រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានខួបលើកទី១០៩ ទិវាអន្ដរជាតិនារី០៨មីនា «មានសន្តិភាពមានការលើកកំពស់សមភាពយេនឌ័រ»
ដោយ៖ ឌឹម គឹមហាក់
ថ្លែងក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី ១០៩ ទិវាអន្ដរជាតិនារី ០៨ មីនា នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២០ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដោយសារនយោបាយឈ្នះ ឈ្នះ ឆ្នាំ ១៩៩៨ របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ទើបបានបញ្ចប់នូវសង្រ្គាមរាំរ៉ៃ នាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព និងសមភាពយេនឌ័រ នេះ ជាកត្តាសត្យានុម័ត បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ ហើយបើគ្មានសន្តិភាព ក៏គ្មានលទ្ធិប្រជាធិបតេយ្យ ហើយក៏គ្មានការគោរពសិទ្ធិមនុស្សដែរ។
លោក រដ្ឋមន្ត្រី បានលើកឡើងទៀតថា ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាពមានការលើកកំពស់សមភាពយេនឌ័រ» ដែលជាប្រធានបទ បានផ្តោតសំខាន់ទៅលើអត្ថន័យខ្លឹមសារយ៉ាងជ្រាលជ្រៅ ទៅលើតម្លៃនៃសន្តិភាព ដែលប្រជាជននៅទូទាំងពិភពលោកទទូចចង់បាន។ ដោយឡែកប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសបានចាត់ទុកថា ជាការលះបង់ដ៏ធំធេងទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្ដូរអាយុជីវិតរបស់ថ្នាក់ដឹកនាំគឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ។
លោករដ្ឋមន្រ្ដី បានអំពាវនាវដល់ស្រ្ដីដែលជាមន្រ្ដីរាជការ និវត្តន៍ជន ជនមានពិការភាពដែលបានអញ្ជើញមកពីបណ្ដាមន្ទីរជំនាញជុំវិញខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវរួមគ្នាការពារសន្តិភាពដែលបានកើតមានឡើងអស់រយៈកាលជាង២០ឆ្នាំកន្លងមកនេះ ឲ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែសំបូររ៉ុងរឿងថែមទៀត។
អត្ថន័យនៃទិវាអន្តរជាតិនារី ៨មីនា គឺដើម្បីរំលឹកវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឲ្យមានការលើកកម្ពស់សិទ្ធិសេរីភាព និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្រ្តី និងម្យ៉ាងទៀតក៏ដើម្បីបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់តម្លៃស្រ្តី តាមរយៈការផ្តល់ក្របខណ្ឌ ឋានៈ តួនាទី ក៏ដូចជាការគិតគូរពីការបណ្ដុះបណ្ដាលវិជ្ជាវីវៈជាដើម។
Post a Comment