Header Ads


សែលកាត នឹងរៀបចំកម្មវិធីប្រកួតហ្គេម Rules of Survival KH Cup Season 3 Wild Card

ភ្នំពេញៈ

ដោយ៖កញ្ញា សុវ៉ាត
 

ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) ក្រុមហ៊ុនសែលកាត បានប្រកាស​នូវ​ការ​ចាប់ផ្តើមជ្រើសរើសកីឡាករសម្រាប់ចូលរួម នៅក្នុងកម្មវិធីប្រកួត Wild Card ដើម្បីសម្រាំងយកអ្នកឈ្នះ​ទៅចូលរួមបន្តនៅក្នុងព្រឹត្តិការណ៍ប្រកួត Rules of Survival ដ៏ធំនាពេលខាងមុខនេះ។  

កីឡាករទាំងអស់ អាចចាប់ផ្តើមបង្កើតក្រុម និងចុះឈ្មោះដើម្បីចូលរួមការប្រកួតដណ្តើមពានរង្វាន់ Wild Card ជាមួយនឹងកម្មវិធី Playgame របស់សែលកាត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២០ ខែកក្កដា។

ក្រុមនាំមុខគេទាំង ១០ នៅក្នុងកម្មវិធីប្រកួត Wild Card នឹងអាចបន្តចូលរួមព្រឹត្តិការណ៍ប្រកួត The Rules of Survival KH Cup Season 3 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែសីហា។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា ជាមួយនឹង​ប្រាក់​រង្វាន់សរុបរហូតដល់ទៅ ៥០លានរៀល ការប្រកួតតាមប្រព័ន្ធអនឡាញនេះ មុខជានឹងអាចទាក់ទាញ​កីឡា​ករ ​រាប់រយនាក់ទូទាំងប្រទេសកម្ពុជា  មកចូលរួមប្រកួតប្រជែងយ៉ាងជក់ចិត្តជាក់ជាមិនខាន។ ឮ

លោក វ៉ាតសុន បានបន្តទៀតថា ការប្រកួតនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យដោយមានការ​សហ​ការ​គ្នា​យ៉ាងជិតស្និទ្ធរវាង ក្រុមហ៊ុនសែលកាត សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និង NetEase ដែលជាក្រុម​ហ៊ុន​អភិវឌ្ឍន៍ហ្គេមខ្នាតយក្សរបស់ប្រទេសចិន។

នៅពេលនេះ យើងបានធ្វើការរួមគ្នាជាមួយ EFC និង NetEase អស់រយៈពេលជិតពីរឆ្នាំមកហើយ ដើម្បី​បង្កើត​សហគមន៍កីឡាករក្នុងស្រុក និងដើម្បីជួយគាំទ្រដល់កីឡាករខ្មែរ​ឲ្យមាន ឱកាសអាចចូលរួម​នៅក្នុង​កម្ម​វិធីប្រកួតលំដាប់ថ្នាក់អន្តរជាតិបាន។

កាលពីខែមេសាកន្លងទៅថ្មីៗនេះ យើងបានបង្កើត PlayGame ដែលជាកម្មវិធី Virtual Gaming ដំបូង​គេបង្អស់នៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំកម្មវិធីប្រកួតតាមអនឡាញ ខណៈដែលពួកយើងកំពុងរង់​ចាំការ​អនុញ្ញាតឲ្យរៀបចំការប្រកួតនៅក្នុងទីលានផ្ទាល់បាន។

នាពេលបច្ចុប្បន្ននេះ នៅទូទាំងពិភពលោក កីឡាអេឡិចត្រូនិច បានក្លាយជាឧស្សាហកម្ម​តម្លៃរាប់ពាន់​លាន​ដុល្លារ ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សបំផុត។

ក្រុមហ៊ុនសែលកាត បានប៉ាន់ប្រមាណឃើញថា សព្វថ្ងៃនេះ ប្រទេសកម្ពុជាមានអ្នកនិយមលេង​ហ្គេមប្រមា​ណ​ជាង ២លាននាក់ ខណៈដែលទីផ្សារជិតខាង ដូចជា ប្រទេសថៃមានចំនួន ១៥លាននាក់ និងម៉ាឡេស៊ី​មាន​ចំនួន ១៤លាននាក់។

ក្រៅពីក្រុមហ៊ុន Netease សែលកាត ក៏បានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយបណ្តាក្រុមហ៊ុនបង្កើត​ហ្គេមឈានមុខគេ នៅលើពិភពលោកផ្សេងៗទៀត ដូចជា Moonton and Tencent ដើម្បីនាំយកកម្មវិធី​ហ្គេម​ពេញនិយម ដូចជា Mobile Legends និង PUBG មកបម្រើជូនកំសាន្ត ព្រមទាំងមានរៀបចំព្រឹត្តិ​ការណ៍​ប្រកួតយកប្រាក់រង្វាន់ ជូនដល់អ្នកគាំទ្រវិស័យហ្គេមនៅក្នុងប្រទេសកម្ពុជាទៀតផង។


លោក វ៉ាតសុន បានឲ្យដឹងថា ក្រុមហ៊ុននឹងជម្រាបជូននូវគំនិតផ្តួចផ្តើម ​នៃគម្រោងសិក្សាតាមអេឡិក​ត្រូនិច​នៅ
​តាមសាលារៀន នាពេលឆាប់ៗខាងមុខនេះ។ ​ក្នុងនាមជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ ក្រុមហ៊ុនសែលកាត ប្តេជ្ញាជួយគាំទ្រដល់យុវជន ក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយ​មនុស្សជុំវិញ និងក្រេបយកចំណេះដឹងប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈដែលសាលារៀនត្រូវបានបិទ ក៏​ដូច​ជា​ផ្តល់នូវភាពរីករាយ និងឱកាសដើម្បីអភិវឌ្ឍជំនាញថ្មីៗផងដែរ។

លោក វ៉ាតសុន មានប្រសាសន៍បន្តថា គោលដៅចុងក្រោយរបស់យើង គឺដើម្បីឲ្យប្រទេសកម្ពុជា មានភាព​លេច
ធ្លោនៅក្នុងឆាកអន្តរជាតិ អាចផ្តល់នូវអាជីពដ៏ពិតប្រាកដមួយ និងផ្តល់នូវប្រាក់ចំណូល​ដ៏សមគួរ​សម្រាប់​ប្រជាជនខ្មែរ៕



No comments

Powered by Blogger.