រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ដើម្បីបន្តការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជំហានទី៧
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសម្ដែងការគួរសម
និងពិភាក្សាការងារជាមួយ ឯកឧត្ដម Christian Berger ឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា នារសៀលថ្ងៃទី
១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។
រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
នឹងបន្តជួយគាំទ្រដល់ការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជំហានទី ៧ បន្តទៀត។
លោកChristian
Berger បានថ្លែងថា រូបលោកមានបំណងដ៏ធំមួយ គឺដើម្បីស្វែងយល់អំពីគោលនយោបាយ
និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
បានសម្ដែងនូវការស្វាគមន៍ចំពោះ ឯកឧត្ដម
Christian
Berger និងបានថ្លែងអំណរគុណដល់ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
ដែលតែងតែជួយគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា
ជាពិសេសបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីអនុវត្តន៍
គម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបានជម្រាបជូន ឯកអគ្គរដ្ឋទូតអំពីតួនាទី
និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺ
លើកកំរិតកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច
ដោយផ្អែកទៅលើកម្មវិធីជាយុទ្ធសាស្រ្ដទាំង ៤ រួមមាន៖ ទី១ ការពង្រឹងស្ថាប័ន
អភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្ស ទី២/ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ
និងគមនាគមន៍ ទី៣/ ការកែលម្អលក្ខខណ្ឌរស់នៅ និងលើកកម្ពស់ជីវភាពរបស់សហគមន៍ជនបទ
និងទី៤/ ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ។
លោក រដ្ឋមន្រ្ដី បានបន្តទៀតថា
ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបាន ជួយគាំទ្រឲ្យមានមុខរបរបន្ថែមក្រៅពីការបង្កបង្កើនផលស្រូវ។
ក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើសុំឲ្យភាគី អាល្លឺម៉ង់ ជួយគាំទ្រផ្នែកសម្ភារៈ
និងបច្ចេកទេសដល់មន្ទីរពិសោធន៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
លោក ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះតួនាទី
និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ព្រោះថា ក្រសួងមានកម្មវិធីអភិវឌ្ឍន៍ជនបទបែបចម្រុះ
គ្រប់វិស័យ។ រដ្ឋាភិបាលអាល្លឺម៉ង់ បានជួយដល់រាជរដ្ឋាភិបាលកម្ពុជា
តាមរយៈអង្គការ GTZ
និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ KFW ក្នុងកម្មវិធីស្ដារហេដ្ឋារចនាសម្ព័ន្ធ
ហៅកាត់ថា RIP ដែលមកដល់ពេលនេះ បានអនុវត្តជំហានទី៦ ហើយត្រូវបញ្ចប់នៅបំណាច់ខែមីនា
ខាងមុខនេះ។ លោក ឯកអគ្គរដ្ឋទូត បានបន្តទៀតថា
រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងបន្តជួយគាំទ្រដល់ការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ
ជំហានទី ៧បន្តទៀត ចំពោះមន្ទីរពិសោធន៍ ឯកឧត្ដម បានទទួលយកសំណើនេះ ដើម្បីយកទៅពិចារណាផងដែរ
៕
Post a Comment