Header Ads

មតិមហាជន បានលើកឡើងថា ៧មករា ជាថ្ងៃផ្តួលរំលំរបបខ្មែរក្រហម ប៉ុន្តែនៅតែមានអាថ៌កំបាំង


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


៧ មករា គឺជាថ្ងៃនៃការផ្តួលរំលំរបបខ្មែរក្រហម (កម្ពុជាប្រជាធិបតេយ្យ) និងបញ្ចប់ទាំងស្រុងនៃរបបផ្តាច់ការ សាហាវឃោរឃៅនេះ  ដើម្បីឲ្យប្រទេសកម្ពុជា មានភាពរុងរឿងគ្រប់វិស័យឡើងវិញ ដូចសព្វថ្ងៃ និងគោរព​តាម​រដ្ឋធម្មនុញ្ញ លើកកំពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តាមមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញ។​


៧មករា ជាថ្ងៃប្រវត្តិសាស្រ្ត នៃការរម្លឹកចងចាំ នូវការផ្ដួលរំលំរបបខ្មែរក្រហម ឬរបបកម្ពុជា ប្រជាធិបតេយ្យ នេះ ហើយប្រជាពលរដ្ឋ តែងតែហៅថា របបប្រល័យពូជសាសន៍។ ៧មករា ធ្វើឲ្យជីវិតប្រជាជនកម្ពុជា​រស់​ជាលើកទី២​ មកដល់ពេលនេះ។

៧មករា បានបង្កើតឲ្យមានលទ្ធិប្រជាធិបតេយ្យ សេរីភាព និង​សិទ្ធិមនុស្ស ដែលត្រូវស្ថិតនៅក្រោមច្បាប់  ដែល​ប្រកបដោយ សមធម៌ សមភាព​ និងយុត្តិធម៌សង្គម និងជាមូលដ្ឋាននៃសាមគ្គីភាព ​នៃប្រជាធិបតេយ្យ​ទាំងមូល ដូច្នេះហើយ ទើបបានជាបក្សកាន់អំណាច ដឹកនាំដោយសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន​ សែន និង​ជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា លើកយកមករម្លឹក ក្នុងថ្ងៃទិវា ៧ មករា ខួបលើកទី ៤១នេះ។

រដ្ឋាភិបាល នៃបក្សកាន់អំណាច​ បានពន្យល់អំពី អត្ថន័យនៃ៧មករានេះថា ជាប្រវត្តិសាស្រ្តមួយ ដើម្បី​ឲ្យ​ប្រជាជាតិទាំងមូលដឹងថា ៧មករា នាំមកនូវ សន្តិភាព និង​ការអភិវឌ្ឍជាតិ  មានការរស់រានមានជីវិតឡើង​វិញ​​​​របស់ប្រជាជនខ្មែរ រហូតមកទល់បច្ចុប្បន្ននេះ។

៧មករា ១៩៧៩ គឺជាទិវាជាតិ ជាប្រវត្តិសាស្រ្ត ដែលបក្សកាន់អំណាច ចាត់ទុកជាកំណើតទី២ នៃប្រជា​ជន​កម្ពុជា។​ បក្សប្រជាជនកម្ពុជា​ ដែលមានសម្តេច ហ៊ុន សែន​ ជាប្រធានបក្សនោះ បានដឹកនាំប្រទេស ជិត៤០​ឆ្នាំមកហើយ ដែលធ្វើឲ្យប្រទេសជាតិរីកចម្រើនគ្រប់ផ្នែក គ្រប់វិស័យ។ ក្នុងអំឡុងនៃការដឹកនាំប្រទេសជាតិ​នេះ បក្សកាន់អំណាចប្រឈមមុខយ៉ាងខ្លាំង និងការខំស្តារសន្តិភាព ស្ថិរភាពសង្គម  ប៉ុន្តែក្រុមសិទ្ធិមនុស្ស​ជាតិ ​និងអន្តរជាតិ តែងតែធ្វើការរិះគន់ថា បក្សប្រជាជន មិនបានគោរពគោលការណ៍ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ល្អប្រសើរនោះទេ ជាពិសេស នៅដំណាក់កាលចុងក្រោយ ដែល​បក្សប្រឆាំងមួយចំនួនធំ​ រកគ្រប់​វិធីសាស្ត្រ​  ដើម្បីធ្វើការបំបែកបំបាក់នៃការសាមគ្គីជាតិ។
មានអ្នកវិភាគបញ្ហានយោបាយ និងសង្គមស៊ីវិល មួយចំនួនបានយល់ឃើញថា ការពិត ថ្ងៃ៧មករា វាមិនឆ្លុះ​បញ្ជាំងពី​តថភាព​ នយោបាយ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះទេ ពីព្រោះបញ្ហាសិទ្ធិមនុស្ស នយោបាយ និង​អធិបតេយ្យជាតិ នៅតែមានបញ្ហាជានិច្ច។

គណបក្សកាន់អំណាច បានបញ្ជាក់ថា​ ៧មករា បាននាំមកនូវ ការបង្រួបបង្រួមជាតិ និង ការជួបជុំគ្រួសារខ្មែរ​ឡើងវិញ។ ៧ មករា ឆ្នាំ ២០២០ នេះ ដែលជាខួបលើកទី ៤១ មានមន្រ្តីបក្សកាន់អំណាច ពលរដ្ឋ​ ច្រើន ម៉ឺន​នាក់ មកចូលរួមប្រារព្វទិវានេះ។

«៧មករា ជា​ថ្ងៃកំណើត​ទី​ពីរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រួច​ផុតពី​របប​ប៉ុលពត»។ នេះ​ជាការ​លើកឡើង​របស់ យុវតី ឆាំង ម៉ា​រ៉ុង ជា​និស្សិត​សង្គមវិទ្យា​ឆ្នាំ​ទី៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ កញ្ញា ឆាំង ម៉ា​រ៉ុង បាន​បន្ថែមថា៖«ប្រជាជន​កម្ពុជា​មិនគួរ​មើលរំលង​ថ្ងៃជ័យ​ជម្នះ៧មករា​ឆ្នាំ១៩៧៩នោះទេ ព្រោះ​ជា​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍​កម្ពុជា​ប្រជាធិបតេយ្យ ដែលជា​របប​ដែល​កាប់ សម្លាប់​ប្រជាជន​ខ្លួនឯង​យ៉ាង​ព្រៃផ្សៃ​នោះ»។

មានក្រុមយុវជន យុវតី ដែលបានចូលរួម ៧មករានេះ បាន​លើកឡើងថា ការ​រំលឹក​គុណ​ថ្ងៃ៧មករា ជាការ​ល្អ ប្រសិនបើ​មិនមាន​ថ្ងៃ៧ មករា​ទេនោះ ប្រទេស​កម្ពុជា ក៏​មិនមាន​សុខសន្តិភាព ប្រជាជនមាន​ភាពសម្បូ​រណ៍​សប្បាយ ប្រទេស​មានការ​អភិវឌ្ឍន៍ និង​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះដែរ។ ក្រុមយុវជន យុវតី អំពាវនាវ​ដល់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន គួរតែយក​សមិទ្ធផល​នានា ទៅ​ប្រៀបធៀប​​ជាមួយ​ឆ្នាំ១៩៧៩ រហូត​នោះទេ។ ប៉ុន្តែ​រដ្ឋាភិបាល ​ត្រូវ​ធៀប​ទៅនឹង​ប្រទេស​ដទៃទៀត​ ដែល​ធ្លាប់​ធ្លាក់​ក្នុង​សង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែ​ក្រោយមក ប្រទេស​ទាំង​នោះបាន​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​លឿន។

មតិនិស្សិតខ្លះ បានលើកឡើងថា ថ្ងៃ៧មករា គឺ​មិនសូវមាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ខ្ញុំ​នោះទេ ដោយសារតែ​ខ្ញុំ​មិនសូវ​បានដឹង​ច្បាស់​អំពី​ប្រវត្តិ​ទាក់ទង​នឹង​ថ្ងៃ៧មករា​នេះ ថា​វា​បាន​កើតឡើង​យ៉ាងដូចម្តេច? ហើយ​តាម​ការស្រាវជ្រាវ​របស់​ខ្ញុំ ​កន្លងមក​ក៏​មិនមាន​ឯកសារ​ណាមួយ​និយាយ​ ឲ្យ​លំអិត​អំពី​ប្រវត្តិសាស្ត្រ​នៅក្នុង​ពេល​នោះ​​​ដែរ។ ប្រវត្តិសាស្ត្រ​ដ៏​អាថ៌កំបាំង​ច្រើនណាស់ ដែលប្រជាជនខ្មែរ ត្រូវ​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ឲ្យបាន​ច្បាស់ មុននឹង​ជឿជាក់​លើ​ព្រឹត្តិការណ៍​អ្វីមួយ ហើយ​រាជរដ្ឋាភិបាល ​ក៏​មិនគួរ​មាន​ចេតនា​លាក់លៀម​ប្រវត្តិសាស្ត្រ​ជាតិ​ខ្លួន​នោះដែរ៕

No comments

Powered by Blogger.