Header Ads

ថវិកាសរុប ៣៣,៣៣ លានយ៉េន ជាង ៥លានដុល្លារអាមេរិក ដើម្បីសាកល្បងគម្រោងកាត់បន្ថយភាពក្រីក្រ ​ក្រោម​ជំនួយហិរញ្ញប្បទាន​សហ​ប្រតិបត្តិការរបស់រដ្ឋាភិបាលចិន


​ខេត្តកណ្តាលៈ

ដោយ៖ យ៉ែម សុវត្ថារ៉ូ


 មជ្ឈមណ្ឌលសហគមន៍ ស្ថិតក្នុងបរិវេណសាលាឃុំស្វាយអំពារ ភូមិស្វាយអំពារ​ ឃុំស្វាយអំពារ​ស្រុកមុខកំពូល ខេត្ត​កណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

​លោក ភាគ សុធា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអានរបាយការណ៍ថា យោងតាមកិច្ចព្រមព្រៀងរវាងរាជរដ្ខាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងអភិវឌ្ឍន៍ និងរដ្ឋាភិបាលនៃសាធារណ​រដ្ឋប្រជាមានិតចិន គម្រោងសាកល្បងកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា អនុវត្តរយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ២០១៧-២០២០ មានថវិកាសរុប ៣៣,៣៣ លានយ៉េន ជាង ៥លានដុល្លារអាមេរិក ដើម្បីធ្វើសកម្មភាពផ្គត់ផ្គង់ទឹកស្អាត ការ ចិញ្ចឹម​សត្វ បណ្ដុះបណ្ដាលជំនាញ និងការសាងសង់មជ្ឈមណ្ឌលសហគមន៍ នៅក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល។


មជ្ឈមណ្ឌលសហគមន៍ ដែលកំពុងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ត្រូវសង់លើផ្ទៃដី ២០០ ម៉ែត្រការ៉េ មាន​កំពស់ ២ ជាន់។ សម្រាប់ជាន់ផ្ទាល់ដីមានបន្ទាប់ការិយាល័យ ២បន្ទប់ បន្ទប់ដាក់សម្ភារៈ១បន្ទប់ បន្ទប់ប្រជុំ ១បន្ទប់, បន្ទប់ស្នាក់នៅ ២បន្ទប់ និងបន្ទប់ទឹក២។ នៅជាន់ទី១ មានបន្ទប់ចង្រ្កានបាយ ១បន្ទប់ បន្ទប់ទឹក២ បន្ទប់អាហារ១ បន្ទប់ ព្រមទាំងអាចប្រើប្រាស់ជាបន្ទប់ប្រជុំ បណ្ដោះបណ្ដាល និងពិធីផ្សេងៗទៀត មានចំណុះ ១០០នាក់។ មជ្ឈម​មណ្ឌល​សហគមន៍នេះ សម្រាប់ប្រើប្រាស់ការងារប្រចាំថ្ងៃរបស់មន្រ្ដីភូមិ ឃុំ និងសហគមន៍ ក្នុងឃុំស្វាយអំពារ​ទាំង​មូល។
លោក  លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បាន​សម្ដែង​​ការអបអរសាទរ ចំពោះសមិទ្ធផលថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្ដីអនុវត្តគម្រោងនេះ និងកិច្ចសហប្រតិបត្តិ​ការ​ល្អរវាងចិន និងកម្ពុជា ដែលជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា នៅតំបន់ជនបទ និង ជា​ចំណងមិត្តភាពនៃប្រទេសទាំងពីរផងដែរ។ ឆ្នាំនេះជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត ចិន កម្ពុជា ហើយចិនសូមគាំទ្រ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស របស់កម្ពុជា។

​លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ការកាត់បន្ថយភាពក្រីក្រ គឺជាការងារសំខាន់ ដែលមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យអាទិភាព​​ស្របតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក៏ដូចជាផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ រយៈពេល៥ឆ្នាំ ២០១៩-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយផ្ដោតទៅលើវិស័យទាំង៤ រួមមាន ទី១ បន្តការស្ថាបនាជួស​ជុល​​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ គមនាគមន៍ និងសេវាសាធារណៈ គឺផ្ដោតសំខាន់លើការកសាងកែលម្អផ្លូវជនបទ ​ឲ្យក្លាយ​ជាផ្លូវក្រាលកៅស៊ូពីរជាន់ដែលអាចធន់និងការដឹកធ្ងន់ និងមានភាពធន់ទៅនិងការប្រែប្រួលអាកាសធាតុ ​ដើម្បីជម្រុញ​ផ្នែកសេដ្ឋកិច្ចសង្គម និងវប្បធម៌នៅតាមជនបទ។ ទី២ បន្តជំរុញលើកកម្ពស់សុខភាព ការអប់រំ ការរស់នៅរបស់ប្រជា​ពលរដ្ឋ ដើម្បីលើកកម្ពស់សុខភាពជនបទ ឈានទៅសម្រេចឲ្យបាននូវទស្សនវិស័យ នៃគោលនយោបាយរបស់ រាជ​រដ្ឋាភិបាល។

បន្ទាប់មក លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ប្រជាជន ក៏ដូចជារដ្ឋាភិបាលចិន ដែលតែងតែជួយដល់​ប្រជាពល​រដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដោយពុំមានខក្ខខ័ណ្ឌស្មុកស្មាញឡើយ។

ខណៈពេលនោះដែល គណអធិបតី បានអញ្ជើញកាត់ខ្សែបូរ៌សម្ពោធ ដាក់ឲ្យប្រើប្រាស់មណ្ឌលសហគមន៍ជាផ្លូវការ ព្រមទាំងចែកអំណោយជូនដល់ប្រជាពលរដ្ឋចូលរួម ៧៨០គ្រួសារ ដោយមួយគ្រួសារទទួលបាន ធុងទឹក១ និងកាធុន​ដាក់​ទឹក១ ព្រមទាំងបានអញ្ជើញពិនិត្យតាមបន្ទប់នៃអគារមជ្ឈមណ្ឌលផងដែរ៕

No comments

Powered by Blogger.