Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន បានបើកសម្ពោធឲ្យប្រើប្រាស់បណ្ណាល័យ អានសៀវភៅ


ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់

ស្របពេលដែលរាជរដ្ឋាភិបាល ប្រារព្ធទិវាជាតិអំណានលើកទី៥ ដើម្បីជាការដឹងគុណសម្ដេចព្រះសង្ឍរាជ ជូន ណាត  កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតី​ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការនៃបណ្ណាល័យអានសៀវភៅ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។                                     
លោក  អ៊ុក ពញ្ញា នាយកខុទ្ទកាល័យ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជន​ក្នុងវិស័យអភិ​វឌ្ឍន៍​ជនបទ បានបញ្ជាក់ថា ​បណ្ណាល័យនៃការអានសៀវភៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានបង្កើត ឡើងក្រោមគំនិតផ្តួចផ្តើម ​របស់លោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងជំរុញទម្លាប់ក្នុង​ការ​អាន និងអភិវឌ្ឍន៍ចំណេះដឹងដ៍សំម្បូរបែប ជូនដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសផ្តល់ឱកាសដល់​យុវជនក្រសួង ដើម្បីសិក្សាស្រាវជ្រាវ និងចែករំលែកបទពិសោធន៍នានា តាមរយៈនៃការអានសៀវភៅនេះ។ 
ក្នុងបណ្ណាល័យនេះ មានតម្កល់សៀវភៅជាភាសាខ្មែរ  អង់គ្លេស  បារាំងប្រមាណ ៥៦២ ក្បាល ដែលត្រូវ​បាន​គេបែងចែកជា ឯកសារអំពីកម្ពុជា រួមមាន សាស្រ្តាស្លឹករឹត សៀវភៅរបាយការណ៍ ទស្សនាវដ្ដី និងឯក​សារ​ផ្នែក​សោតទស្សន៍ច្រើនទៀត និងផ្នែកឯកសារបេតិកភ័ណ្ឌជាតិ រួមមានឯកសារច្បាប់ ឯកសាររដ្ឋបាល នៃប្រទេសកម្ពុជា និងឥណ្ឌូចិន ព្រមទាំងសៀវភៅវប្បធម៌ សិល្បៈ ការធ្វើដំណើរ និងប្រវត្តិសាស្រ្តកម្ពុជា​ព្រម​ទាំងឯកសារទូទៅសម្រាប់អាន ស្រាវជ្រាវ និងអាចខ្ចីយកទៅថតចម្លងបាន។
លោក អ៊ុក រ៉ាប៊ុន​ បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមការងារសហភាពសហព័ន្ធយុវជន ​ក្នុង វិស័យអភិវឌ្ឍន៍ជនបទ ​ដែលបានរៀបចំបង្កើតជាបណ្ណាល័យនេះឡើង និងរៀបចំពិធីសម្ពោធដាក់ឲ្យ​ប្រើ​ប្រាស់ជាផ្លូវការនាថ្ងៃនេះ ស្របពេលដែលរាជរដ្ឋាភិបាលប្រារព្ធទិវាជាតិអំណានលើកទី៥ ដើម្បីជាការដឹង គុណ និងចំថ្ងៃខួបកំណើតរបស់សម្ដេចព្រះសង្ឍរាជ ជូន ណាត ដែលបានខិតខំតស៊ូចងក្រង ការពារ និង​ថែរក្សាអក្សរសាស្រ្ដខ្មែររហូតបានគង់វង្ស ដែលជាការរួមចំណែកលើកកម្ពស់វប្បធម៌ជាតិ និងវប្បធម៌ នៃការ​អាន។
លោករដ្ឋមន្ត្រី បានបន្តទៀតថា សម្ដេច​​ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានផ្ដួចផ្ដើមឲ្យក្រសួង ស្ថាប័ន បង្កើត​ឲ្យ​​​មានបណ្ណាល័យដើម្បីរួមចំណែកពង្រឹងស្ថាប័ន កសាងសម្ថភាពមន្រ្ដីរាជការ សិស្ស និសិត្យ​សិក្សាស្រាវ​ជ្រាវ​​​​ប្រវត្តិសាស្រ្ដ និងលើកកម្ពស់ការអាន ដែលជាឃ្លាំងរក្សាព័ត៌មាន ប្រវត្តិ រឿងរ៉ាវ  ការកំសាន្ដ ទ្រឹស្ដីគំនិត  បទពិសោធន៍បានយ៉ាងល្អប្រសើរផងដែរ។
លោករដ្ឋមន្រ្ដី បានសំណូមពរដល់ថ្នាក់ដឹកនាំ ក៍ដូចជាមន្ត្រីរាជការទាំងអស់បន្ត ឧបត្ថម្ភសៀវភៅ និងឯក​សារ​​ផ្សេងៗ​ដល់បណ្ណាល័យក្រសួង ដើម្បីឲ្យមន្រ្តីរាជការ ក៍ដូចជាថ្នាក់ដឹកនាំ អាចទទួលបាននូវព័ត៌មាន និងចំណេះទូលំទូលាយបន្ថែម តាមរយៈបណ្ណាល័យនេះ៕
                                                         

No comments

Powered by Blogger.