Header Ads

ឆ្នាំ២០២០ កម្ពុជាសង្ឃឹម ថា នឹងទទួលបានទីផ្សារទេសចរណ៍ ពីអាស៊ានប្រមាណជាង ៣,៥លាននាក់


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


អាស៊ានទាំង១០ប្រទេស ដូចជា ប្រទេសប្រ៊ុយណេ ប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ប្រទេស​ម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម ដែលមាន​ប្រជាជនសរុបប្រមាណជាង ៥៥០លាននាក់ គឺជាទីផ្សារដ៏សំខាន់ និងមានសក្តានុពលទី១សម្រាប់កម្ពុជា។

នៅឆ្នាំ២០១៥ អាស៊ានបានបញ្ចូលគ្នាទៅជាសហគមន៍តែមួយ ដែលធ្វើឲ្យប្រជាជនក្នុងសហគមន៍អាស៊ាននេះ ធ្វើដំណើរទេសចរណ៍ក្នុងតំបន់​អាស៊ាន ​បានដោយងាយ​ស្រួល និងចាំបាច់តម្រូវឲ្យមានទិដ្ឋាការរួម ជាមួយនឹង​មធ្យោ​បាយតភ្ជាប់ ការធ្វើដំណើរក្នុងតំបន់យ៉ាងរលូន ទាំងផ្លូវ​គោក ផ្លូវទឹក និងផ្លូវអាកាស ហើយទីតាំងភូមិ​សាស្ត្រ នៃប្រទេស​នីមួយៗ ក្នុងតំបន់អាស៊ានជាមួយកម្ពុជា ​គឺនៅ​ជិត​គ្នា។

ចលនាទេសចរណ៍ក្នុងតំបន់អាស៊ាន (Intra-ASEAN travel) និងមានសកម្មភាព​កាន់​​​តែខ្លាំង​ឡើងៗនៅឆ្នាំ​២០១៦  ដែលតំបន់នេះក្លាយទៅជា “សហគមន៍អាស៊ាន ឬសហគមន៍តែមួយ វាសនាតែមួយ” (One Community One Destiny) និង​សមាហរណកម្មអាស៊ាន ២០១៥ (ASEAN Ingration 2015) ដោយពេល​នោះ​មានការបើកទូលាយនូវការធ្វើសមាហរណកម្មរួមគ្នាលើគ្រប់វិស័យ។

នៅឆ្នាំ២០១៤ អាស៊ានទទួលបានទេសចរណ៍អន្តរជាតិចំនួន ១០៥ ០៤៦ ១២២នាក់ កើនឡើង ២,៨% ក្នុង​នោះ​​ការ​ធ្វើដំណើរក្នុងរង្វង់អាស៊ានមានរហូតដល់ ៣៧លាននាក់ ស្មើនឹង៥៥%។ ដោយឡែក ទេសចរណ៍មក​ទស្សនា​កម្ពុជាក្នុងឆ្នាំ២០១៤ មានប្រមាណជិត ២លាននាក់ ស្មើនឹង៤៤.២% នៃចំណែកទីផ្សារសរុប និងមាន​កំណើន​៨,៨% ក្នុងនោះទេសចរដែលមានចំនួនច្រើនគឺ មកពីប្រទេសវៀតណាម ឡាវ ថៃ ហ្វីលីពីន និងម៉ាឡេស៊ី។

ហេតុនេះហើយ វិស័យទេសចរណ៍អាស៊ានបាន នឹងកំពុងក្លាយជាកម្លាំងចលករ រួមចំណែកជំរុញកំណើន ទេសចរណ៍កម្ពុជា យ៉ាងឆាប់រហ័ស ដោយសារកិច្ចសហការគ្នាល្អនៃអាស៊ាន ក្នុងយុទ្ធសាស្ត្រទាក់ទាញទេសចរ “អាស៊ីអាគ្នេយ៍ ផ្តល់ភាពកក់ក្តៅ (Southeast Asia Feel ASEAN)”និង “សមាហរណកម្មអាស៊ាន ២០១៥ (ASEAN integration 2015)” ព្រមជាមួយយុទ្ធនាការផ្សព្វផ្សាយ (GO ASEAN)ដែលជំរុញ​ឲ្យមានកិច្ច​សហ​ប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងធុរកិច្ចក្នុងអាស៊ាន ធ្វើឲ្យអាស៊ានទទួលបានទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាអន្តរជាតិកាន់តែច្រើនទ្វេរឡើង។

នៅឆ្នាំ២០២០ កម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចរណ៍ពីអាស៊ានចំនួនប្រមាណជាង ៣,៥លាននាក់ ដែល​ពីប្រទេសវៀតណាម ចំនួន ១,៥លាននាក់ ថៃចំនួន ១លាននាក់ ឡាវចំនួន ៧០ម៉ឺននាក់ ម៉ាឡេស៊ីចំនួន ៣០ម៉ឺននាក់ ហ្វីលីពីនចំនួន ១៥ម៉ឺននាក់ សិង្ហបុរីចំនួន ១២ម៉ឺននាក់ និងឥណ្ឌូនេស៊ីចំនួន ១០ម៉ឺននាក់។

ដោយតំបន់អាស៊ាន ជាទីផ្សារដ៏មានសក្តានុពលធំសម្រាប់កម្ពុជា ព្រមទាំងជាច្រកទ្វារដ៏សំខាន់សម្រាប់ ទេសចរណ៍ប្រទេសទី៣ យើងត្រូវបង្កើតការផ្សព្វផ្សាយឲ្យបានខ្លាំងក្លា តាមគ្រប់រូបភាពទៅកាន់ទីផ្សារនេះ ពិសេសទីផ្សារដែលមានការតភ្ជាប់ជាមួយកម្ពុជាបច្ចុប្បន្ន ដូចជា វៀតណាម ថៃ ភូមា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី។

ចំពោះទីផ្សារទេសចរណ៍ ឥណ្ឌូនេស៊ី យើងត្រូវជំរុញឲ្យមានជើងហោះហើរ ត្រង់ពីទីក្រុងចាកាតា និងកោះបាលី​មកកាន់តំបន់វប្បធម៌អង្គរ ព្រះរាជាណាចក្រកម្ពុជា និងបង្កើនជើងហោះហើរផ្លូវអាកាស ដែលមានស្រាប់ឲ្យ​កាន់​តែច្រើន​បន្ថែមទៀត ជាមួយប្រទេសដទៃក្នុងតំបន់។

ក្រៅពីការតភ្ជាប់តាមផ្លូវអាកាសនេះ កម្ពុជាត្រូវតែជំរុញឲ្យកាន់តែមានភាពងាយស្រួល​ នូវការតភ្ជាប់ការធ្វើ​ដំណើរនឹងដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក។ ជំរុញការផ្សព្វផ្សាយ​ តាមរយៈការរៀបចំផលិតផល ខ្សែទស្សនកិច្ច​រួមជាមួយប្រទេសនីមួយៗ ពិសេសជាមួយប្រទេសក្នុងមហាអនុតំបន់មេគង្គ កម្ពុជា វៀតណាម ឡាវ ថៃ ដូចជា​ខ្សែ​ទស្សនកិច្ចមួយគោលដៅទេសចរណ៍ពីរ ឬបី (One Package Two/Three Destinations) ឬ​ប្រទេសពីរ​ឬបី គោលដៅទេសចរណ៍មួយ (Two/Three Countries One Destination)​និងជំរុញការផ្សព្វផ្សាយរួមគ្នា រវាង​ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

Two Kingdom One Destination តាមរយៈការរៀបចំសកម្មភាពផ្សេព្វផ្សាយ Roadshow រៀបចំសិក្ខា​សាលា​ស្តីពីសក្តានុពលទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ ការបង្កើតស្ថាន​តំណាង ទេសចរណ៍ការរៀបចំ FAM Trip សម្រាប់យុវជន អ្នកសារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍ ការ​សម្តែង​សិល្បៈរួមជាមួយប្រទេសក្នុងតំបន់ ការផ្សព្វផ្សាយតាមប្រព័ន្ធ media ក្នុងស្រុកនៃទីផ្សារទាំងនោះ ការ​ចូល​​រួមព្រឹត្តិការណ៍ទេសចរណ៍នានា និងលើកកម្ពស់ការផ្សព្វផ្សាយតាមគេហទំព័រអាស៊ាន និងគេហទំព័រ GO ASEAN ដែលផ្តួចផ្តើមឡើងដោយប្រទេសម៉ាឡេស៊ី៕

        

No comments

Powered by Blogger.