ស្រីមកដណ្តឹងប្រុស មានប្រវត្តិទាក់ទិននឹងរឿងភ្នំប្រុសភ្នំស្រី នៃសម័យព្រះអង្គ “ស្រីអយុធ្យា”
ខេត្តកំពង់ចាម
ដោយ៖ សេង ស៊ីដារ៉ូ
បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញ
ទៅកំពង់ចាម តាមផ្លូវជាតិលេខ៧ យើងនឹងឃើញគីឡូម៉ែត្រទី១១៦ ដែលស្ថិតនៅទិសឦសាន ប៉ែកខាងឆ្វេងដៃ មានចម្ងាយពីថ្នល់ជាតិ ទៅប្រមាណមួយគីឡូម៉ែត្រ
យើងនឹង ឃើញភ្នំពីរ នៅទន្ទឹមគ្នា មួយខាងកើតខ្ពស់
មួយខាងលិចទាប។ ចំណែកភ្នំដែលខ្ពស់ជាងគេឈ្មោះភ្នំស្រី ឯភ្នំ ទាបនោះឈ្មោះភ្នំប្រុស។
តាមប្រវត្តិភ្នំប្រុសភ្នំស្រីនេះ
គឺមានរឿងព្រេងខ្មែរមួយនិទានតៗ គ្នាមកថា កាលពីព្រេងនាយមានស្តេចស្រីមួយព្រះអង្គ ព្រះនាម “ស្រីអយុធ្យា” សោយរាជ្យនៅនគរខ្មែរ។
ដោយព្រះនាងជាស្តេចសោយរាជ្យ គ្មានបុរសណា ហ៊ានដណ្តឹងយកជាភរិយាឡើយ ម្ល៉ោះហើយព្រះនាង រកដណ្តឹងបុរស ដ៏មានរូបជាទីគាប់ព្រះទ័យ
មកធ្វើជាព្រះស្វាមី ដោយហេតុព្រះរាជិនី ស្រីអយុធ្យាដណ្តឹងប្រុសជាព្រះស្វាមី
ដូច្នេះស្រីៗ ដែលនៅក្រោមព្រះរាជឱវាទព្រះ នាង ក៏ដណ្តឹងប្រុសៗ ធ្វើជាស្វាមីតាមដែរ។
ក្នុងរជ្ជកាលនោះ គឺធ្វើឲ្យបុរស
វេទនានឹងស្រីៗខ្លះ ដែលមានរូបស្រស់អន់ៗ ទៅដណ្តឹងប្រុសៗ ដែលស្អាតៗ យកមកធ្វើជាស្វាមី ហើយបុរស
ក៏នាំគ្នាប្រកែកមិនយក គេរើសតែស្រីៗមានរូបល្អៗ ទើបយកធ្វើជាភរិយា។
លុះមកដល់រាជ្យស្តេចក្រោយៗទៀត
ពួកស្រីៗជំនុំគ្នាថា “ឥឡូវនេះដូចជាមិនសមសោះ ខ្លួនយើងជាស្រី
ហើយដើរដណ្តឹងប្រុសៗ ធ្វើជាប្តី បើដូច្នោះយើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំ
ភ្នាល់ជាមួយនឹងពួកប្រុសៗ គឺប្រុសលើកដីធ្វើជាភ្នំមួយ ស្រីៗធ្វើជាភ្នំមួយភ្នាល់គ្នា។
បើប្រុសៗចាញ់យើង ត្រូវឲ្យប្រុសៗដណ្តឹងយើងជាស្រីវិញ”។
លុះគិតដូច្នេះហើយ ក៏នាំគ្នាទៅបបួលពួកប្រុសៗធ្វើភ្នំ
ចុះខ សន្យាភ្នាល់គ្នាដូចពោលមកហើយគេក៏បានចាត់មេកំណែន កេណ្ឌមនុស្សស្រីឲ្យបានច្រើន ឯខាងប្រុសក៏មានមេកំណែន
ដើកេណ្ឌប្រុសៗដូចគ្នា ហើយមេកំណែនទាំងពីរ
បាននិយាយនឹងគ្នាថា “យើងទាំងអស់គ្នាត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ ទើបឈប់ទាំងអស់ គ្នា
បើផ្កាយព្រឹកមិនទាន់រះមិនត្រូវឈប់ទេ។ គិតព្រមគ្នាដូច្នោះហើយ
ក៏នាំគ្នាជញ្ជូនដីរែក ទូលតាមស្ថានភាព រៀងខ្លួនទៅ”។
ពេលនោះជាពេលរាត្រី
ពួកស្រីៗ មានប្រាជ្ញាជញ្ជូនដីអស់វេលា ៣-៤ម៉ោងក៏នាំគ្នាបង្ហូតគោមតូចមួយយ៉ាងខ្ពស់ នៅជ្រុងឦសានភ្នំ
ពួកប្រុសៗក្រឡេកមើលទៅលើឃើញគោម ដែលស្រីបង្ហូតនឹងឫស្សីមួយដើមនោះ ស្មានថាផ្កាយព្រឹករះ
ក៏បបួលគ្នាឈប់ធ្វើការ នាំគ្នានិទ្រាលក់អស់គ្មានសល់ម្នាក់
ពួកស្រីៗក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះមែនទែនទើបឈប់។
ដល់មាន់រវាងកឺត ប្រុសៗភ្ញាក់ឡើង
ឃើញផ្កាយព្រឹករះក៏លាន់មាត់ថា “យើងទាំងអស់គ្នាខុសហើយ
ផ្កាយព្រឹក មែនទែនទើបតែនឹងរះសោះ”។
ហើយនាំគ្នាក្រឡេកមើលទៅភ្នំស្រី មានទំហំខ្ពស់ជាងភ្នំរបស់ខ្លួន ក៏មានសេចក្តីអៀនអន់ក្នុងចិត្តដោយចាញ់កលស្រីៗ។ តាំងពីកាលនោះមកប្រុសៗ ក៏មកដណ្តឹងស្រីៗ ធ្វើជាភរិយារហូតដល់សព្វថ្ងៃនេះ៕
Post a Comment