចេះឈប់ ជាហេតុនាំឲ្យអ្នកផងទៅងូតលេងលំហែប្រាណយ៉ាងសប្បាយរីករាយ។ សងខាងប្រឡាយទឹកថ្លាខ្យង មានរុក្ខាល តាវល្លិ៍ដុះខ្ពស់ស្រោងស្រឹងប្រទាក់ប្រទិនគ្នា តែសព្វថ្ងៃគេបានកាប់រំលីងឲ្យបានជាវាលមួយកន្លែងយ៉ាងធំ គឺនៅចំត្រង់ផ្លូវទឹក និងតួប្រាង្គថ្ម។ មិនតែប៉ុណ្ណោះរាជការបានកសាងជាទំនប់ទឹកមួយសំខាន់ ដើម្បីយកប្រយោជន៍អំពីប្រឡាយទឹកបុរាណមួយនេះ នាំយកទឹកទៅចែកដល់ប្រជាកសិករសម្រាប់ធ្វើស្រែចំការ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សព្វថ្ងៃថាទឹកឆា បានក្លាយជារមណីយដ្ឋានដ៏សំខាន់សម្រាប់ទេសចរណ៍ជាតិ ប៉ុន្តែប្រវត្តិពង្សាវតារបស់ទីឋាននេះ
វាឋិតនៅក្នុងសភាពងងឹតនៅឡើយ ពុំដឹងថា តើទីនេះពីបុរាណជាទីអ្វីទេ?កើតមានពីត្រឹមណាមកទេ?
ដើម្បីជម្រះមន្ទិលទាំងនេះខ្លះ ក្រុមជុំនំទំនៀមទម្លាប់ បានប្រមែប្រមូលឯកសារដែលមានតម្កល់ទុកយូរមកហើយ
ចាត់ឲ្យសមាជិកទៅពិនិត្យសង្កេតដល់ទីកន្លែង ក៏រៀបចំធ្វើជាសេចក្តីរាយការណ៍អំពីទីកន្លែងនេះឡើងដាក់ចំណង
ជើងថា «ប្រាសាទព្រះធាតុទឹកឆា»តាមឈ្មោះបុរាណនៃប្រាសាទដដែលហៅថា «គុកព្រះធាតុ ឬវត្តព្រះធាតុ»នៅត្រង់កន្លែងទឹកឆានេះ។ពាក្យ«ទឹកឆា»នេះ ក៏ពុំមែនជាពាក្យទើបតែបង្កើតថ្មីនោះទេ គឺមានតាំងពីយូរណាស់ហើយ ទើបមានជាប់ហៅនៅក្នុងសៀវភៅ«សិលាចារឹកនៅប្រទេសកម្ពុជា របស់លោកហ្សសឺដេស»សរសេរកំណត់ឈ្មោះកន្លែងនេះថា «វត្តព្រះធាតុនៅទឹកឆា»។
ដើម្បីឲ្យបានច្បាស់ «ប្រាសាទព្រះធាតុទឹកឆា» យើងតែងតែនិយាយតាមសិលាចារឹកមួយដែលអ្នកស្រាវជា្រវបាន រកឃើញ ហើយនាំមកតម្កល់ទុកនៅសារមន្ទីរជាតិ នាក្រុងភ្នំពេញសព្វថ្ងៃ។ សិលាចារឹកនេះ នៅមានរូបរាងស្អាតល្អអក្សរនៅច្បាស់ជាបន្ទះក្រាស់កម្ពស់១ម៉ែត្រ«មិនគិតជើងតម្កល់»ទទឹងមុខ០.៥០ម៉ែត្រខាងកំពូលលើមានឆ្លាក់ជារូបព្រះគណេស។ អក្សរចារឹកមានទាំងសងខាង គឺម្ខាងមាន ២៣បន្ទាត់ជាភាសាសំស្ក្រឹត និងម្ខាងទៀតមាន១៦បន្ទាត់ជាភាសាខ្មែរ។
សេចក្តីក្នុងសិលាចារឹកនេះហើយ ជាទ្វារបើកចំហឲ្យយើងមើលផ្លូវឃើញនូវប្រវត្តិដ៏វែងឆ្ងាយនៃទីកន្លែងនេះ។
សិលាចារឹកសរសេរថា ទីកន្លែងនេះកសាងឡើងតាំងពី៩៤៧ស័ក «២»(គ.ស១០២៥)ក្នុងរជ្ជកាលព្រះបាទសូរ្យ វរ្ម័នទី១។កាលនោះព្រះរាជា ទ្រង់ទទួលប្រោសព្រះរាជទាន តាមសេចក្តីក្រាបបង្គំទូលស្នើអំពីអ្នកប្រាជ្ញម្នាក់ឈ្មោះ «ជង្ឃល» ហើយដែលមានសន្មតនាមមួយទៀតថា លក្សិន្ទ្របណ្ឌិត។ លោក ជង្ឃលបានរកឃើញទីដីមួយកន្លែងក្នុងតំបន់មួយហៅថា សិទ្ធិបុរ «ត្រង់កន្លែងទឹកឆាសព្វថ្ងៃ»មានទំនងស្រឡះស្រឡំល្អក៏ទូលស្នើចំពោះព្រះរាជា សុំទីនេះធ្វើជាអារាមសម្រាប់ធ្វើសក្ការបូជាចំពោះសាសនាព្រាហ្មណ៍ ដោយថ្វាយទាំងសេចក្តីព្រាងសព្វគ្រប់ សម្រាប់រៀបចំកន្លែងនេះ ទុកជាស្នាដៃដ៏សំខាន់ផង។ គ្រានោះ ព្រះបាទសូរ្យវរ្ម័ន ព្រះអង្គទ្រង់ប្រោសព្រះរាជានុញ្ញាតតាមសេចក្តីសុំ ព្រមទាំងប្រទាននូវទ្រព្យសម្បត្តិជាច្រើនទៀត ដើម្បីជា មធ្យោបាយក្នុងការកសាងនេះផង។
បណ្ឌិតជង្ឃល ឬលក្សិន្ទ្របណ្ឌិត ចាប់ធ្វើកិច្ចការស្ថាបនានេះឡើង តាមកម្លាំងព្រះរាជ្យទ្រព្យ និងតាមប្រាជ្ញារបស់
លោក ក្នុងការបញ្ចុះបញ្ចូលរកជំនួយពីអ្នកស្រុក បានស្រេចសព្វគ្រប់តាមគម្រោងហើយ បានដាក់ថ្វាយព្រះរាជា
ទ្រង់ទត គឺនៅក្នុងប្រាសាទមានតម្កល់សិវលិង្គ នៅកណ្តាលសន្មតនាមលិង្គនោះថា«ស្រីភទ្រេស្វរៈ»និងទេវរូបពីរអមសងខាងមួយមាននាមថា«បរមេស្វរៈ»មួយទៀតថា«សរស្វតិ»។ចំពីមុខទិសខាងកើតមានគុហាមួយទៀតជាទេវស្ថានមានទំហំតូចដែលសព្វថ្ងៃយើងឃើញបាក់ធ្លាក់ថ្មគរជាគំនរកប់ក្នុងព្រៃក្បែរប្រឡាយទឹកជ្រោះមានតែស៊ុមទ្វារមួយនៅសល់គ្រាន់ជាការបង្ហាញហេតុតែប៉ុណ្ណោះ។ស្ថាបត្យករបានចាត់ការជីកស្រះមួយយ៉ាងធំទូលាយនៅចំហៀងខាងស្តាំប្រាសាទឲ្យឈ្មោះថា«លក្សិន្ទ្រដាក»ហើយប្រតិស្ថានលិង្គមាសមួយតម្កល់នៅកណ្តាលស្រះផង។ ព័ទ្ធជុំវិញនៃទីបរិវេណនេះមានការរៀបចំ បានជាស្រុកភូមិមួយយ៉ាងស្តុកស្តម្ភ ដោយប្រជុំអ្នកស្រុកជិតខាងឲ្យមករស់នៅជួបជុំកុះករគ្នាឡើងក្នុងសម័យនោះ។ ដូច្នេះបរិយាកាសក្រុងថ្មីនេះឯង ក៏បានជាសភាពអឹកធឹកឡើង។
ក្រោយដែលបានរៀបចំរួចស្រេច លក្សិន្ទ្របណ្ឌិត បាននាំពត៌មានចូលក្រាបបង្គំទូលព្រះបាទសូរ្យវរ្ម័នទី១ព្រះអង្គក៏
ទ្រង់ស្តេចយាងប្រារព្ធពិធីសម្ពោធទីកន្លែងនេះយ៉ាងមហោឡារិកនៅក្នុងឆ្នាំ៩៤៧ស័ក(គ.ស១០២៥)ដែលយើង
ចង្អុលម្តងមកហើយពីខាងលើ។ក្នុងព្រះរាជពិធីសម្ពោធនេះព្រះរាជាទ្រង់ប្រោសប្រទាននូវធនធានជាប្រដាប់ប្រើ
ប្រាស់ពួកពលព្រះ២៩នាក់ ដីស្រែនៅជុំវិញប្រាសាទ និងស្រះទឹកនេះទាំងអស់ព្រមទាំងទីលានធំៗសម្រាប់ប្រកប
ពិធី ឬជាគ្រឿងលម្អទុកជាទ្រព្យផ្ទាល់នៃព្រះគុហានេះផង។មិនតែប៉ុណ្ណោះព្រះអង្គបានប្រោសព្រះរាជទាននាមទី
កន្លែងនេះថា«លក្សិន្ទ្របថ»ដោយនិយមតាមនាមបណ្ឌិតអ្នកកសាង។សេចក្តីហូរហែដូចអធិប្បាយមកនេះជាប្រវត្តិដើមនៃប្រាសាទនិងទីកន្លែងទឹកឆា។ឥឡូវយើងអធិប្បាយពីទ្រង់ទ្រាយដែលជាតម្រាសល់មកដល់សព្វថ្ងៃនេះម្តង ព្រោះសម្រាប់ជួយណែនាំផ្លូវពពួកទេសចរណ៍យើងដែលត្រូវការទស្សនាទីកន្លែងនេះផង។
សព្វថ្ងៃនេះស្រះបុរាណ ដែលយើងពោលខាងលើថា ជាស្នាដៃបណ្ឌិតជង្ឃលនោះហើយដែលជាធ្នារទឹកដ៏ធំមួយ
នៅចំមុខទំនប់ ដែលក្រសួងកសិកម្មទើបនឹងស្ថាបនាឡើងក្នុងបច្ចុប្បន្ននេះ។ រីឯប្រឡាយទឹកនេះសោត ហូរធ្លាក់
ពីសីលប្រភពនៅទិសខាងជើងក្នុងខេត្តកំពង់ធំឯនោះ ហើយហូរត្រង់មកត្បូង លុះមកដល់ចំហៀងប្រាសាទនេះ
ក៏ធ្លាក់ទឹកចូលក្នុងរង្វះធំមួយ ដែលយើងហៅថា«ធ្នារ»ខាងលើនេះឯង។ ពីបុរាណមកទឹកដក់ពេញព្រៀបនៅត្រង់នេះ តែមានកូនជ្រោះតូចៗ បែកមែកធាងនាំបង្ហូរទឹកទៅចាក់បញ្ចូលដីស្រែ នាភូមិជិតខាងនេះមានភូមិក្រូច ក្នុងស្រុកព្រៃឈរនោះជាដើម។ អាស្រ័យប្រឡាយចាស់ដូច្នេះហើយ បានជារាជការខាងកសិកម្មចាត់ចែងក្នុងពេល ៥-៦ឆ្នាំកន្លងទៅនេះ ធ្វើជាទំនប់មូយរក្សាទឹកទុកក្នុងធ្នារនេះ ឲ្យរឹតតែច្រើនឡើងសម្រាប់បន្ថែមកម្លាំងឲ្យហូរទៅតាមប្រឡាយដែលគេជីកធ្វើសំអាតជាថ្មី នាំទឹកទៅចាក់ឲ្យស្រែអ្នកស្រុក បានជាច្រើនពាន់ហិកតា ក្នុងស្រុកព្រៃឈរ និងស្រុកបារាយណ៍។
ប្រឡាយទឹកដែលហូរនាំទឹកត្រង់មកពីទិសខាងជើង កាត់មកខាងត្បូងធ្លាក់ចូលធ្នារធំរួចហើយក៏ឆ្ពោះទៅលិចត្រង់ទៅវិញ ដូចនេះប្រឡាយទឹកត្រង់ទឹកឆាមានសណ្ឋានបីដូចជាកែងជាងឈើ ជាកន្លែងដែលគេងូតទឹកលេងសព្វថ្ងៃ គឺនៅចំត្រង់កែងនោះឯងបើនរណាចូលចិត្តទឹករាក់ក៏ងូតក្នុងប្រឡាយចាស់ខាងជើងទំនប់ព្រោះប្រឡាយនេះ បាតក្រោមមានទទឹងប្រមាណជា៤ឬ៥ម៉ែត្រដែរ។ ទឹកថ្លាឈ្វេងមើលឃើញបាតរាបស្មើ ដែលមានកូនថ្មដុំតូចៗ តម្រៀ បត្រៀបត្រាគួរឲ្យចង់រើសយកមកមើលឬអង្អែលលេង កូនត្រីទាំងហ្វូងៗហែលចា្រស់ទឹកហូរប្រដេញគ្នា។ ឯអ្នកដែលចេះហែល ចូលចិត្តហែលលេងក្នុងផ្ទៃទឹកជ្រៅផ្នែកខាងត្បូងទំនប់ ដែលជាធ្នារទឹកធំល្ហល្ហាច។ ជុំវិញរង្វះមាត់ទឹកមានដើមឈើខ្ពស់ៗស្រោងស្រឹង ដុះខ្នាន់ខ្នាប់នាំឲ្យបានជាជម្រកនៃទេសចរណ៍ដែលទៅលេងកម្សាន្តផង និងជាទីជ្រកនៅនៃសត្វបក្សាបក្សី ដែលស្រែកឆ្លើយឆ្លងគ្នា បញ្ចេញសូរចំលែកៗរឹតតែបង្កើនដួងចិត្តពួកទេសចរ ណ៍ឲ្យអណ្តែតអណ្តូងថែមទៀតផង។
យើងចូលទៅកំសាន្ត ក្នុងបរិវេណគុកគុហាបុរាណនេះ យើងប្រទះឃើញរាងរៅជាបួនជ្រុងទ្រវែង បែរមុខឆ្ពោះទៅខាងកើតចំទ្វារចូលពីខាងកើត ឯខាងជើងនិងខាងត្បូងមានតែបង្អួចទេ។ សព្វថ្ងៃជញ្ជាំងជុំវិញ នៅល្អនៅឡើយទេ មានដើមឈើធំៗដុះពីលើនោះបន្ថែមទៀត។ រីឯដំបូល ឬកំពូលប្រាង្គវិញ គ្មាននៅសល់បន្តិចទេ
សព្វថ្ងៃនៅតាលហាលរកឲ្យយើងសន្និដ្ឋានថា តើប្រាង្គគុហានេះ ពីដើមឡើយមានកំពូលដូច្នេះ ឬដូច្នោះ ពុំបានឡើយ ឃើញមានតែថ្មធ្លាក់ មកគរនៅកណ្តាលបរិវេណ តែមានថ្មខ្លះមានរាងរៅទំនងជាថ្នាក់កំពូលគឺក្បាច់ត្របក ឈូក ដែលគេសម្រាប់បន្តុបធ្វើជាកំពូលប្រាង្គ ធ្លាក់មកគរលាយឡំជាមួយថ្មដទៃទៀតផងដែរ។
ទំហំតួប្រាសាទនេះ មានបណ្តោយប្រមាណ ២០ម៉ែត្រ ទទឹង១៥ម៉ែត្រប៉ុណ្ណោះ។ ដុំថ្មទាំងនោះភាគច្រើនជាថ្ម
បាយក្រៀមពុំសូវមានថ្មសំលៀង ដែលឆ្លាក់ជាក្បាច់ក្បូរឆើតឆាយអ្វីឡើយ ប្រទះឃើញតែផ្តែ«Linteau»មួយដែលមានឆ្លាក់ជារូបព្រះនារាយណ៍នៅចំកណ្តាលនិងក្បាច់ស្លឹកភ្ញឹកនៅព័ទ្ធព័ន្ធជុំវិញ។ការទស្សនាបុរាណដ្ឋាននេះធ្វើបានស្រួលតែនៅរដូវប្រាំងជាជាងរដូវវស្សា ហើយពេលថ្មើរមាណក៏មិនក្តៅ ព្រោះមានដើមឈើធំៗត្រជាក់ត្រឈៃ ប៉ុន្តែពេលល្ងាចឆាប់ងងឹតបន្តិចដោយសារម្លប់ឈើធំទាំងនោះ។ ភាគច្រើនអ្នកទស្សនាទីកន្លែងនេះ គេចូលចិត្តទៅ នៅពេលព្រឹកប្រមាណជាម៉ោង៨-៩ ព្រោះបានឱកាសវែងបន្តិច គឺទៅដល់ហើយគេទស្សនាទីបុរណទាំងនេះ ឲ្យសព្វគ្រប់រហូតដល់ម៉ោង១១-១២ថ្ងៃត្រង់ បន្ទាប់មកគេរៀបម្ហូបម្ហារអាស្រ័យតាមបែបដើរព្រៃ អាស្រ័យរួចគេសម្រា កដេកលេងក្រោមដើមឈើដ៏ត្រជាក់ត្រឈៃរហូតម៉ោង២-៣ទើបក្រោកឡើងងូតទឹកលេងលុះដល់ម៉ោង៤-៥រសៀល ទើបចេញដំណើរត្រឡប់មកលំនៅវិញ៕
Post a Comment