Header Ads

ប្រវត្តិ ហនុមាន ទាក់ទងទៅនឹងអំបូរខ្មែរមន



 ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

ហនុមាន មានន័យថា សត្វស្វា ឬពានរ (ស្តេចពានរ) ហនុមាន ជាទាហាន ឬជាមេទ័ពស្វា។ ក្នុងរឿង រាមកេរ្តិ៍ ព្រះក្សត្រី សិដា ដែលជាព្រះមហេសីព្រះរាម ត្រូវស្ដេចយក្សរ៉ាវ៉ាណៈ (Ravana) ហៅក្រុងរាប លួចឆក់ចាប់​យក​ទៅលាក់នៅក្នុងកោះស្រីលង្កា។ ក្រោយពីបានច្បាំងយ៉ាងខ្លាំងក្លា នៅលើមេឃ និងលើដី នៅតាមព្រៃ​តាមសមុទ្រ​អស់ពេលយ៉ាងយូរ ព្រះរាម សម្លាប់ផ្តាច់ជីវិតក្រុងរាប ហើយរំដោះព្រះនាងសិដា ចេញផុត​កោះ​ស្រីលង្កាតែម្តង។ ជោគជ័យរបស់ព្រះរាមទាំងអស់នេះ គឺដោយសារមានជំនួយពីស្តេចស្វាហនុមាន និងកង​ទ័ពដ៏ខ្លាំងក្លារបស់គេ។

កាពិតព្រះរាម គឺជាអវតាព្រះវិស្ណុ ឬព្រះនរាយណ៍ទេ។ ព្រះអង្គចុះមកពីលើមេឃ ហើយក្លែងខ្លួនធ្វើជាព្រះរាម ។ ក្នុងរឿងនិទាន នេះ គេឃើញមានព្រះ គឺព្រះវិស្ណុ មានមនុស្សដូចនាងសិដា មានសត្វស្វាហនុមាន និងកង​ទ័ពរបស់គេ។ តើសត្វស្វារាប់រយពាន់នាក់ អាចចូលមកចម្បាំងជាមួយនឹងមនុស្សលោកបានដែរ ឬទេ?

ស្វានៅក្នុងរឿងនេះ មិនមែនស្វាមែនទែនទេ។ ដើម្បីឲ្យយល់រឿងនេះ យើងត្រូវសំអាងទៅលើក្បួន "អរធសុ​ត្រា" សរសេរដោយ កៅ គិល្បៈ រដ្ឋមន្ត្រីមហាក្សត្រចិន្ត្រីគុម្ភៈ (Chandragupta) ដែលសោយរាជ្យនៅស្រុក​ភ្លើង​កា​លសតវត្សរ៍ទី៣ មុនសាសនាព្រះយ៉េស៊ូ។ សុត្រានេះ ដែលនិទានអំពីវិទ្យាសាស្ត្រនយោបាយ និយាយ​ថាៈ "កងទ័ព្វពេញគុណសម្បត្តិត្រឹមត្រូវ គឺត្រូវមានបួនកង កងទីមួយ នៅមុខគេបង្អស់ត្រូវយក​មនុស្ស​​​​នៅក្នុង​ព្រៃ (ទ័ព្វពីដើមនិយមមានសត្វដំរី ហើយមនុស្សដែលរស់នៅក្នុងព្រៃតែងស្គាល់ដំរីជាងគេ រួច​អាចនឹង​មាន​របៀប​ផ្សេងៗទប់ទល់នឹងសត្វដំរីបាន)។ ដើម្បីនឹងបង្ហាញ ឲ្យអ្នកស្រុកទូទៅយល់ថា ពលទ័ព្វនោះជាមនុស្ស​មក​​ពីព្រៃ គេក៏សម្តែងជាសត្វស្វាទៅ ពីព្រោះអ្នកស្រុកកាលពេលនោះ ឥតចេះអក្សរអ្វីទេ។ នេះហើយ​គឺស្វា​នៅក្នុងរឿងរាមកេរ្តិ៍ ដែលជាមនុស្សនៅក្នុងព្រៃ មិនមែនសត្វស្វាមែនទែនឡើយ។ បើយើងថយក្រោយទៅ​ទៀត ក្នុងប្រវត្តិសាស្ត្រ គេឃើញថា ជនជាតិដែលរស់នៅមុនគេបង្អស់នៅលើទ្ធិបក្លិង្គ ឬឥណ្ឌានោះ គឺជាជន​ជាតិ​ខ្មែរ ហៅថាជាតិមុណ្ឌា ឬខ្មែរមន។


No comments

Powered by Blogger.