មហាសង្ក្រានឆ្នាំថ្មី ឆ្នាំជូត ទោស័ក នឹងឈានចូលនៅពេលឆាប់ៗនេះ រយៈពេល ៣ថ្ងៃ
ដោយ៖ សេង ស៊ីដារ៉ូ
ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ មហាសង្ក្រាន
នឹងឈានចូលថ្ងៃចន្ទ ៦រោច ត្រូវនឹងថ្ងៃទី១៣ មេសា ឆ្នាំ២០២០ វេលាម៉ោង ២០:៤៨នាទី រយៈពេល ៣ថ្ងៃ គឺថ្ងៃទី ១៤-១៥-១៦ ខែមេសា
ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្តា កន្លងទៅបាន ២៥៦៣ ត្រឹមថ្ងៃ ១៥កើត ខែពិសាខ
លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ទៅចូលពុទ្ធសករាជ ២៥៦៤។
នឹងគណានាឆ្នាំជូតអីឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃចន្ទ ៦រោច
ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២០:៤៨នាទី។
ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផលូវគោវិថីផ្លូវកណ្តាលមានទេវធីតាមួយព្រះអង្គ
ជាអគ្គនាយិកា ព្រះនាមគោរាគៈទេវី ជាបុត្រីទី២ កបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា
ទ្រង់អម្ពរពណ៌ លឿង លម្អរនៅព្រះកាល៌ដោយផ្កា អង្គារបុស្ស អភរណ កែវមុក្តា
ភក្សាហារទ្រង់តេលំ ព្រះហស្តស្តាំទ្រង់ព្រះខន្ធ ព្រហស្តឆ្វេង ឈើច្រត់
ទ្រង់គង់អង្គុយបើកព្រះនេត្ររំពៃលើខ្នង ព្យាគ្ឃៈ (ស្តេចខ្លា) ជាពាហនៈ។
ទើបនាំអស់ទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវធម្មមាលី
នាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតំកល់ទុកនូវព្រះសិរលា កបិលមហាព្រហ្ម ដែលតំកល់ឈើពានមាស
នាមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី ២៤ម៉ោង
ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិចូលទៅស្រង់ទឹក
អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧
ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលសមាទានរក្សាសីល
ដោយសោមនស្សរីករាយគ្រប់ៗព្រះអង្គ ក្នុងភគវតីសភាសាលា ដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយ
ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តី
ជ័យមង្គលជន្មាសុខក្សេមក្សាន្តតរៀងទៅ ។
ថ្ងៃច័ន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០
វេលាម៉ោង ២0:៤៨នាទី ជាថ្ងៃចូលឆ្នាំជូត ទោស័ក (ជាវារៈមហាសង្ក្រាន្ត) ។
ថ្ងៃអង្គារ ៧រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០
ជាវារៈវ័នបត ។
ថ្ងៃពុធ ៨រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០
ជាវារៈវ័នបត ។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០
នៅវេលាម៉ោង ១ និង ២៤នាទី ៣៦វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្រ្កាន្តបីថ្ងៃ ស្រេចបរិបូរណ៌ចូលជាសកលឆ្នាំជូត
ទោស័ក ម.ស ១៩៤២ ចុ.ស ១៣៨២ តទៅ។
នៅក្នុងឱកាសសង្ក្រាន្តទាំងបួនថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីទាំងឡាយ
រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍
ទេវបុត្រ ទេវធីតា ឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយ ជាចិត្តអប្រិយ៍ជាប់ដោយគំនុំគុំគួនព្យាបាទ
ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ
មេត្តា ករុណា ទុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ធរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច
នោះទេវតា និងឲ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ៕
Post a Comment