Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខ និងចែកអំណោយប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ៩០០គ្រួសារ នៅស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង

ដោយ៖ ឌឹម គឹមហាក់


រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង បាន នាំ​យកអំណោយទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ចំនួន ៩០០គ្រួសារ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅបរិវេនសាលាបឋមសិក្សាគោកបន្ទាយ ភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក សោម វិន អភិបាលស្រុករលាប្អៀរ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងគ្រួសារក្រីក្រ ដែលមកទទួលអំណោយនាពេលនេះ មាន ៩០០គ្រួសារ មកពី៧ ឃុំ ក្នុងស្រុករលាប្អៀរ ដូចជា ឃុំទឹកកហូត ១៥០គ្រួសារ ឃុំគោកបន្ទាយ ២០០គ្រួសារ ឃុំជ្រៃបាក់ ១០០គ្រួសារ ឃុំស្វាយជ្រុំ ១៥០គ្រួសារ ឃុំអណ្ដូងស្នាយ ១៥០គ្រួសារ,ឃុំជើងគ្រាវ ៥០គ្រួសារ ឃុំរលាប្អៀរ ១០០គ្រួសារ។​ក្នុងចំនួននេះមានគ្រួសារឥស្លាម ៣៣៧ គ្រួសារក៏បានទទួលអំណោយផងដែរ ។

លោក អ៊ុក រ៉ាប៊ុន​ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានពាំនាំនូវបណ្ដាំ ផ្ញើសួរសុខទុក្ខក្តីនឹករលឹក​ពីសំ​ណាក់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាស ជូនចំពោះប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងពីជ័យជំនះដ៏ត្រចះតរចង់ និងសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល ជាពិសេស​ក្នុង​រយៈពេល១០ឆ្នាំចុងក្រោយនេះ។ ជាមួយនេះ សម្ដេច នាយករដ្ឋមន្រ្ដី បានផ្ដល់លទ្ធភាពជូន ដល់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូរ ធ្វើការកែលម្អផ្លូវជនបទពីក្រាលក្រួសក្រហម ឲ្យ​ទៅជាផ្លូវក្រាលកៅស៊ូ ក្រៅពីនេះមានអង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀត បាននឹងកំពុងអនុវត្តកម្មវិធី និង គម្រោងផ្សេងៗទៀ ដូចជា ការផ្គត់ផ្គង់ទឹកស្អាត ផ្លូវ ថ្នល់ជាដើម។

លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាព ឱ្យបានល្អ ដោយបរិភោគទឹកស្អាត ត្រូវមើលថែទាំចាស់ជរា ជនពិការ និងកូនតូចៗ ឱ្យបានល្អ កុំឲ្យលង់ទឹក ត្រូវប្រុងប្រយ័ត្នចំពោះ​សត្វ​អាសិរពិស​គ្រប់ប្រភេទ ទិចឬខាំ។ ពេលទឹកស្រកទៅវិញ សូមធ្វើការសម្អាតបរិស្ថានឲ្យបានស្អាត បំបាត់​ទឹកដក់ សំរាមស្អុយរលួយ ដើម្បីជៀសវាងការកើតជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀត មក​យាយី ជាមួយគ្នានេះ ត្រូវនាំគ្នាឆាប់បង្កបង្កើនផល ​ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារឡើងវិញ។ លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម ដែលបានធ្វើសកម្មភាពមនុស្ស​ធម៌​ជាច្រើននៅ ខេត្តកំពង់ឆ្នាំង។

បន្ទាប់មកគណៈអធិបតី បានចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ និងគ្រួសារ​ក្រីក្រចំនួន ៩០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ស្ករស ២គីឡូក្រាម  ប្រេង​ឆា ១លីត្រ ត្រីខ ៤កំប៉ុង និងមី ១០កញ្ចប់ ដែលសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម​ទទួល​បាន​ពីសមាគមប៊ៃតុស្សារីកោះ នៃប្រទេសអារ៉ាប់៕ ​

No comments

Powered by Blogger.