Header Ads

លោក រដ្ឋា​ ថា ដើមស្វាយចន្ទី ដុតចេញជាធ្យូង លក់បានថ្លៃខ្ពស់ និងជាប្រភេទធ្យូងល្អ



 ខេត្តកំពង់ធំៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

ដើមស្វាយចន្ទី គឹមានផលប្រយោជន៍យ៉ាងច្រើន​​ដល់កសិករយើង ដែល​រស់នៅតាមតំបន់សម្បូរ​ទៅ​ដោយ​ដើម​ស្វាយ​​ចន្ទីនេះ នៅពេលដែលវាងាប់ កសិករយើង​​​​អាចយកវាមកអារជាកង់ៗ​ ដើម្បីយកទៅដាក់​បញ្ចូល​​ក្នុងឡ​ ដុតឲ្យក្លាយជាធ្យូង ​សម្រាប់លក់នៅលើទីផ្សារ ហើយធ្យូងផលិតចេញពីដើមស្វាយចន្ទីនេះ ​ជាប្រភេទ​ធ្យូងដ៏ល្អ និងមានតម្លៃខ្ពស់ ជាងអុសធម្មតាទៅទៀត​។

លោក រដ្ឋា​ ជាកសិកររស់នៅក្នុងឃុំជ្រាប់ ​ស្រុកសន្ទុក ខេត្តកំពង់ធំ បានដើរប្រមូលទិញដើមស្វាយចន្ទី​ដែល​ងាប់ៗ នៅ​​តាមចំការ ដែលគេកាប់ចោល ដើម្បីយកទៅបញ្ចូលក្នុងឡ ផលិតចេញជាធ្យូង សម្រាប់ដាក់លក់​លើទីផ្សារ។

ចំណែកប្រវត្តិរបស់ លោក រដ្ឋា ពីមុនមក រូបលោក ជាកម្មករស៊ីឈ្នួលឲ្យគេ ប៉ុន្តែក្រោយមក ​រូបលោក ក៏​បែក​​គំ​និត​ចង់រកស៊ីវិញ ព្រោះដោយសាររូបលោក សម្លឹងមើលឃើញថា នៅតំបន់ដែលរូបលោក រស់នៅនេះ វា​សម្បូរ​ទៅ​ដោយចំការដើមស្វាយចន្ទីច្រើន ហើយម្យ៉ាងទៀតព្រៃឈើត្រូវបានអាជ្ញាធរយាមឃាត ដូច្នេះជា​ឱ​កាស​​ល្អ ទើប​រូបលោក ដើរ​ប្រមូលទិញដើមស្វាយចន្ទីដែលងាប់ៗនេះ ដើម្បីផលិតវាឲ្យទៅជាធ្យូងវិញ។

លោក រដ្ឋា បានបញ្ជាក់ថា ក្នុងការធ្វើឡដុតធ្យូងនេះ គឺប្រើពេលវេលាអស់មួយថ្ងៃ ហើយចំណាយលើពេល​ដុត​​​ធ្យូង ១៥ថ្ងៃទៀត ទើបអុសដើមស្វាយចន្ទីនេះ ក្លាយទៅជាធ្យូង។ ក្រោយរយៈពេលដុត ១៥ថ្ងៃ រូបលោក អាចប្រមូលធ្យូងច្រកប៊េបាន ចាប់ពី ២០ ទៅ ៣០ប៊េ ហើយក្នុងមួយប៊េលក់ចេញបាន​ ១២០០០រៀល ដោយ​កំណត់ជាប៊េមិនគិតជាគីឡូនោះទេ។

សិប្បកម្មឡដុតធ្យូង របស់លោករដ្ឋា គឺជាលក្ខណៈគ្រួសារ មិនធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើក្នុងតំបន់នោះឡើយ ពីព្រោះគ្រួសារគាត់ដើរប្រមូលទិញ តែដើមឈើស្វាយចន្ទី ក្នុងចំការតែប៉ុណ្ណោះ ដោយចំការ​កន្លះហាត់​ រូប​លោក ម៉ៅទិញតម្លៃ ១៥០,០០០រៀល។ របរដុតធ្យូងលក់ របស់រូបលោនេះ បានធ្វើឲ្យរូបលោក ​មានជិវ​ភាព​ធូធារបានច្រើន ជាងរូបលោក ធ្វើជាកម្មករស៊ីឈ្នូលឲ្យគេ៕


No comments

Powered by Blogger.