Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសតែងតាំង លោក សំ នីតូ ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មី ​នៅខេត្ត​ស្វាយ​​រៀង



ខេត្តស្វាយរៀងៈ


ដោយ៖ ហុង ចំណាប់


កាលពីថ្ងៃទី​២៥ ខែធ្នូ​ ឆ្នាំ​២០១៩​​ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញជាអធិបតី​ក្នុងពិធីប្រកាសលោក សំ នីតូ ឲ្យចូលកាន់តំណែង ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង​ជំនួស​លោក ហុក បូទី ដែលបានចូលនិវត្តន៍។       
                 
បន្ទាប់ លោក ហុក បូទី អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង បានអានរបាយការណ៍របស់​លោករួចមក លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃក្រសួងអភិវឌ្ឍន៍ជនបទ បាន​អាន​ប្រកាសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ លេខ ៣០៨/១៩ ក.អ.ជ.ប្រ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ សម្រេចផ្ទេរភារកិច្ច ឲ្យលោក សំ នីតូ ជាអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ មកជាប្រធានមន្ទីរអភិវឌ្ឃន៍ជនបទ ខេត្តស្វាយរៀង ជំនួសលោក ហុក បូទី ដែលបានចូលនិវត្តន៍វិញ។

លោក សំ នីតូ ទើបឡើងជា​ប្រធានមន្ទីរអភវឌ្ឍន៍ជនបទ នាពេលថ្មីៗ នៅខេត្តស្វាយរៀង​នេះ​ បានថ្លែងអំណរ​គុណចំពោះថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ដមអភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង ដែលបានផ្ដល់នូវសេចក្ដីទុកចិត្ត តែងតាំងរូបលោក ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង។ រូបលោក បានប្ដេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន មន្ទីរជុំវិញខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូរអភិវឌ្ឍន៍នានា ដើម្បី ជម្រុញ​ការងារអភិវឌ្ឍន៍ជនបទ ឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ដ​ចតុ​កោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
                                
ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង បានលើកឡើងថា សូមឲ្យលោក សំ នីតូ ទើបតែឡើងកាន់តំណែងជាប្រធានបន្ទីរថ្មីនេះ ត្រូវចេះយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍប្រទេសជាតិឲ្យ​បានល្អ ដើម្បីឲ្យប្រជាប្ររដ្ឋនៅគ្រប់តំបន់មានការរស់នៅបានស្រួល និងចំណេញទាំងពេលវេលា និងថវិកា ជាពិ​សេស ងាយស្រួលដល់ សិក្សានុសិស្ស ធ្វើដំណើរទៅរៀនសូត្របានទាន់ពេលវេលា។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង​របស់ថ្នាក់ដឹក​នាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង ដែលកន្លងមកបានសហប្រតិបត្តិការគ្នាល្អ ជា​មួយ​​អាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្ដីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអង្គការដៃគូអភិវឌ្ឃន៍នានា ធ្វើឲ្យខេត្ត​ស្វាយរៀង មានការរីកចម្រើនបានល្អ។                                                                                           
លោករដ្ឋមន្ត្រីបានលើកឡើងអំពីផែនការ និងយុទ្ធសាស្រ្ដសំខាន់ៗ របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់​អភិ​វឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជនបទ ​​ រួមមាន៖ ការកសាងហេដ្ឋា​រចនា​​សម្ព័ន្ធ​រូបវ័ន្ត , ការអប់រំលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ​នៅតាមតំបន់ជនបទ , ការបង្កើតឱកា​ស​កា​រងារ ឬមុខរបរផ្សេងៗតាមរយៈការបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈនៅមូលដ្ឋាន និងការពង្រឹងស្ថាប័ន និងអ​ភិវឌ្ឍន៍​ធនធានមនុស្ស ដើម្បីលើកស្ទួយផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ។

លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានតែងតាំងថ្មីត្រូវអនុវបន្តកម្មវិធីផ្គត់ផ្គង់​ទឹក​ស្អាត និងអនាម័យជនបទ​ ដើម្បីឲ្យប្រជាពលរដ្ឋនៅខេត្តស្វាយរៀង សម្រេចឲ្យបានការបន្ទោបង់ពាសវាល ពាស​កាលនៅឆ្នាំ២០២៣ ព្រោះប្រជាពលរដ្ឋនៅស្រុករំដួល និងស្រុកស្វាយទាប សម្រេចបានការមិនបន្ទោ​បង់​ពាសវាលពាសកាលរួចហើយ ពោលគឺ នៅតាមខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់១០០%។

លោករដ្ឋមន្រ្ដី បានរំលឹកដល់ថ្នាកដឹកនាំក៏ដូចជាមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវគោរពនូវរាល់បទ​បញ្ជា​​របស់​រាជរដ្ឋភិបាល  និងត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងបន្តកិច្ចសហប្រតិបត្តិការ ឲ្យបានល្អជាមួយ​អា​ជ្ញា​​​ធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ​ធ្វើយ៉ាងណាអនុវត្តន៍​ភារកិច្ច​របស់​ខ្លួន​ឲ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេចតេជោជាប្រមុខដឹកនាំ។                                                             
​លោក ហុក បូទី អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានចូលនិវត្តន៍​ ក៏ត្រូវបានព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ មាន​ឋានៈ​​ស្មើអនុរដ្ឋលេខាធិការ៕ 

No comments

Powered by Blogger.