រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជួបលោកស្រីនាយិកាកម្មវិធីស្បៀងអាហារពិភពលោក WFP ប្រចាំកម្ពុជា
ភ្នំពេញ
ដោយ៖ ហុង ចំណាប់
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសម្ដែងការគួរសម
និងពិភាក្សាការងារជាមួយលោកស្រី Francesca Erdelmann នាយិកាកម្មវិធីស្បៀងអាហារពិភពលោក
ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។
កម្មវិធីស្បៀងអាហារពិភពលោក(WFP)នេះ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ
ជាច្រើន និងយូឆ្នាំមកហើយ តាមរយៈកម្មវិធីផ្ដល់ស្បៀងពលកម្មសម្រាប់សាងសង់ហេដ្ឋរចនាសម្ព័ន្ធជនបទ។
លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណ
និងសម្ដែងការស្វាគមន៍ចំពោះលោកស្រី Francesca Erdelmann និងសហការី
ដែលបានឆ្លៀតពេលក្នុងជំនួបនេះ ដើម្បីស្វែងរកការគាំទ្រពីគ្នាទៅវិញទៅមក រវាងក្រសួងអភិវឌ្ឍន៍ជនបទ
និងកម្មវិធីស្បៀងអាហារពិភពលោក។ ជាមួយនេះ ក៏បានជម្រាបជូនភ្ញៀវអំពីយុទ្ធសាស្រ្ដ ៤
សំខាន់ៗរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺ ទី១ ការពង្រឹងស្ថាប័ន អភិវឌ្ឍន៍សមត្ថភាព
និងធនធានមនុស្ស។ ទី២ អភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ដ និងគមនាគមន៍។ ទី៣ លើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ
និងទី៤ ធ្វើពិពិតកម្មសកម្មភាពសេដ្ឋកិច្ចជនបទ។ ជាមួយនេះ ក្រសួងកំពុងរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២១-២០២៣ ដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាពលរដ្ឋ នៅជនបទប្រកបដោយបរិយាប័ន្នទាំងផ្នែក
សេដ្ឋកិច្ច សង្គម និងវប្បធម៌។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ការងារផ្គត់ផ្គង់ទឹកស្អាត
និងការលើកកម្ពស់អនាម័យជនបទ ជាទិសដៅដ៏សំខាន់ ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ
ហើយក្រសួងនឹងខិតខំជម្រុញ យ៉ាងហោចណាស់ ក៏ធ្វើឲ្យខេត្តចំនួន៣
ក្លាយជាខេត្តដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងឆ្នាំ២០២៣ ។
ទាក់ទិនទៅនឹងជំងឺកូវីដ ១៩ លោករដ្ឋមន្រ្ដី បានបន្តថា ក្រសួងបានសហការជាមួយដៃគូរ
និងមន្រ្ដីនាយកដ្ឋានជំនាញ បានចូលរួមធ្វើការផ្សព្វផ្សាយអប់រំទប់ស្កាត់ ការរីករាលដាលនៃជំងឺនេះផងដែរ។
ក្រៅពីនេះក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលហិរញ្ញប្បទាន ពីរាជរដ្ឋាភិបាល ដើម្បីបន្តដំណើរការគម្រោងសាច់ប្រាក់ពលកម្ម
សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ និងគាំទ្រកសិករ ជំហានទី២ ដែលជាការផ្ដល់ឱកាសការងារ
និងរកប្រាក់ចំណូលគ្រួសារនៅជនបទផងដែរ។
លោកស្រី Francesca Erdelmann បានបញ្ជាក់ប្រាប់ថា លោកស្រីបានសង្កេតឃើញថា
ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ ជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទមានការរីកចម្រើនគួរឲ្យកត់សម្គាល់។
ជាមួយនេះ លោកស្រីបានរំលឹកអំពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងអភិវឌ្ឍន៍ជនបទ
និងកម្មវិធីស្បៀងអាហារពិភពលោក ដែលមានតាំងពីយូណាស់មកហើយតាមរយៈកម្មវិធីស្បៀងពលកម្ម
ហើយបច្ចុប្បន្នកម្មវិធីស្បៀងអាហារពិភពលោកបាន នឹងកំពុងអនុវត្តន៍កម្មវិធីមួយទៀត គឺកម្មវិធីផ្គត់ផ្គង់អាហារនៅតាមសាលា
រៀន និងកម្មវិធីសម្អាតនៅតាមសាលារៀន តាមរយៈការផ្គត់ផ្គង់ទឹកស្អាតផងដែរ។
ក្រៅពីនេះកម្មវិធីស្បៀងអាហារពិភពលោក បានសហការជាមួយកម្មវិធីវិមជ្ឈការ
និងវិសហមជ្ឈការ ដែលមានក្រុមប្រឹក្សាឃុំ នៅតាមបណ្ដាខេត្តអនុវត្តន៍គម្រោងតូចៗ រួមមាន
ជីកប្រឡាយ សាងសង់ផ្លូវ និងកម្មវិធី ប្រែប្រួលអាកាសធាតុ ដោយសហការជាមួយគណៈកម្មាធិការជាតិ
គ្រប់គ្រងគ្រោះមហន្ដរាយ ដោយផ្ដោតទៅលើទីទួលសុវត្ថិភាព។
លោកស្រី Francesca Erdelmann
បានស្នើសុំឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត
ជាមួយកម្មវិធីស្បៀងអាហារពិភពលោក លើផ្នែកជំនួយបច្ចេកទេស៕
Post a Comment